ភ្នំពេញៈ ក្រុមអ្នកលេញកាំបិតផ្គាក់១៣ នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីនាំគ្នា ប្រដាប់ដោយកាំបិតផ្គាក់ ចូលកាប់បំផ្លាញម៉ូតូ ១គ្រឿង ក្នុងផ្ទះគ្រួសាររងគ្រោះកាលពីវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី១៨ ខែមិថុនា កន្លងទៅថ្មីៗនេះ នៅចំណុចផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ភ្លាមៗនោះកម្លាំងល្បាតខណ្ឌពោធិ៍សែនជ័យ បានចុះអន្តរាគមន៍ ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន១៣ នាក់និងចាប់យកវត្ថុតាងកាំបិតផ្គាក់ ចំនួន ៤ ដើម ផងដែរ។ ក្រោយឃាត់ខ្លួនក្រុមក្មេងទំនើងទាំង ១៣ នាក់ បានសារភាពថា ពួកខ្លួនពិតជាធ្វើសកម្មភាព ប្រើអំពើហិង្សាចូលកាប់បំផ្លិចបំផ្លាញ ម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន ដោយសារកន្លងមក ពួកខ្លួនធ្លាប់មានទំនាស់ជាមួយក្មេងស្ទាវ មួយក្រុមផ្សេងទៀត ហើយធ្លាប់ឃើញក្រុមក្មេងស្ទាវទាំងនោះ ឧស្សាហ៍អង្គុយលេងក្នុងផ្ទះមួយនោះ និងឃើញម៉ូតូម្ចាស់ផ្ទះ ស្មានថាជាម៉ូតូរបស់ភាគីសត្រូវ ដែលមានទំនាស់ជាមួយពួកខ្លួន ក៏ចូលកាប់បំផ្លាញម៉ូតូនោះតែម្តង។

បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង ១៣ នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

Share.