យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់នៅក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា ដោយសង្ស័យថា មានជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារកំដៅឡើងខ្លាំង ខណៈប្រទេសនេះបានប្រយុទ្ធនឹងសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រាដ៏ខ្លាំងក្លា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤។

កាសែតហិណ្ឌូបានរាយការណ៍ថា ស្ត្រីអាយុ ៩០ឆ្នាំ និងបុរសអាយុ ៥៣ឆ្នាំម្នាក់បានស្លាប់នៅក្នុងរដ្ឋ Kerala កាលពីថ្ងៃអាទិត្យ ខណៈសីតុណ្ហភាពបានកើនឡើងដល់ ៤១.៩អង្សាសេ ពោលគឺឡើងជិត ៥.៥អង្សាសេលើសពីធម្មតា។

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ Shekhar Kuriakose បាននិយាយនៅក្នុងរដ្ឋធានី រដ្ឋ Thiruvananthapuram ថា «យើងមិនទាន់អាចបញ្ជាក់បានថា តើការស្លាប់ទាំងនេះដោយសាររលកកំដៅ ឬយ៉ាងណាទេ»។

សីតុណ្ហភាពនៅទូទាំងរដ្ឋ Kerala នៅចុងភាគខាងត្បូងនៃប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថា នឹងឡើងខ្ពស់ជាងធម្មតា ដែលបណ្តាលឱ្យអាជ្ញាធរចេញការព្រមានដោយសុំឱ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះកំដៅ ដោយស្នើឱ្យស្នាក់នៅក្នុងផ្ទះជាដើម។ នៅក្នុងរដ្ឋ Tamil Nadu ដែលនៅជិតខាងឯណោះវិញ អ្នកនយោបាយក្នុងស្រុកម្នាក់កំពុងចែកផ្លែឈើស្រស់ ផ្លែដូង និងភេសជ្ជៈត្រជាក់ៗ នៅក្នុងទីក្រុង Chennai ដល់ប្រជាជន។

នាយកផ្នែកសុខភាពសាធារណៈរបស់រដ្ឋ Odisha លោក Niranjan Mishra បាននិយាយថា នៅក្នុងរដ្ឋភាគខាងកើតនៃរដ្ឋ Odisha សីតុណ្ហភាពឡើងដល់ ៤៤.៩អង្សាសេកាលពីថ្ងៃអាទិត្យ ដែលជាកំណត់ត្រាខ្ពស់បំផុតក្នុងខែមេសា ដោយបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ២នាក់បានស្លាប់ដោយសារខ្យល់គរក្នុងរដូវក្តៅនេះ។

ដោយឡែកនៅប្រទេសជិតខាងបង់ក្លាដែស អាជ្ញាធរបានបិទសាលាបឋមសិក្សាទាំងអស់នៅទូទាំងប្រទេស និងស្ថាប័នអប់រំស្ទើរតែពាក់កណ្តាលនៃស្រុកជាថ្មីម្តងទៀត ខណៈដែលរលកកំដៅខ្លាំងបានធ្វើឱ្យសីតុណ្ហភាពកើនឡើងលើសពី ៤៣អង្សាសេកាលពីថ្ងៃចន្ទ។

សូមជម្រាបថា អ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យពិភពលោក ជួបប្រទះនឹងរលកកំដៅកាន់តែញឹកញាប់ កាន់តែធ្ងន់ធ្ងរ និងយូរជាងនេះក្នុងអំឡុងពេលរដូវក្តៅ។ ទាក់ទិននឹងបញ្ហានេះ នាយកដ្ឋានអាកាសធាតុរបស់ប្រទេសឥណ្ឌា បានព្យាករណ៍ថា រលកកំដៅនឹងកើតមាននៅចន្លោះខែមេសា និងខែមិថុនា៕

ប្រភព៖ CNA

Share.