សិល្បៈ​​អន្តរជាតិ​៖ ​បណ្ដាញ​សារព័ត៌មាន​ TMZ ​បាន​ចេញ​សេចក្ដី​រាយការណ៍​ថា​តារា​ចម្រៀង​-តារា​សម្ដែង​ Ariana Grande ​និង​ស្វាមី​ Dalton Gomez កំពុង​តែ​​ត្រៀម​លែងលះ​គ្នា​ ក្រោយ​មួយ​រយៈ​ចុង​ក្រោយ​តារា​ស្រី​រូប​នេះ​មិន​ដែល​ពាក់​ចិញ្ចៀន​រៀបការ​របស់​ខ្លួន​ទៀត​នោះ​ឡើយ​។ ​តើ​មាន​រឿង​អ្វី​ទើប​ធ្វើ​ឱ្យ​​ស្នេហា​ដែល​មាន​​រសជាតិ​ផ្អែម​ត្រឹម​រយៈ​ពេល​២​ឆ្នាំ​សោះ​ ប្រែ​ជា​ល្វីង​?​

ចំពោះ​រឿង​នេះ​មាន​ប្រភព​ចំនួន​៣​ផ្សេង​គ្នា​បាន​ប្រាប់​​ពី​មូលហេតុ​​ដែល​ធ្វើ​ឱ្យ​រឿង​រ៉ាវ​របស់​អ្នក​ទាំង​ពីរ​ធ្លាក់​ទៅ​ដល់​ដំណាក់​កាល​យ៉ាប់​យឺន​ស្រោចស្រង់​លែង​បាន​ថា ៖​ «​Ariana Grande​ និង​ស្វាមី​ Dalton Gomezបាន​ព្យាយាម​ផ្សះផ្សា​គ្នា ប៉ុន្តែ​ពួក​គេ​រក​ឃើញ​ថា​​ពួក​គេ​មិន​ស័ក្តិសម​នឹង​គ្នា​។ Dalton បាន​ព្យាយាម​លាក់​បាំង​និង​រក្សា​ទំនាក់ទំនង​របស់​ពួក​គេ​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​និង​មិត្ត​រួម​ការងារ​ ហើយ​លោក​មិន​ដែល​និយាយ​រឿង​រ៉ាវ​ប្រេះឆា​របស់​ខ្លួន​នោះ​ឡើយ​។

ចំណែក​ប្រភព​ទីពីរ​បាន​បន្ថែម​ថា​៖ «មិត្តភក្ដិ​របស់​ Ariana ​និង​ Dalton ​ខ្វល់ខ្វាយ​ខ្លាំង​ពី​ទំនាក់ទំនង​ដែល​ប្រៀប​ដូច​ជា​ទឹក​លើ​ស្លឹក​ឈូក​របស់​អ្នក​ទាំង​ពីរ​ហើយ​មាន​អារម្មណ៍​ថា​ទំនាក់​ទំនង​នេះ​ច្បាស់​ជា​មាន​អាយុកាល​ខ្លី​។​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​​កន្លង​មក​ជួប​​រឿង​មិន​យល់​ចិត្ត​គ្នា​ហើយ​អ្នក​ទាំង​ពីរ​បាន​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​រក​ច្រក​ចេញ​ឱ្យ​រឿង​របស់​ខ្លួន​។ ​​ដោយ​ឡែក​ប្រភព​ទីបី​បាន​លើក​ឡើង​​ថា៖​ «​មិត្តភក្ដិ​ជិតស្និទ្ធ​របស់​ Ariana និង​ Dalton បាន​ដឹង​ពី​រឿង​ប្រេះ​ឆា​របស់​អ្នក​ទាំង​ពីរ​ហើយ​បាន​ព្យាយាម​ជួយ​ផ្សះផ្សា​​ដែរ​ប៉ុន្តែ​មិន​អាច​ទៅ​រួច​។ បច្ចុប្បន្ន​​នេះ​ ​Ariana កំពុង​តែ​មមាញឹក​ថត​ភាពយន្ត​ Wicked នៅ​ក្រៅ​ប្រទេស​ ហើយ​តារាង​ការងារ​របស់​នាង​ពិត​ជា​មមាញឹក​ខ្លាំង​ដូច្នេះ​ ទើប​គូស្វាមី​ភរិយា​អាយុ​កាល​២​ខួប​បាន​សម្រេច​ចិត្ត​បញ្ចប់​ចំណង​ប្រាំ​ប្រការ​របស់​ខ្លួន​។»

បណ្ដាញ​សារព័ត៌មាន​ TMZ បាន​ផ្សាយ​ថា​ Ariana និង​ Dalta បាន​ចែក​ផ្ទះ​គ្នា​រស់​នៅ​តាំង​ពី​ខែ​មករា​ឆ្នាំ​២០២៣​មក​ម្ល៉េះ​ ហើយ​ពេល​នេះ​ដែរ​ កំពុង​តែ​ដំណើរ​ការ​លើ​នីតិវិធី​លែងលះ​គ្នា​។ បណ្ដាញ​សារព័ត៌មាន​ដដែល​នេះ​បាន​ទម្លាយ​ទៀត​ថា​ កាល​ពី​ប្រមាណ​៣​ខែ​មុន​ ​ពួក​គេ​បាន​ព្យាយាម​ផ្សះផ្សា​គ្នា​ដែរ​ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​មិន​បាន​សម្រេច​។ យ៉ាង​ណា​មិញ​ពួក​គេ​នៅ​រក្សា​ចំណង​មិត្ត​ភាព​ក្នុង​នាម​ជា​មិត្ត​ភក្ដិ​ហើយ​និយាយ​ទូរស័ព្ទ​ជាមួយ​គ្នា​ជា​ធម្មតា​។

ប្រភព​ជិតស្និទ្ធ​បាន​បង្ហើប​ទៀត​ថា​ «ពួក​គេ​បាន​សម្រេច​ចិត្ត​រួម​គ្នា​ចំពោះ​ការ​ចែក​ផ្លូវ​គ្នា​ដើរ​នេះ​។ ពួក​គេ​ចាប់​ផ្ដើម​មាន​បញ្ហា​តាំង​ពី​មុន​ខែ​មករា​មក​ម្ល៉េះ​ ប៉ុន្តែ​ពួក​គេ​ចង់​រក្សា​ចំណង​មិត្ត​ភាព​ក្នុង​ឋានៈ​មិត្ត​ភក្ដិ​។ មែនទែន​ទៅ​អ្នក​ទាំង​ពីរ​គឺជា​មិត្ត​ភក្ដិ​ល្អ​នឹង​គ្នា​តាំង​ពី​ដំបូង​ ចំណែក​មិត្ត​ភក្ដិ​និង​គ្រួសារ​របស់​ពួក​គេ​បាន​ព្យាយាម​ការពារ​ពួក​យ៉ាង​អស់​ពី​សមត្ថភាព​ផង​ដែរ​»។

សូម​រំលឹក​ឡើង​វិញ​ថា​ តារាចម្រៀងស្រីល្បីឈ្មោះរបស់អាមេរិក និងជាម្ចាស់ពានរង្វាន់ Grammy Awards នោះ នៅពេលនេះបានសម្រេចចិត្តរៀបការជាមួយបុរសម្នាក់ឈ្មោះថា Dalton Gomez ដែល​ត្រូវ​គេស្គាល់ថា ជាភ្នាក់ងារអចលនទ្រព្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២១ យ៉ាង​សាមញ្ញា​ដោយ​មាន​ភ្ញៀវចូលរួម​ត្រឹម​២០​នាក់​ប៉ុណ្ណោះ​នា ​Montecito រដ្ឋ California៕

Share.