ឧស្សាហកម្មសណ្ឋាគារ នៅទីក្រុងហូជីមិញ កំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ខណៈសណ្ឋាគារជាច្រើននៅក្នុងទីក្រុង បានប្រកាសដាក់លក់ឡៃឡុងក្នុងតម្លៃទាប និង មានខ្លះទៀតបានបិទទ្វារ ចំពេលមានវិបត្តិសេដ្ឋកិច្ចដែលកំពុងបន្ត គួបផ្សំនឹងទីផ្សារទេសចរណ៍បានធ្លាក់ចុះយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnamnews នាថ្ងៃថ្ងៃ ពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។

ឈ្មួញកណ្តាលអចលនទ្រព្យពាណិជ្ជកម្ម ក្នុងស្រុកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា «យើងកំពុងឃើញការកើនឡើងគួរឲ្យកត់សម្គាល់នៃចំនួនសណ្ឋាគារដែលដាក់លក់ក្នុងរយៈពេល២ខែកន្លងមកនេះ»។

សណ្ឋាគារនីមួយៗនៅស្រុក Tân Bình ត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល ២៥ពាន់លានដុង ស្មើនឹង (១.០៦លានដុល្លារអាមេរិក) ខណៈសណ្ឋាគារដែលមានទីតាំងនៅផ្លូវ Bùi Thị Xuân ត្រូវបានដាក់លក់ក្នុងតម្លៃ ១៧៥ពាន់លានដុង ស្មើនឹង (៧.៤២លានដុល្លារ)។

កាលពីខែឧសភា សណ្ឋាគារលំដាប់ផ្កាយបី ដែលមានទីតាំងនៅផ្លូវធំក្នុងសង្កាត់លេខ១ ត្រូវបានដាក់លក់ក្នុងតម្លៃ ២៧០ពាន់លានដុង ជាមួយនឹងការបញ្ចុះតម្លៃដែលអាចចរចារបានសម្រាប់អ្នកហ៊ានទិញ។

លោក Nguyễn Văn Đính អនុប្រធានសមាគមអចលនទ្រព្យវៀតណាម បាននិយាយថា «ម្ចាស់សណ្ឋាគារជាច្រើននៅក្នុងទីក្រុង ជាពិសេសសណ្ឋាគារខ្នាតតូច និងមធ្យម កំពុងលក់សណ្ឋាគាររបស់ពួកគេក្នុងអត្រាតម្លៃទាបជាងយ៉ាងខ្លាំង ដើម្បីរក្សាលំហូរសាច់ប្រាក់របស់ពួកគេ ខណៈដែលសណ្ឋាគារផ្សេងទៀតកំពុងបានបិទទ្វារជាបន្ដបន្ទាប់ ព្រោះតែមិនលំបាកក្នុងការចំណាយ ដូចជា៖ ថ្លៃអគ្គិសនី ទឹក ប្រាក់ឈ្នួលបុគ្គលិក និង ពន្ធអចលនទ្រព្យផ្សេងៗ។

សណ្ឋាគារជាច្រើនបានបិទ ឬផ្អាកប្រតិបត្តិការ រួមទាំងសណ្ឋាគារ Norfolk ក្នុងតំបន់លេខ១ ក៏ត្រូវបានបិទបន្ទាប់ពីប្រតិបត្តិការអស់រយៈពេល ៣០ឆ្នាំ។

អ្នកស្រី Nguyễn Hoàng Như Thảo តំណាងរបស់សណ្ឋាគារ Wink Hotel នៅទីក្រុងហូជីមិញ បាននិយាយថា «សណ្ឋាគារកំពុងជួបការលំបាកក្នុងការចំណាយ រាប់ចាប់ពីវិក្កយបត្រអគ្គិសនី និងទឹក រហូតដល់ប្រាក់ឈ្នួលសម្រាប់បុគ្គលិក និងពន្ធអចលនទ្រព្យ»។ អ្នកស្រី បន្ដថា «សណ្ឋាគារជាច្រើនដែលមានអត្រាស្នាក់នៅទាប ត្រូវបានកាត់បន្ថយប្រតិបត្តិការ ឬស្វែងរកមធ្យោបាយដើម្បីយកដើមទុនរបស់ពួកគេមកវិញ»។

ទន្ទឹមនោះ លោក Nguyễn Hữu Thiện នាយកសាជីវកម្ម Sabay Home Investment បានមានប្រសាសន៍ថា ម្ចាស់សណ្ឋាគារខ្នាតតូច និងមធ្យម បានសម្រេចចិត្តលក់សណ្ឋាគាររបស់ពួកគេក្នុងអត្រាទាបយ៉ាងខ្លាំង ដើម្បីរក្សាលំហូរសាច់ប្រាក់របស់ពួកគេ។ លោក​បន្ត​ថា ចាប់​តាំង​ពី​ខែ​មុន ម្ចាស់សណ្ឋាគារ​ជា​ច្រើន​បាន​បញ្ចុះ​តម្លៃ​លក់​រហូត​ដល់ ៣០ភាគរយ ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

លោក Hữu Thiện បានបន្ថែមថា ម្ចាស់សណ្ឋាគារមួយចំនួននៅផ្លូវ Cong Hòa ក្នុងស្រុក Tân Binh បានបញ្ចុះថ្លៃលក់បន្តិចម្តងៗពី ១២០ពាន់លានដុង មក ១០០ពាន់លានដុង ពី ៩៥ពាន់លានដុង មក ៩០ពាន់លានដុង ហើយបច្ចុប្បន្នមានការបញ្ចុះតម្លៃនៅសល់ ៨៥ពាន់លានដុង ប៉ុន្តែនៅតែមិនទាន់រកឃើញអ្នកព្រមទិញនៅឡើយ។

បន្ថែមពីនោះ លោក Trang Minh Ha ក្រុមហ៊ុន North Stars Asia Company បានលើកឡើងដែរថា «ក្នុងទីក្រុងប្រឈមជាមួយបញ្ហាពិបាកទាក់ទាញភ្ញៀវបរទេស ខណៈដែលអ្នកទេសចរក្នុងស្រុកកំពុងចំណាយប្រាក់កាន់តែប្រុងប្រយ័ត្ន ដោយសារតែកត្តាគសេដ្ឋកិច្ច»។

យោងតាមរបាយការណ៍របស់ Savills Vietnam បានឲ្យដឹងថា ទីផ្សារសណ្ឋាគារនៅក្នុងទីក្រុងហូជីមិញ ត្រូវបានគេរំពឹងថានឹងមានបញ្ហាប្រឈមជាបន្ដបន្ទាប់ចាប់តាំងពីឆ្នាំ២០២០-២០២១ ហើយអាចនឹងជួបបញ្ហារហូតដល់ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ពីនាយកដ្ឋានទេសចរណ៍ទីក្រុងហូជីមិញ គិតត្រឹមដំណាច់ឆ្នាំកន្លងទៅ ទីក្រុងនេះមានកន្លែងស្នាក់នៅចំនួន ៣,២២៧ប្រភេទ ដែលមានជាង ៦៥,០០០បន្ទប់ ក្នុងនោះមានសណ្ឋាគារចំនួន ៣២៥កន្លែង (ចាប់ពីផ្កាយមួយដល់ផ្កាយប្រាំ) បើធៀបនឹងកន្លែងស្នាក់នៅចំនួន ១,៣៤២ប្រភេទ នៅមុនឆ្នាំ ២០១៩។

សណ្ឋាគារប្រហែល ២០កន្លែង ដែលភាគច្រើននៅក្នុងសង្កាត់លេខ១ បានបិទទ្វារ ឬ ផ្អាកប្រតិបត្តិការ ផ្លាស់ប្តូរម្ចាស់ ឬផ្លាស់ប្តូរគំរូអាជីវកម្ម។

បើតាមរបាយការណ៍ របាយការណ៍ពីនាយកដ្ឋានទេសចរណ៍ទីក្រុងហូជីមិញ បានឲ្យដឹងថា ទីក្រុងនេះបានទាក់ទាញភ្ញៀវទេសចរចំនួន ១១.៩លាននាក់ ក្នុងរយៈពេល ៤ខែដំបូង ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិជាង ១.៣លាននាក់។ ឆ្នាំនេះគេបានកំណត់គោលដៅស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៥លាននាក់ នៅឆ្នាំនេះ និងភ្ញៀវទេសចរក្នុងស្រុកចំនួន ៣៥លាននាក់ ជាមួយនឹងប្រាក់ចំណូលសរុបចំនួន ១៦០ពាន់ពាន់លានដុង៕

ប្រភព៖ Vietnamnews

Share.