ទីបំផុតទៅសេចក្ដីព្រាងវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត រួមមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ការបោះឆ្នោតក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បានឆ្លងផុតកិច្ចប្រជុំពិគ្រោះពិភាក្សារវាងតំណាងរាជរដ្ឋាភិបាល និងគណៈកម្មការជំនាញនៃរដ្ឋសភាហើយ។

នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានបើកកិច្ចប្រជុំជាមួយជាមួយប្រតិភូតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ទាំនោះ នៅមានរដ្ឋសភា។

ក្នុងកិច្ចប្រជុំនោះ សម្ដេចក្រឡាហោម បានធ្វើសេចក្ដីថ្លែងហេតុជូនគណៈកម្មការជំនាញរដ្ឋសភាអំពីការប្រតិបត្តិការតាមរដ្ឋធម្មនុញ្ញ ពិសេសការជ្រើសរើសមេដឹកនាំប្រទេស និងថ្នាក់ក្រោមជាតិ តាមរយៈការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទាំងការបោះឆ្នោតជាសកល និងអសកល ហើយពលរដ្ឋក៏បានឈរឈ្មោះឱ្យគេបោះឆ្នោត និងអញ្ជើញទៅបោះឆ្នោត។

បើតាមសម្ដេចឧបនាយករដ្ឋមន្រ្តី ដើម្បីជ្រើសរើសបាននូវអ្នកដឹកនាំល្អសម្រាប់ជាតិ ពលរដ្ឋដែលមានសិទ្ធិឈរឈ្មោះឱ្យការបោះឆ្នោត មិនត្រឹមតែត្រូវបំពេញឱ្យបានត្រប់លក្ខខណ្ឌដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់ត្រូវមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អរបស់ជាតិក្នុងសង្គមប្រជាធិបតេយ្យ។

សម្ដេចសង្កត់ធ្ងន់ថាដើម្បីពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយ រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការស្នើសុំធ្វើ វិសោធនកម្មច្បាប់បោះឆ្នោត សំដៅកែទម្រង់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ដោយតម្រូវឱ្យអ្នកមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ មាតុភូមិ និងប្រជាជន។

សម្ដេចបានបន្តថា«ត្រូវផ្ដើមចេញពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោតរបស់ខ្លួន ដោយចេញទៅបោះឆ្នោត ដែលនេះជាករណីកិច្ចចម្បងរបស់ពលរដ្ឋល្អ ដែលមានការទទួលខុសត្រូវខ្ពស់នៅក្នុងសង្គមប្រជាធិបតេយ្យ។ ក្នុងករណីដែលពុំបានអនុវត្តនូវសិទ្ធិបោះឆ្នោតដោយចេញទៅបោះឆ្នោត ដោយគ្មានមូលហេតុសមស្រប ពលរដ្ឋនោះមិនគួរគប្បីចាត់ទុកជាពលរដ្ឋល្អក្នុងសង្គម ប្រជាធិបតេយ្យ ដើម្បីអាចឈរឈ្មោះឱ្យគេបោះឆ្នោតបានឡើយ»។

បើតាមសេចក្ដីថ្លែងហេតុដដែល វិសោធនកម្មនេះក៏កំណត់ផងដែរថាបុគ្គលណាដែលធ្វើសកម្មភាពប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ក៏ដូចជាធ្វើសកម្មភាពប៉ះពាល់ ឬធ្វើឱ្យខូចខាតដល់កិច្ចដំណើរការនៃការបោះឆ្នោត ត្រូវប្រឈមនឹងការដកហូតជាបណ្តោះអាសន្ននូវសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ឬការហាមឃាត់មិនឱ្យចូលរួមនៅក្នុងការបោះឆ្នោត។

សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា« សំណើធ្វើវិសោធនកម្មនេះ ត្រូវបានធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏មិនធ្វើឱ្យប៉ះពាល់ឡើយដល់ សិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជានោះទេ។

បន្ទាប់បានស្ដាប់សេចក្ដីថ្លែងហេតុពីសម្ដេចក្រឡាហោម ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា និងគណៈកម្មការរដ្ឋសភាបានគាំទ្រសេចក្ដីព្រាងនេះទាំងស្រុក ហើយធ្វើរបាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ដើម្បីសម្រេចបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខដោយចាត់ទុកជាការប្រញាប់។

សូមបញ្ជាក់ថាដើមហេតុនាំឱ្យមានការវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោតយ៉ាងប្រញាប់ប្រញាល់បែបនេះ កើតមានឡើងបន្ទាប់ពីថ្នាក់ដឹកនាំ និងសកម្មជនគណបក្សភ្លើងទៀន មួយអន្លើដោយអតីតមេកើយនៅក្រៅប្រទេស បានព្យាយាមបំផុសចលនាមិនឱ្យពលរដ្ឋទៅបោះឆ្នោត ដោយផ្ដើមចេញពីថ្នាក់ដឹកនាំ សកម្មជន និងក្រុមអ្នកគាំទ្រគណបក្សខ្លួន។

មូលហេតុដែលនាំឱ្យមានចលនានេះ ក៏ដោយសារតែគណបក្សភ្លើងទៀន បានបាត់បង់សិទ្ធិចុះឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោត ដោយសារតែមិនបានបំពេញតាមនីតិវិធីនៃការចុះបញ្ជី ពោលគឺពុំមានឯកសារចុះបញ្ជីគណបក្សដែលចេញការបញ្ជាក់ដោយការិយាល័យច្រកចេញចូលតែមួយ ហើយទីបំផុតក៏ត្រូវបរាជ័យពេលព្យាយាមប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ។

សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកវិសោធនកម្មច្បាប់នេះថាការដេញជើងក្រុមប្រឆាំង ពិសេស អ្នកដែលត្រូវឈរជាបេក្ខជនសម្រាប់ការបោះឆ្នោតខាងមុខៗ ដូចជាការបោះឆ្នោតឃុំ សង្កាត់ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតព្រឹទ្ធសភាជាដើម ពោលគឺនឹងត្រូវអស់សិទ្ធិឈរឈ្មោះ បើមិនបានទៅបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០២៣នេះ៕

Share.