សិល្បៈ​ជាតិ​៖ លោក​ អូលីវ៉ា គង់​ កំពូល​អ្នក​រចនា​ម៉ូដ​ និង​ជា​គ្រូ​បង្វឹក​ដើរ​ម៉ូដ​ដ៏​លេច​ធ្លោ​មួយ​រូប​នៅ​ក្នុង​វិស័យ​ហ្វេសសិន​ កំពុង​តែ​មមាញឹក​យ៉ាង​ខ្លាំង​ ​ព្រោះ​ក្រោយ​សម្រេច​បាន​យ៉ាង​​ជោគជ័យ​នៃ​កម្មវិធី​​ដើរ​បង្ហាញ​ម៉ូដ​ បែប​សហសម័យ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ វប្បធម៌​ អរិយធម៌​ខ្មែរ​ ១០០​ឈុត​ កាល​ពី​ពេល​ថ្មីៗ​នេះ ​​​​លោក​ ​កំពុង​​ត្រៀម​​ស្នាដៃ​ច្នៃ​​​ម៉ូដ​ថ្មី​ជា​បន្ត​ទៀត​ ​​ដើម្បី​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ Milan Fashion Week 2023 ​តប​តាម​ការ​អញ្ជើញ​​នៃ​កម្មវិធី​។

កម្មវិធី​បង្ហាញ​ម៉ូដ​ ដើរ​ម៉ូដ​ និង​ច្នៃ​ម៉ូដ​កម្រិត​អន្តរជាតិ​​ដ៏​ធំ​ International Fashion Show នៅ​ទីក្រុង​ Milan ប្រទេស​អ៊ីតាលី ​ដែល​លោក អូលីវ៉ា គង់​ ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​នោះ​ ​​នឹង​រៀប​ចំ​​ឡើង​ចាប់​ពី​ថ្ងៃ​ទី​24 ខែ​ កញ្ញា​ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៣ ​ខាង​មុខ​នេះ​។

ឆ្លើយ​តប​មក​កាន់​សារព័ត៌មាន​ត្រយង​តាម​រយៈ​សារ​អេឡិចត្រូនិក អ្នក​ច្នៃ​ម៉ូដ​និង​គ្រូ​បង្វឹក​ដើរ​ម៉ូដ​ដ៏​មាន​ឥទ្ធិពល​រូប​នេះ​បាន​ទម្លាយ​ឱ្យ​ដឹង​ថា​ លោក​បាន​ត្រៀម​ស្នាដៃ​ច្នៃ​​ឈុត​បែប​ហ្វេសសិនចំនួន ១៦​ឈុត​​យក​ទៅ​​បង្ហាញ​នា​ឱកាស​នោះ​។ លោក អូលីវ៉ាគង់​ ឬ​មាន​ឈ្មោះ​កំណើត​ ម៉ែន សីហា ​បាន​បង្ហាញ​ពី​ក្ដី​រំភើប​ដែល​​រូប​លោក​ត្រូវ​បាន​កម្មវិធី​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​នាម​ជា​ Designer មួយ​រូប​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​។ ការ​ចូលរួម​​លើក​នេះ​ត្រូវ​បាន​សាមី​ខ្លួន​គូស​បញ្ជាក់​ថា​គឺ​ជា​រឿង​ដ៏​រីករាយ​និង​ជា​មោទនភាព​មួយ​សម្រាប់​ប្រជាជាតិ​ទាំង​មូល​ ដែល​​វិស័យ​ហ្វេសសិន​នៅ​កម្ពុជា​ កំពុង​តែ​មាន​ការ​អភិវឌ្ឍ​ទៅ​មុខ​ ​អាច​បញ្ជ្រាប​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​បាន​។ ​​​​​​​

​លោក​ អូលីវ៉ា គង់​ ​ក្រៅ​ពី​ចូលរួម​នៅ​ក្នុង​កម្មវិធី​ Milan Fashion Week នា​ប្រទេស​អ៊ីតាលី​ហើយ​នោះ​ លោក​ក៏​​ត្រូវ​​ចូលរួម​នៅ​ក្នុង​កម្មវិធី​ការ​ច្នៃម៉ូដ​និង​ដើរ​ហ្វេសសិន​នៅ​ប្រទេស​វៀតណាម​នា​ថ្ងៃ​ទី​៥ ខែ​សីហា​ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ​​ផង​ដែរ​៕

Share.