មនុស្សមួយភាគបួនលាននាក់ ត្រូវបានជម្លៀសចេញនៅភាគខាងត្បូងប្រទេសចិន និងវៀតណាម មុនពេលព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយបានបោកបក់ចូលឆ្នេរសមុទ្រកាលពីល្ងាចថ្ងៃចន្ទ ដែលនាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀង ហើយបង្ខំឲ្យលុបចោលជើងហោះហើរ និងរថភ្លើងរាប់រយខ្សែ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣។

បើតាមរដ្ឋបាលឧតុនិយមចិន បានឲ្យដឹងថា ព្យុះទីហ្វុង Talim ដែលជាព្យុះទីហ្វុងទី៤ ក្នុងឆ្នាំនេះ បានបោកបក់មកលើឆ្នេរសមុទ្រនៃខេត្កក្វាទុង (Guangdong) នៅម៉ោងប្រហែល ១០:២០នាទីយប់ ជាមួយនឹងកម្លាំងខ្យល់អតិបរមា ១៣៦.៨គីឡូម៉ែត្រក្នុងមួយម៉ោង។

រដ្ឋបាលឧតុនិយមចិន ក៏បាន ព្រមានដែរថាព្យុះទីហ្វុង Talim នឹងនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ឆ្នេរសមុទ្រភាគខាងត្បូងចាប់ពីខេត្ត ក្វាងទុង (Guangdong) ដល់ខេត្តហៃណាន់ (Hainan)។

អ្នក​ព្យាករណ៍​បាន​ចេញ​ការ​ជូន​ដំណឹង​ពណ៌​ទឹកក្រូច ដែល​ជា​ការ​ព្រមាន​កម្រិត​ខ្ពស់​បំផុត​ទី២ ក្នុង​ប្រព័ន្ធ​ប្រកាសអាសន្នកូដ​ពណ៌​៤​ជាន់ ផងដែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានឲ្យដឹងថា មនុស្សជិត ២៣០,០០០នាក់ រស់នៅក្នុងខេត្ត Guangdong ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព រួមទាំងកម្មករកសិដ្ឋានចិញ្ចឹមត្រីជាង ៨,០០០នាក់ ដែលត្រូវបាននាំយកមកឆ្នេរសមុទ្រកាលពីថ្ងៃចន្ទ។ ទន្ទឹមនោះ អាជ្ញាធរមូលដ្ឋានក៏បានបញ្ជាឲ្យបិទគោលដៅទេសចរណ៍តាមឆ្នេរសមុទ្ររាប់សិបកន្លែងផងដែរ។

រដ្ឋបាលឧតុនិយមបាននិយាយថា ព្យុះនេះកំពុងផ្លាស់ទីទៅភាគពាយព្យក្នុងល្បឿនប្រហែល ២០គីឡូម៉ែត្រក្នុង១ម៉ោង ហើយអាចបោកបក់ពាសពេញតំបន់ Guangxi នាព្រឹកថ្ងៃអង្គារ។ ព្យុះទីហ្វុង Talim អាចថមថយល្បឿននៅព្រឹកថ្ងៃអង្គារ ហើយចុះខ្សោយ និងរលាយបាត់នៅលើភាគខាងជើងប្រទេសវៀតណាម នៅថ្ងៃពុធ សប្ដាហ៍នេះ។

ចំណែកអាជ្ញាធរក្នុងប្រទេសវៀតណាមបាននិយាយថា ពួកគេកំពុងរៀបចំជម្លៀសមនុស្សប្រហែល ៣០,០០០នាក់ ចេញពីតំបន់ដែលត្រូវបានព្យាករណ៍ថា នឹងរងការវាយប្រហារខ្លាំងបំផុតនៅក្នុងខេត្ត កាងនីញ (Quang Ninh) និងហៃហ្វុង (Hai Phong) ចាប់ពីរសៀលថ្ងៃចន្ទ ស្របពេលព្យុះនេះត្រូវបានគេព្យាករណ៍ថា នឹងវាយប្រហារលើតំបន់ឈូងសមុទ្រតុងកឹង (Tonkin)។

បើតាមគណៈកម្មាធិការឆ្លើយតបគ្រោះមហន្ដរាយកំពូលរបស់វៀតណាមបាននិយាយថា ព្យុះនេះប្រហែលជាព្យុះដ៏ធំបំផុតដែលបានវាយប្រហារតំបន់ឈូងសមុទ្រតុងកឹង នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈអ្នកទេសចរត្រូវបានគេណែនាំអោយចាកចេញពីកោះដាច់ស្រយាល ហើយក្រុមហ៊ុនអាកាសចរណ៍បានកំណត់ពេលហោះហើរឡើងវិញ ដើម្បីជៀសវាងពីឥទ្ធិពលខ្យល់ព្យុះ។

ទន្ទឹមនោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានដឹកនាំក្រុមឆ្លើយតបគ្រោះមហន្តរាយឲ្យរៀបចំ «ការងារជួយសង្គ្រោះជាបន្ទាន់» នៅល្ងាចថ្ងៃអាទិត្យ ដោយព្រមានអំពីទឹកជំនន់ដែលអាចកើតមាន៕

ប្រភព៖ CNA

Share.