ដោយប្រកាសច្បាស់ៗថាអំពើបាញ់ប្រហារលើមន្រ្តីមូលដ្ឋានខ្លួនក្នុងខេត្ត Dak Lak ជាប់ព្រំដែនខេត្តមណ្ឌលគិរីនៃប្រទេសកម្ពុជា ជាអំពើភេវរកម្មដែលមានអង្គការចាត់តាំងច្បាស់លាស់ រដ្ឋការនៃរបបសាធារណរដ្ឋសង្គមនិយមវៀតណាម ថែមទាំងបានបញ្ជាក់ទៀតថា ក្រុមប្រដាប់អាវុធអស់ទាំងនោះ អាចធ្វើព្យុះធ្វើភ្លៀងបានក៏ព្រោះតែពួកគេទទួលបានការផ្ដល់ជំនួយពីក្រៅ ពោលគឺមានបរទេសនៅពីក្រោយខ្នង។

អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ វៀតណាម លោក Le Quoc Hung បាននិយាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ថា«នេះជាឧប្បត្តិហេតុភេរវកម្មសំដៅទៅលើរដ្ឋបាលប្រជាជន ដែលដឹកនាំ និងផ្ដល់ជំនួយដោយកម្លាំងអរិភាពនៅបរទេស»។ នេះបើតាមការស្រង់សម្ដីយកមកចេញផ្សាយដោយសារព័ត៌មាន VN Express នៅថ្ងៃដដែល។

ព្រឹត្តិការណ៍ដែលបានកើតឡើងនៅខេត្ត Dak Lak កាលពីព្រឹកព្រលឹមស្រាងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានធ្វើឲ្យប្រជាជនក្នុងតំបន់នោះ កើតព្រួយបារម្ភអំពីសន្តិសុខ។ ក្ដីព្រួយបារម្ភនេះ ត្រូវបានកត់សម្គាល់ក្នុងរបាយការណ៍មួយដែលបញ្ជូនមកស្ថាប័នសភាវៀតណាម ហើយដែលក្នុងនោះក៏មានការលើកសំណើរបង្កើនការរក្សាស្ថិរភាព និងលុបបំបាត់សតិអារម្មណ៍ក្នុងចំណោមប្រជាជន ក្នុង ខេត្ត Dak Lak ជាពិសេសតំបន់ខ្ពង់រាប ភាគកណ្តាល។

សូមបញ្ជាក់ថា ក្រោយកើតមានហេតុការណ៍អសន្តិសុខនោះ ក្រសួងសន្តិសុខសាធារណៈ បានប្រមូលផ្តុំកងកម្លាំងប្រដាប់អាវុធចម្រុះ ប្រើគ្រប់មធ្យោបាយ និងវិធានការជាមួយនឹងការប្តេជ្ញាចិត្តតាមចាប់ខ្លួនជនសង្ស័យទាំងអស់ដែលពាក់ព័ន្ធនឹងការវាយប្រហារខាងលើ ព្រមទាំងដើម្បីប្រមូលយកមកវិញនូវអាវុធ និងគ្រឿងផ្ទុះដែលបានប្រើរួច។

បច្ចុប្បន្នមានមនុស្ស​ជាង៩០​នាក់ហើយ​ ត្រូវ​បាន​ចាប់​ខ្លួនដោយសង្ស័យពាក់ព័ន្ធនឹងអំពើភេវរកម្មនោះ។ យ៉ាងណាក៏ដោយ ស្ថានភាពនៅខេត្ត Dak Lak និងតំបន់ខ្ពង់រាបភាគកណ្តាលមានស្ថិរភាពបណ្ដើរៗហើយ។ ការរស់នៅរបស់ប្រជាជនបានវិលមករកភាពប្រក្រតីឡើងវិញ៕

ប្រភព៖ VN Express

Share.