លោក បណ្ឌិត សូ ណារ៉ូ

លោក បណ្ឌិត សូ ណារ៉ូ បានផ្ដល់គំនិតជូនលោក កឹម សុខា ឱ្យប្រកាសផ្ដាច់ខ្លួនពីក្រុមប្រឆាំងដឹកនាំដោយលោក សម រង្ស៊ី ហើយចូលមករួមរស់ជាមួយរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិrfi កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ លោកបណ្ឌិត សូ ណារ៉ូ បានទាញយកករណីលោក អៀង ម៉ូលី មកធ្វើជាអំណះអំណាងជូនលោក កឹម សុខា ពិចារណា។

គួរកត់សម្គាល់ថា លោកបណ្ឌិត​ សូ ណារ៉ូ បានភៀសខ្លួនទៅក្រៅប្រទេសជាង១១ឆ្នាំ ក្រោមហេតុផលដែលលោកអះអាងថាបានទទួលរងភាពអយុត្តិធម៌ក្នុងពេលបម្រើការងារក្នុងជួររាជរដ្ឋាភិបាល។ នៅក្រៅប្រទេស លោក សូ ណារ៉ូ បានប្រើវោហារសព្ទរិះគន់រាជរដ្ឋាភិបាលខ្លាំង និងហាក់បង្ហាញភាពស៊ីចង្វាក់គ្នាច្រើនជាមួយក្រុមប្រឆាំង មុនពេលលោកសម្រេចចិត្តវិលមករួមរស់ជាមួយរាជរដ្ឋាភិបាលវិញកាលពីពេលថ្មីៗនេះ។

ចំណែក លោក អៀង ម៉ូលី បានចូលរួមរស់ជាមួយរាជរដ្ឋាភិបាល មានឋានៈជាទេសរដ្ឋមន្រ្តីទទួលបន្ទុកប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ លោកជាឥស្សរជនធ្លាប់ដើរលើវិថីនយោបាយជាមួយលោក សឺន សាន និងជាភាគីហត្ថលេខីមួយរូបនៃកិច្ចព្រមព្រៀងក្រុងប៉ារីស។ លោក កឹម សុខា ក៏ជាអ្នកដុះដាលជីវិតការងារ និងនយោបាយជាមួយលោក សឺន សាន រហូតគេចាត់ទុកថាជាអ្នកនយោបាយ សឺន សាន និយមទៀតផង។

លោក អៀង ម៉ូលី

លោកបណ្ឌិត សូ ណារ៉ូ បានបង្ហាញសុទិដ្ឋិនិយមថាលោក កឹម សុខា នឹងអាចត្រូវបានលើកលែងការចោទប្រកាន់ និងមានសេរីភាពឡើងវិញ ដោយលោកសំអាងលើការវិវត្តន៍ចុងក្រោយ ពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលបានប្រកាសឱ្យអ្នកនយោបាយប្រឆាំងកំពុងជាប់ក្ដីនៅតុលាការទាំងអស់ផ្ដាច់ខ្លួនចេញពីលោក សម រង្ស៊ី ពោលគឺមានតែលោក សម រង្សី មួយគត់ដែលរាជរដ្ឋាភិបាលមិនអាចលើកលែងទោសឱ្យបាន។

ជុំវិញករណី លោក កឹម សុខា លោកបណ្ឌិត សូ ណារ៉ូ បានលើកឡើងថា«សម្ដេចតេជោលោកថានរណាក៏ដោយឱ្យតែផ្ដាច់ខ្លួនចេញពីចលនានយោបាយជ្រុលនិយម ចលនានយោបាយចងអាឃាដខ្មែរ​ បំបែកបំបាក់ខ្មែរ គឺលោកអាចទទួលលើកលែងការចោទប្រកាន់ទាំងអស់។ អ៊ីចឹងខ្ញុំថាជាឱកាសប្រវត្តិសាស្រ្តមួយ លោក កឹម សុខា គួរតែផ្ដាច់ខ្លួនចេញពីចលនាជ្រុលនិយមហ្នឹង ហើយរៀនសូត្រពីគំនិតលោក អៀង ម៉ូលី»។

និយាយដល់លោក អៀង ម៉ូលី លោកបណ្ឌិតបន្ថែមថា«យើងដឹងហើយ លោក អៀង ម៉ូលី ពីដើមក៏ដើរតាមចលនាលោកតា សឺន សាន ដូចលោក កឹម សុខា ដែរ ហើយលោក អៀង​ ម៉ូលី បានចូលរាជរដ្ឋាភិបាល ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីពង្រឹងកម្លាំងធាតុរបស់ខ្មែរ ចូលរួមកសាងការពារជាតិខ្មែរយើង ប្រសើរជាងការឈរមើលពីចំងាយ និងវាយប្រហារដោយខ្វះការពិតច្រើន»។

សូមរម្លឹកថា សាលាដំបូងរាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានប្រកាសសាលក្រមផ្ដន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគារចំនួន ២៧ឆ្នាំ ក្នុងសំណុំរឿងគប់គិតជាមួយរដ្ឋបរទេសចង់ផ្ដួលរំលំរដ្ឋាភិបាល។ លោក កឹម សុខា មិនត្រូវបានឃុំខ្លួននៅពន្ធនាគារនោះទេ ដោយអនុវត្តទោសនៅគេហដ្ឋាន និងត្រូវបានហាមឃាត់មិនឱ្យជួបជនទាំងឡាយក្រៅពីមេធាវី និងគ្រួសារ។

មែនទែនទៅ លោក កឹម សុខា បានប្រកាសលើបណ្ដាញសង្គម និងតាមរយៈមេធាវីម្ដងហើយម្ដងទៀតក្នុងន័យបង្ហាញការមិនគាំទ្រឡើយ រាល់ក្រុមទាំងឡាយណា ពិសេសអ្នកនយោបាយអតីតគណបក្សសង្គ្រោះជាតិមួយចំនួន ដែលមានចេតនាបង្កចលាចលក្នុងសង្គម បំផុសឱ្យពលរដ្ឋធ្វើសកម្មភាពខុសច្បាប់ ពិសេសការផ្ដួលរំលំរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ លោកថែមទាំងបានចូលរួមពិធីបុណ្យសពសាច់ញាតិសម្ដេចតេជោទៀតផង។

កន្លងមក សម្ដេចតេជោ ក៏ធ្លាប់បង្ហាញសមាណចិត្តចំពោះលោក កឹម សុខា ដែរ ប៉ុន្តែសម្ដេចបានបង្ហាញការពេញចិត្តឡើយនៅពេលបណ្ដាអង្គទូតលោកខាងលិចមួយចំនួនហាក់បង្ហាញឥរិយាបទការទូតមិនឱ្យតម្លៃរាជរដ្ឋាភិបាល​លើករណីប្ដឹងចោទប្រកាន់លោក កឹម សុខា។ សម្ដេចកាន់តែមិនអាចទទួលយកបាននៅពេលរដ្ឋបរទេសមួយចំនួន បានជ្រៀតជ្រែកកិច្ចផ្ទៃក្នុងកម្ពុជាក្នុងករណីលោក កឹម សុខា ទៀតង។

យ៉ាងណាក៏ដោយ របត់នយោបាយចុងក្រោយនៅកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ចេះតែមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ។ តើលោក កឹម សុខា នឹងប្រកាសទទួលស្គាល់ទោសកំហុស? តើលោក កឹម សុខា នឹងសុំចុះចូលរាជរដ្ឋាភិបាល ឬគ្រាន់តែសុំការលើកលែងទោស ហើយបង្កើតបក្សនយោបាយថ្មី? ចម្លើយមានតែរង់ចាំតាមដានបន្តទៀត៕

Share.