អត្តពលិក​កម្ពុជា ចំនួន​៣រូប​ គ្រូ​បង្វឹក​និង​ថ្នាក់ដឹកនាំ​ក្រុម នឹង​ចេញ​ដំណើរ​ទៅ​ប្រកួត​ក្នុង​​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក The Summer Olympics​ នៅ​ក្នុង​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន នៅ​ថ្ងៃ​អង្គារ សប្ដាហ៍​ក្រោយ នេះ ​ពោល​គឺ​មុន​ពិធី​បើក​រយៈពេល​៣ថ្ងៃ។

សម្រាប់​គ្រូ​បង្វឹក​ និង​កីឡាករ​ កីឡាការិនី​ហែលទឹក​ និង​អត្តពលកម្ម ជម្រើស​ជាតិ​​កម្ពុជា និង​ធ្វើ​ដំណើរ​​ចាកចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ព្រឹកថ្ងៃ​អង្គារ ទី​២០​ ខែ​កក្កដា​ ឆ្នាំ២០២១ វេលា​ម៉ោង​ ០៩:៣៥​ នាទី​ព្រឹក ឆ្ពោះ​ទៅ​កាន់​ប្រទេស​ជប៉ុន។

អត្តពលិក​កម្ពុជា​ទាំង​៣​រូប​នោះ​មាន កីឡាការិនីហែលទឹក ឃឿន ប៊ុនពេជ្រមរកត ហែល​ក្នុង​វិញ្ញាសា​ហែល​ទឹក​៥០ម៉ែត្រ​សេរី​នារី។ កីឡាករ​ហែលទឹក ហែម ប៉ុច ក្នុង​វិញ្ញាសា​ហែល​ទឹក​​៥០ម៉ែត្រ​សេរី​បុរស។ កីឡាករ​អត្តពលកម្ម ប៉ែន សុគង់ នឹង​រត់​​ល្បឿន​​ចម្ងាយ​១០០ម៉ែត្រ​បុរស។

ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​រដូវ​ក្តៅ​ ដែល​ធ្វើ​នៅ​រាជធានី​តូក្យូ នេះ​​មាន​​ការ​ចូលរួម​ពី​កីឡាករ​កីឡា​ការិនី ពី​ប្រទេស​/តំបន់​ចំនួន​២០៦ផ្សេង​គ្នា សរុប​ប្រមាណ​ជា​​១១,០០០​នាក់ លើ​ប្រភេទ​៣៣​កីឡា​និង​៣៣៩​វិញ្ញាសា។ ការ​ប្រកួត​គ្រោង​ចាប់​ធ្វើ​ពី​ថ្ងៃ​ទី២៣ ខែ​​កក្កដា ដល់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១។ ការ​ប្រកួត​នេះ​បាន​លើក​ពេល​ពី​ឆ្នាំ​២០២០ កន្លង​មក​ដោយ​សារ​ការ​ឆ្លង​នៃ​ជំងឺ​កូវីដ-១៩ ជុំ​វិញ​ពិភពលោក៕

Telegram-Troryorng
Share.