មេដឹកនាំក្រុមតាលីបង់ នៃប្រទេសអាហ្វហ្គានីស្ថាន ចេញសេចក្ដីជូនដំណឹងរីចុងក្រោយរបស់ពួកគេ ដោយបានបញ្ជាឲ្យបិទហាងកែសម្ផស្សនៅទូទាំងប្រទេស ដើម្បីលុបបំបាត់សិទ្ធិស្ត្រីនៅអាហ្វហ្គានីស្ថាន ក្នុងការរកប្រាក់ចំណូល និងស្វែងរកការចូលរួមក្នុងសង្គម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CBS News នាថ្ងៃ ព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៣។

ក្រោមការណែនាំដែលចេញដោយមេដឹកនាំកំពូលរបស់រដ្ឋាភិបាលតាលីបង់ បានឲ្យដឹងថា «ហាងកែសម្ផស្សរបស់ស្ត្រីនៅក្នុងទីក្រុងកាប៊ុល និងខេត្តមួយចំនួនគួរតែត្រូវបិទរយៈពេល ១ខែ»។

បើតាមអ្នកវិភាគប្រចាំតំបន់ Torek Farhadi បានប្រាប់ CBS News ថា មេដឹកនាំកំពូលរបស់តាលីបង់ គឺលោក Haibatullah Akhundzada «កំពុងមានមោទនភាពក្នុងការបង្កើតនូវអ្វីដែលជាការរឹតបន្តឹងប្រព័ន្ធអ៉ីស្លាមនិយម»។

លោក Akif Muhajir អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ និង ផ្សព្វផ្សាយគុណធម៌ បានផ្ញើឲ្យទីភ្នាក់ងារសារព័ត៌មាន CBS News នូវច្បាប់ចម្លងនៃបម្រាមយនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានណាមួយអំពីមូលហេតុដែលការហាមប្រាមត្រូវបានប្រកាសចេញទេ ដោយពន្យល់យ៉ាងសាមញ្ញថា «បម្រាមនេះ គឺបានចេញដោយមេដឹកនាំកំពូល»។

ទាក់ទិននឹងបញ្ហានេះ ស្រ្តីម្នាក់សូមមិនបញ្ចេញឈ្មោះដើម្បីការពារអត្តសញ្ញាណ និងជៀសវាងពីការសងសឹកដែលអាចធ្វើទៅបានដោយពួកតាលីបង់ ហើយក៏ជាម្ចាស់ហាងកែសម្ផស្សចំនួន៣ និងមានបុគ្គលិកស្រ្តីជិត ៥០នាក់ បានប្រាប់សារព័ត៌មាន CBS ថា នាងមានការងឿងឆ្ងល់ សោកសៅ និងបានបន្សល់ទុកនូវភាពមិនច្បាស់លាស់យ៉ាងខ្លាំងអំពីអនាគត បន្ទាប់ពីមានការប្រកាសរបស់ក្រុមតាលីបង់។ នាង​បាន​និយាយ​ថា​ នាង​បាន​លះបង់​ពេញ​មួយ​ជីវិត​របស់​នាង​ដើម្បី​កសាង​ និង​មើលថែអាជីវកម្ម​របស់​នាង​។

នាងថា «ការងារនៅហាងកែសម្ផស្ស នៅតែជាជម្រើសតែមួយគត់សម្រាប់ស្ត្រីអាហ្វហ្គានីស្ថាន និងជាពន្លឺភ្លឺស្វាងនៃក្តីសង្ឃឹមសម្រាប់ជីវភាពរស់នៅ នៅក្នុងប្រទេសនេះ»។

ហាងកែសម្ផស្ស គឺជាប្រភពចំណូលមួយក្នុងចំណោមប្រភពចំណូលដែលនៅសេសសល់តិចតួច សម្រាប់ស្ត្រីអាហ្វហ្គានីស្ថានដែលត្រូវការចំណូលផ្គត់ផ្គង់ខ្លួនឯង និងគ្រួសាររបស់ពួកគេ។

យ៉ាងណាម៉ិញ បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិ ប្រចាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន (UNAMA) បានជំរុញឲ្យអាជ្ញាធរលុបចោលបម្រាននេះវិញ ដោយព្រមានថា «ការរឹតបន្តឹងថ្មីលើសិទ្ធិស្ត្រី នឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច និងផ្ទុយពីការគាំទ្រដែលបានបញ្ជាក់ សម្រាប់​សហគ្រិនភាព​ស្ត្រី»។

ចាប់តាំងពីការដណ្តើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានឡើងវិញ កាលពីពីររដូវក្តៅកន្លងទៅ ជាមួយនឹងការដកទ័ពទាំងស្រុងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក្រុមតាលីបង់ បានដាក់ចេញនូវបម្រាមដ៏តឹងរ៉ឹងដែលកំណត់សិទ្ធិស្ត្រី និងការចូលរួមកិច្ចការនានានៅក្នុងសង្គម។

ក្រុមនេះបានចេញការប្រកាសបម្រាមផ្លូវការជាបន្តបន្ទាប់ ចាប់តាំងពីខ្លួនបានឡើងកាន់អំណាចក្នុងប្រទេសនេះ កាលពីខែសីហា ឆ្នាំ២០២១ ដោយបានរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិស្ត្រី និងបណ្តេញស្រ្តីអាហ្វហ្គានីស្ថានចេញពីការសិក្សា ដោយហាមក្មេងស្រីដែលមានអាយុលើសពី ១២ឆ្នាំ ទៅសាលារៀន រួមទាំងមិនអាចចូលរៀននៅសាកលវិទ្យាល័យ ឬ ប្រកបមុខរបរវិជ្ជាជីវៈផ្សេងទៀតស្ទើរតែទាំងអស់ក្នុងរយៈពេល ២២ខែចុងក្រោយនេះ ខណៈលើកនេះស្ត្រីទាំងនោះនឹងត្រូវបាត់បង់ហាងកែសម្ផស្ស ជាប្រភពនៃការរកចំណូលផងដែរ។

សូមជម្រាបថា ស្ត្រីអាហ្វហ្គានីស្ថាន​ត្រូវ​បាន​ហាម​មិន​ត្រឹម​តែ​ពី​ការងារផ្សេងៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែសូម្បីតែដើរតាម​សួន​កម្សាន្ត កន្លែង​ហាត់​ប្រាណ និង​កន្លែង​ងូត​ទឹក​សាធារណៈ ឬ​​ទៅភោជនីយដ្ឋាន ​ដែល​មិន​មាន​បុរស​នៅជាមួយក៏មិនត្រូវអនុញ្ញាតដែរ៕

ប្រភព៖ CBS News

Share.