គណៈកម្មាធិការជាតិរៀបចំការឆ្នោតនៅមិនស្ងៀមឡើយ នៅពេលដែលក្រុមប្រឆាំងការបោះឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣នេះ បានព្យាយាមម្ដងហើយម្ដងទៀតបំផុតឱ្យពលរដ្ឋ ជាពិសេសក្រុមអ្នកគាំទ្របក្សប្រឆាំងចេញទៅបោះឆ្នោតដូចគេឯងដែរ ក៏ប៉ុន្តែគឺទៅគូសសន្លឹកឆ្នោតចោល។ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មាន២ទំព័រ ដោយមានភ្ជាប់ទោសទណ្ឌកម្មតាមច្បាប់ និងថែមទាំងរំលេចមកជាមួយនូវខ្លឹមសារ«បុព្វកថានៃរដ្ឋធម្មនុញ្ញ»ទៀតផង។

សម្រាប់ទណ្ឌកម្មខាងផ្លូវច្បាប់ ស្ថាប័នរៀបចំការបោះឆ្នោតនេះ បានលើកយកមាត្រា១៤២ ថ្មីនៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលបានផ្ដល់សិទ្ធិឱ្យខ្លួន ធ្វើការផាកពិន័យជាប្រាក់ចំនួន ៥លានរៀល ទៅ ២០លានរៀល ចំពោះជនណាដែលណែនាំឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត និងធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ នេះដោយមិនគិតទោសព្រហ្មទណ្ឌផង។

មិនត្រឹមតែផាកពិន័យជាប្រាក់នោះទេ គ.ជ.ប ក៏ផ្ដាំជាសំណេរច្បាស់ៗទៅកាន់ជនដែលប្រព្រឹត្តអំពើល្មើសណាមួយដូចបញ្ជាក់ខាងលើនេះទៀតថា«នឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរបស់សមាមីខ្លួន សម្រាប់រយៈពេល ៥ឆ្នាំ យ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។ ភ្ជាប់នឹងការព្រមាននេះ គ.ជ.ប អំពាវនាវពលរដ្ឋកុំចាញ់បោកអំពើទុច្ចរិតដែលមានចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិពលរដ្ឋ។

គ.ជ.ប បានរម្លឹកជាថ្មីទៀតឱ្យពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមអត្តសញ្ញាបណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងលើកទឹកចិត្តម្ចាស់ឆ្នោត គូសសញ្ញាគ្រីស គាំទ្រគណបក្សនយោបាយដែលខ្លួនស្រលាញ់ពេញចិត្ត។ គ.ជ.ប ចាត់ទុកការគូសលើសន្លឹកឆ្នោតដោយត្រឹមត្រូវដូចដែលប្រជាពលរដ្ឋកម្ពុជាធ្លាប់មានបទពិសោធន៍បោះឆ្នោតជាច្រើនលើកច្រើនសារមកនោះ ថាជាការបញ្ជាក់ឡើងវិញដូចមានចែងក្នុង«បុព្វកថារដ្ឋធម្មនុញ្ញ»។

បុព្វកថារដ្ឋធម្មនុញ្ញ និងដែល គ.ជ.ប លើកយកដាស់សតិអ្នកចង់បំផ្លាញការបោះឆ្នោតនោះ មានខ្លឹមសារថា« យើង ប្រជារាស្ត្រខ្មែរ បានភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមុះមុត ប្ដូរផ្ដាច់ រួបរួមគ្នា ពង្រឹងឯកភាពជាតិ រក្សាការពារ ទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរបវរ កសាងប្រទេសជាតិឱ្យទៅជា កោះសន្តិភាព ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ទទួលខុសត្រូវចំពោះវាសនាអនាគតជាតិ ឱ្យបានឈានឡើងរីកចំរើន លូតលាស់ សម្បូរុងរឿងជានិច្ចនិរន្តរ៍»។

សូមបញ្ជាក់ថារដ្ឋធម្មនុញ្ញ កម្ពុជា ឆ្នាំ១៩៩៣ កើតចេញពីសភាធម្មនុញ្ញ។ សភាធម្មនុញ្ញ គឺជាក្រុមអ្នកតំណាងរាស្រ្តទាំង១២៣រូប ទទួលបានការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពីប្រជាពលរដ្ឋ នាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ១៩៩៣។ ការបោះឆ្នោតអាណត្តិទី១នោះ គឺជាការបោះឆ្នោតលើកដំបូង បន្ទាប់ពីឆ្លងកាត់សង្គ្រាមបែកបាក់ផ្ទៃក្នុង ពិសេសសោកនាដកម្មក្នុងសម័យខ្មែរក្រហម។ ការបោះឆ្នោតនោះត្រូវគេចាត់ទុកជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងត្រួសត្រាយផ្លូវឱ្យកម្ពុជាដើរមកដល់បច្ចុប្បន្ន។

បច្ចុប្បន្ន កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តចំនួន៦លើក និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ៥លើក។ ពេលនេះ គណបក្សនយោបាយចំនួន១៨ កំពុងធ្វើយុទ្ធនាការរកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំំណាងរាស្រ្ត នីតិកាលទី៧ ខណៈការបោះឆ្នោតឃុំ សង្កាត់នីតិកាលទី៥ បានធ្វើឡើងកាលពីឆ្នាំ២០២២។ ឥស្សរជននយោបាយគណបក្សកាន់អំណាចចាត់ទុកការបោះឆ្នោតជាបន្តបន្ទាប់នេះថាការប្រើចុងប៊ិចរើសអ្នកដឹកនាំ ជំនួសឱ្យការប្រើចុងកាំភ្លើងដូចអតីតកាល៕

Share.