នាយកដ្ឋាននគរបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃអង្គារ សប្ដាហ៍នេះថា ជនសង្ស័យម្នាក់ទៀតនៅក្នុងករណីនៃ «អំពើភេរវកម្មដែលមានបំណងប្រឆាំង នឹងរដ្ឋបាលប្រជាជន» នៅក្នុងខេត្ត Dak Lak ត្រូវបានដាក់ក្នុងបញ្ជីតាមចាប់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន VN Express នាថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០២៣។

ជនសង្ស័យឈ្មោះ អ៊ី ហួល អេបៀន (Y Hual Eban) កើតឆ្នាំ១៩៧០ និងមានទីលំនៅភូមិ Map ឃុំ Ea Pok ស្រុក Cu M’gar ប្រទេសវៀតណាម។

កាលពីថ្ងៃទី៣ ខែកក្កដា នគរបាលខេត្ត Dak Lak បានបើកការស៊ើបអង្កេតជាផ្លូវការ លើរូបលោក ក្រោមបទចោទប្រកាន់ «អំពើភេរវកម្ម មានបំណងប្រឆាំងនឹងរដ្ឋបាលប្រជាជន» តាមក្រមព្រហ្មទណ្ឌ។

កាលពីថ្ងៃទី១១ ខែមិថុនា ជនប្រដាប់អាវុធ២ក្រុម បានវាយប្រហារទីស្នាក់ការគណៈកម្មាធិការប្រជាជននៃឃុំ Ea Tieu និងឃុំ Ea Ktur ដែលជាទីស្នាក់ការប៉ូលិសឃុំ នៅក្នុងស្រុក Cu Kuin ដោយបានសម្លាប់មន្ត្រីនគរបាល និងជនស៊ីវិលចំនួន ៩នាក់។

នៅថ្ងៃទី២៣ ខែមិថុនា ភ្នាក់ងារស៊ើបអង្កេតរបស់នគរបាលខេត្ត Dak Lak បានចេញសេចក្តីសម្រេចស្តីពីការចាប់ផ្តើមដំណើរការផ្លូវច្បាប់ប្រឆាំង និងការឃុំខ្លួនជនសង្ស័យចំនួន ៧៥នាក់ បណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទភេរវកម្ម។

ក្រុមមន្រ្តីក៏បានចាប់ផ្តើមដំណើរការផ្លូវច្បាប់ ប្រឆាំងនឹងមនុស្ស៧នាក់ ពីបទ «មិនរាយការណ៍ឧក្រិដ្ឋជន ឬ លាក់បាំងឧក្រិដ្ឋជន» និងមួយទៀតពីបទ «ការរៀបចំឲ្យឧក្រិដ្ឋជន ចេញចូល ឬ ស្នាក់នៅក្នុងប្រទេសវៀតណាមដោយខុសច្បាប់» ផងដែរ។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា នគរបាល​មូលដ្ឋាន​បាន​ដាក់​ជន​សង្ស័យ ៥​នាក់​ក្នុង​បញ្ជី​តាមចាប់ខ្លួន។

ក្រសួង​សន្តិសុខ​សាធារណៈ​បាន​និយាយ​ថា អំពើទាំង​នោះ ​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម​ក្នុង​គោល​បំណង​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​ប្រជាជន និង​បង្ក​ផល​វិបាក​យ៉ាង​ធ្ងន់ធ្ងរ។

ទាក់ទិននឹងបញ្ហានេះ ក្រសួង​បាន​បន្ត​ថា អាជ្ញាធរ​កំពុង​បន្ត​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ ក្នុង​គោល​បំណង​ដោះស្រាយ​យ៉ាង​តឹងរ៉ឹង​ជាមួយ​អ្នក​ពាក់ព័ន្ធ​ស្រប​តាម​ច្បាប់នៃប្រទេស​វៀតណាម៕

ប្រភព៖ VN Express

Share.