អត្តពលិក​​ហែលទឹក​កម្ពុជា ២រូប​មាន​ឈ្មោះ​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ប្រទេស​ជប៉ុន នៅ​សប្ដាហ៍​ក្រោយ ខណៈ​ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ ​និងដឹកជញ្ជូន និង ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក ​ផ្ដាំ​ផ្ញើ​លើក​ទឹក​ចិត្ត​ដល់​ ព្រម​ទាំង​ផ្ដល់​ជា​ថវិកា និង​សម្ភារៈ ជូន​ដល់​​គ្រូ​បង្វឹក និង​កីឡាករ កីឡាការិនី មុន​ចេញ​ដំណើរ​ទៅ​ផង​ដែរ។

លោក ហែម គីរី អគ្គលេខាធិការ តំណាង ឯកឧត្តម ស៊ុន ចាន់ថុល បាន​ធ្វើការ​ជួប​សំណេះសំណាល ​ជាមួយ​នឹង​គ្រូបង្វឹក និងកីឡាករ កីឡាការិនី ហែលទឹក​ជម្រើសជាតិ ដែល​ត្រៀម​ចេញ​ទៅ​ការប្រកួតកីឡាអូឡាំពិក​រដូវក្ដៅ នៅ​ក្នុងទីក្រុង តូក្យូ ប្រទេសជប៉ុន ដោយ​បាន​ធ្វើការ​ផ្តែផ្តាំ ពាំនាំ​នូវ​អនុសាសន៍​របស់ ឯកឧត្តម​ប្រធានសហព័ន្ធ សូមថែរក្សាសុខភាព ត្រូវតែ ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព និង​គោរព​តាម​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​ឲ្យ​បាន​ និង​គោលការណ៍​កីឡា។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​លើ​ហ្វេសប៊ុក​របស់​សហព័ន្ធ ព្រឹក​ថ្ងៃ​សុក្រ នេះ។

អត្ថបទពាក់ព័ន្ធ៖អត្តពលិក​កម្ពុជា ចេញ​ទៅ​ប្រកួត​អូឡាំពិក​នៅ​ប្រទេស​ជប៉ុន ​នៅ​ថ្ងៃ​អង្គារ សប្ដាហ៍​ក្រោយ

អត្តពលិក​កម្ពុជា ២រូប​ដែល​មាន​ឈ្មោះ​ចូលរួម​ប្រកួត​មាន កីឡាការិនីហែលទឹក ឃឿន ប៊ុនពេជ្រមរកត ហែល​ក្នុង​វិញ្ញាសា​ហែល​ទឹក​៥០ម៉ែត្រ​សេរី​នារី។ កីឡាករ​ហែលទឹក ហែម ប៉ុច ក្នុង​វិញ្ញាសា​ហែល​ទឹក​​៥០ម៉ែត្រ​សេរី​បុរស។ ចំណែក​លោក​ ហែម ពន្លឺ ជា​គ្រូ​បង្វឹក​ដឹកនាំ​ក្រុម។

ឯកឧត្តម​បាន​ផ្តាំ​ផ្ញើរ​ជូនពរ និង​លើកទឹកចិត្តដល់ កីឡាករ កីឡាការិនី ព្យាយាម​ប្រកួត​ឲ្យ​បាន​ លទ្ធផល​ល្អ​នៅ​ក្នុង​ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ លើកនេះ ហើយ ឯកឧត្តម ​បានផ្ដល់នូវ ថវិកា​ផ្ទាល់​ខ្លួន​ក្នុង​មួយ​នាក់ ៥០០$ រួមជា​មួយ​សំភារៈ​ប្រើប្រាស់​សម្រាប់ ​ចូលរួម​ប្រកួត​ និង​ថ្នាំ​ការពារ​ជំងឺ​ផ្ដាសាយ ដើម្បី​ទុក​សម្រាប់​កីឡាករ កីឡាការិនី ហែល​ទឹក​ជម្រើស​ជាតិ​ប្រើប្រាស់​នៅ​ពេល​ធ្វើដំណើរ​ទៅ​ចូលរួម​ការ​ប្រកួត​នា​ពេល​ខាង​មុខ​នេះ៕

Telegram-Troryorng
Share.