សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសកំណត់យកថ្ងៃចន្ទ ទី២៨ ខែសីហា​ ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការស្បថចូលកាន់មុខតំណែងរបស់សមាជិករដ្ឋសភាអាណត្តិទី៧ ហើយនៅថ្ងៃទី២៩ ខែសីហាដដែល ជាកាលបរិច្ឆេទនៃការស្បថចូលកាន់មុខតំណែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។ សម្ដេចបានសង្កត់ធ្ងន់ថាការណ៍នេះ អាចធ្វើទៅបានប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

ថ្លែងនាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចបានអះអាងថាលទ្ធភាពអនុវត្តតាមកាលបរិច្ឆេទដែលបានប្រកាសនេះ ក៏អាចធ្វើបានប្រសិនបើគ្មានការបោះឆ្នោតឡើងវិញនៅកន្លែងណាមួយ ស្របពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានដោះស្រាយតាមនីតិវិធីនូវរាល់បណ្ដឹងឬការតវ៉ាពាក់ព័ន្ធនឹងការបោះឆ្នោត ហើយបញ្ហានេះក៏ត្រូវបានដោះស្រាយតាមផ្លូវច្បាប់ដោយក្រុមប្រឹក្សាធម្មនុញ្ញ។ សម្ដេចបន្ថែមថា«ក្នុងរកណីគណបក្សប្រជាជនកម្ពុជាឈ្នះ ខ្ញុំមានភារកិច្ចដើម្បីរៀបចំ ប៉ុន្តែក្នុងករណីគណបក្សដទៃឈ្នះទុកឱ្យគេរៀបចំទៅ»។ សម្ដេចអះអាងថាកាលបរិច្ឆេទនោះចំខែខ្នើត ខ្មែរមានជំនឿថាជាថ្ងៃល្អ។

មាត្រា១៩ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ ចែងថាព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្រ្តី និងទ្រង់តែងតាំងគណៈរដ្ឋមន្រ្តី តាមបែបបទដែលមានចែងក្នុងមាត្រា១១៩ថ្មី(ពីរ)។ មាត្រា១១៩ថ្មី (ពីរ) ចែងថាតាមសេចក្ដីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវីរជនមួយរូបជានាយករដ្ឋមន្រ្តី ឱ្យបង្កើតរាជរដ្ឋាភិបាល។ មាត្រានេះបន្តថា វីរជននោះ ត្រូវនាំសហការីជាតំណាងរាស្រ្ត ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភាដែលផ្គូផ្គងឱ្យកាន់តំណែងនានាក្នុងរាជរដ្ឋាភិបាលទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភា។

មាត្រា១១៩ក៏បានកំណត់ដែរថា កាលបើរដ្ឋសភាបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីទាំងមូល ហើយត្រូវធ្វើសច្ចាប្រណិធាន។ ចំណែកសមាជិកសភាជាប់ឆ្នោតក៏ដូចគ្នាដែរ។ បន្ទាប់ពីបានបោះឆ្នោតរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនរដ្ឋសភារួចរាល់ហើយនោះ ថ្នាក់ដឹកនាំ និងសមាជិកសភាទាំងអស់ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់មុខតំណែង​។ តាមច្បាប់ នីតិវិធីបោះឆ្នោតរៀបចំក្បាលម៉ាស៊ីនរចនាសម្ព័ន្ធរដ្ឋសភា ត្រូវធ្វើឡើងរួចជាស្រេចមុនបន្តនីតិវិធីរៀបចំគណៈរដ្ឋមន្រ្តីថ្មី៕

Share.