សិល្បៈ​អន្តរជាតិ​៖ នាង​ Rikkie Valerie Kollé គឺជា​ស្ត្រី​កែ​ភេទ​ទីមួយ​ដែល​បាន​ឈ្នះ​មកុដ​បវរកញ្ញា​ហូឡង់​ យ៉ាង​ណា​មិញ​​ជ័យ​ជំនះ​របស់​នាង​ មាន​ទាំង​អ្នក​ចាំ​​​អបអរសាទរ​ និង​អ្នក​មិន​ពេញ​ចិត្ត​​ផង​ដែរ​។​

​នាង​ Kollé បាន​ឈ្នះ​មកុដ​បវរកញ្ញា​ចក្រវាឡ​តំណាង​ប្រទេស​ហូឡង់​យក​ឈ្នះ​លើ​បេក្ខនារី​៩​រូប​ផ្សេង​ទៀត​នៅ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​។ នៅ​ពេល​ដែល​​អង្គភាព​រៀបចំ​កម្មវិធី​ប្រកួត​​បាន​ចេញ​សេចក្ដី​ប្រកាស​ស្ដីពី​ជ័យ​ជំនះ​របស់​នាង​នៅ​លើ​បណ្ដាញ​សង្គម​ ព្រម​ជាមួយ​នឹង​រូប​ភាព​របស់​នាង​ក្រោយ​បាន​បំពាក់​មកុដ​ជា​ បវរកញ្ញា​ប្រចាំ​ប្រទេស​ហូឡង់​ ដោយ​បវរកញ្ញា​ចក្រវាឡ​ពិភពលោក​បច្ចុប្បន្ន​កញ្ញា​ R’Bonney Gabriel

ជ័យ​ជំនះ​របស់​នារី​កែ​ភេទ​វ័យ​២២​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​លើក​ឡើង​ថា​ដោយ​សារ​តែ​នាង​មាន​ភាព​លេចធ្លោ​ព្រម​ទាំង​ធ្វើ​បាន​យ៉ាង​ល្អ​នូវ​គ្រប់​វិញ្ញាសារ​ប្រកួត​ ខណៈ​ដែល​នាង R’Bonney Gabriel ក៏​បាន​ចែក​រំលែក​ពាក្យ​អបអរសាទរ​ចំពោះ​​ការ​ឈ្នះ​មកុដ​ឆ្នាំ​២០២៣​របស់​នាង​ Kollé នៅ​លើ​បណ្ដាញ​សង្គម​ Instagram ថា៖ «ស្វាគមន៍​មក​កាន់​ថ្នាក់​ប្រកួត​ប្រចាំ​ឆ្នាំ​២០២៣»​​​

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ហូឡង់​បាន​រាយការណ៍​ថា​ Kollé គឺ​ជា​ស្ត្រី​កែ​ភេទ​ទី២​ ដែល​បាន​ចុះ​ឈ្មោះ​ប្រកួត​នៅ​ក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រវាឡ​បន្ទាប់​ពី​នាង​ Angela Ponce ដោយ​នាង​ Angela គឺជា​បវរកញ្ញា​ចក្រវាឡ​តំណាង​ឱ្យ​ប្រទេស​អេស្ប៉ាញ​ ចូលរួម​ប្រកួត​បវរកញ្ញា​ចក្រវាឡ​ពិភពលោក​កាល​ពី​ឆ្នាំ​២០១៨​។

បណ្ដាញ​សារព័ត៌មាន​ដដែល​នេះ​បាន​រៀបរាប់​ដែរ​ថា​ Kollé ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ Holland’s Next Top Model កាល​ពី​ឆ្នាំ​២០១៨ ដោយ​កាល​ណោះ​នាង​បាន​ឡើង​ដល់​ Top4។

ឈាន​មក​ដល់​បច្ចុប្បន្ន​នេះ​អង្គភាព​រៀបចំ​ការ​ប្រកួត​ Miss Universe បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​កម្មវិធី​កាន់​តែ​មាន​ភាព​ទូលំទូលាយ​ ដោយ​កាល​ពី​ខែ​សីហា ឆ្នាំ​២០២២ កម្មវិធី​បាន​កែ​ទម្រង់​ថ្មី​ដោយ​អនុញ្ញាត​ឱ្យ​ស្ត្រី​មេម៉ាយ ស្ត្រី​រៀបការ​រួច និង​អ្នក​ម្ដាយ​អាច​ចូលរួម​ប្រកួត​ប្រជែង​បាន​។ ស្ត្រី​កែ​ភេទ​ជា​សេដ្ឋិនី​ថៃ​ និង​ស្ត្រី​កែ​ភេទ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​លំដាប់​លេខ​៣​ពិភពលោក​នាង​ Anne Jakapong Jakrajutatip ​បាន​ទិញ​សិទ្ធិ​គ្រប់គ្រង​អង្គភាព​មួយ​នេះ​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០២២ ហើយ​នាង​គឺជា​ស្ត្រី​ដំបូង​ដែល​បាន​ទិញ​សិទ្ធិធ្វើ​ជា​ម្ចាស់​កម្មវិធី​ជា​ប្រវត្តិសាស្ត្រ​រយៈ​ពេល​៧០​កន្លង​មក​។

ប្រភព៖ msn, nytimes

Share.