ដោយមិនចំណាយពេលច្រើនក្នុងការពិភាក្សា សេចក្ដីព្រាងវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោតដែលមានគោលដៅកែទម្រង់ សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់អ្នកនយោបាយទាំងកម្រិតជាតិ និងមូលដ្ឋាន ត្រូវបានរដ្ឋសភាអនុម័តដោយសំឡេង១១១ ក្នុងចំណោមសមាជិកសភា អញ្ជើញចូលរួមប្រជុំក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សរុបចំនួន១១១នាក់ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ។

គួរកត់សម្គាល់ថា ច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោតដែលត្រូវបានធ្វើវិសោធនកម្មរួមមាន ច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

សេចក្តី​ព្រាង​​ច្បាប់​​ស្តីពីវិសោធនកម្មច្បាប់ពាក់ព័ន្ធបោះឆ្នោត បានកំណត់ជាពិសេស​សម្រាប់​បុគ្គលដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវតែបានចូលរួមបោះ​ឆ្នោតក្នុងព្រឹត្តិការណ៍បោះឆ្នោតនានា នៅមុនអាណត្តិដែលខ្លួនឈរឈ្មោះឱ្យ​គេ​បោះឆ្នោត និងបាន​កំណត់ពីការផាកពិន័យ និងដាក់ទោសដល់បុគ្គល ដែលរំខាន និងរារាំងដំណើរ​ការ​ចុះបញ្ជីឈ្មោះបោះឆ្នោត ក៏ដូចជាការរំខាន រារាំង ឬអុកឡុកការបោះឆ្នោត​។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលទទួលដឹកនាំធ្វើសេចក្ដីព្រាងវិសោធណកម្មច្បាប់នេះ បានការពារ​វិសោធនកម្មនេះថាធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញ​ ពិសេសត្រង់មាត្រាចែងថាបទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះ​ឱ្យគេបោះ​ឆ្នោតត្រូវកំណត់​ក្នុងច្បាប់ ហើយថាសម្រាប់ពលរដ្ឋទូទៅ ការទៅឬមិនទៅបោះឆ្នោតគឺជាសិទ្ធិ។

បន្ទាប់ពីសេចក្ដីព្រាងច្បាប់ត្រូវបានរដ្ឋសភាអនុម័ត សម្ដេចក្រឡាហោម បានថ្លែងអំណរគុណអង្គសភា និងអះអះអាងថាច្បាប់នេះ នៅពេលចូលជាធរមាននឹងក្លាយជាមូលដ្ឋានគតិយុត្តិមួយដ៏រឹងមាំក្នុងការលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលបានចរិកនៅក្នុងរដ្ឋធម្មនុញ្ ញជាពិសេសការពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកនយោបាយទាំងថ្នាក់ជាតិ និងក្រោមជាតិ។

សម្ដេច ស ខេង បានបន្ថែមទៀតថា«ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្ដែងការប្ដេជ្ញាចិត្តថានឹងយកច្បាប់នេះទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ រួមសហការអនុវត្តឱ្យមានប្រសិទ្ធភាពជាមួយស្ថាប័នដែលមានការពាក់ព័ន្ធទៅតាមមុខងារ និងភារកិច្ចរៀងៗខ្លួនដែលមានកំណត់ក្នុងច្បាប់ដើម្បីជាឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា នៅក្រោយពេលដែលច្បាប់នេះបានចូលជាធរមាន»៕

Share.