ជនសង្ស័យចំនួន ៣នាក់ដែលជំនាញកាច់សោម៉ូតូ ដល់ថ្ងៃចុងក្រោយត្រូវនគរបាលជំនាញបង្ក្រាបឃាត់ខ្លួនបាន ចំណាត់ការនេះបានធ្វើឲ្យប្រជាពលរដ្ឋសាទរយ៉ាងពេញទំហឹងចំពោះស្នាដៃអធិការនគរបាលក្រុងថ្មី។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ អធិការនគរបាលក្រុងបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា÷ នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១នេះកម្លាំងជំនាញបានបានបង្ក្រាបមុខសញ្ញាកាច់សោ  ម៉ូតូជំនាញសកម្មចំនួន ៣នាក់ក្រោយពីបានធ្វើសកម្មភាពល្មើសច្បាប់ជាបន្តបន្ទាប់ និងករណីចុងក្រោយប្រព្រឹត្តម្តងទៀតនៅព្រលប់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១។

ជនសង្ស័យទាំង ៣នាក់មានឈ្មោះហែម សុខខេត ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិអណ្តូងប្រេង ឃុំក្រាំងលាវ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង, ឈ្មោះអ៊ុន បឿក ភេទប្រុស អាយុ ១៩ឆ្នាំ និងឈ្មោះហែម វណ្ណៈ ភេទប្រុស អាយុ ១៨ឆ្នាំ ទាំង ២នាក់ស្នាក់នៅផ្ទះជួលក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងការបង្ក្រាបនគរបាលដកហូតវត្ថុតាងបានមួយចំនួនរួមមាន: ម៉ូតូចំនួន ១គ្រឿងម៉ាក HONDA សេ១២៥ សេរីឆ្នាំ២០១៥ មួយគ្រឿងជារបស់ជនសង្ស័យជិះធ្វើសកម្មភាព, កាបូប    ក្រវ៉ាត់ចង្កេះចំនួន ២, ទូរស័ព្ទដៃ ៤គ្រឿង, កូនសោរម៉ូតូចំនួន ៧ គ្រាប់, ដង្កាប់ ១, កូនសោរមានរាងលេខ ៨ ចំនួន ១ និងសម្ភារៈផ្សេងៗមួយចំនួនទៀត។

ជនសង្ស័យ រួមទាំងវត្ថុតាងចំពោះមុខកំពុងរក្សាទុកនៅមូលដ្ឋានអធិការនគរបាលក្រុងបាត់ដំបង ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖ដំបងក្រញូង

Share.