ស្រុកកំពង់ត្របែក៖ ១០ថ្ងៃហើយនៃការកើតគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្ដដឹកទឹកកកហ្រ្វាំងមិនស៊ី បុករះបណ្ដាលឱ្យខូចខាតម៉ូតូ, រ៉ឺម៉ក និងរថយន្ដ២គ្រឿងទៀត។ ប៉ុន្ដែភាគីរថយន្ដព្រូសដែលជាជនរងគ្រោះថានៅមិនទាន់មានដំណោះស្រាយសមរម្យ ខណៈរថយន្ដកំពុងរក្សាទុកនៅអធិការស្រុកកំពុងត្របែក ខេត្តព្រៃវែង។ ការយឺតយ៉ាវនិងការដោះស្រាយមិនសមរម្យ ធ្វើឱ្យភាគីជនរងគ្រោះមិនអស់ចិត្ត និងចង់ឱ្យភាគីរថយន្ដបង្កចូលខ្លូនដោះស្រាយឱ្យបានឆាប់ដើម្បីអាចដកឡានយកមកជួសជុលនិងប្រើប្រាស់ដើម្បីធ្វើដំណើរទៅធ្វើការ។

ហេតុការណ៍ខាងលើនេះកើតឡើងនៅភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចំណុចផ្លូវចូលខ្លោងទ្វារវត្តសិរីសាគរ កាលពីថ្ងៃទី១៥ ខែមេសា ២០២៤ ដែលរថយន្ដបង្កឡើងដោយរថយន្ដដឹកទឹកកផ្ទុកទឹកកដើមធំពេញឡាន ម៉ាក Hyundai ពាក់ស្លាកលេខព្រៃវែង 3A-2047 បើកបរដោយតៃកុងដែលមិនមានបណ្ណបើកបរ និងឡានមានបញ្ហាហ្វ្រាំងជាន់មិនស៊ីរបស់រោងចក្រផលិតទឹកកកមួយកន្លែងនៅស្រុកពារម៍ ដោយបានបុករះរថយន្ដ២គ្រឿងចតនៅមុខផ្ទះចោល និងម៉ូតូ ព្រមទាំងរ៉ឺម៉ក បណ្ដាលឱ្យខូចខាតមួយចំនួនធំ។

«ឡានខ្ញុំទុកចោលហើយមកបុកចំថ្ងៃចូលឆ្នាំ ខ្ញុំមានអារម្មណ៍ណាហ្នឹងសប្បាយចូលឆ្នាំ។ ឯភាគីបង្កដោះស្រាយមិនសមរម្យឡានខ្ញុំខូចខាតច្រើនមិនអាចជួសជុល គឺកន្លែងខ្លះត្រូវប្ដូរតែម្ដង ខ្ញុំបានសួរជាងគេថាត្រូវប្ដូរទ្វារខាងឆ្វេង កន្លែងតៃកុង និងផ្នែកខាងលើ និងកាងខាងមុខ។ តម្លៃជាងគេថាអស់ប្រហែល ១៣០០ដុល្លារ ឯតំណាងមកដោះស្រាយត្រឹមតែ៧០០ដុល្លារ»។ នេះជាការលើកឡើងពីជនរងគ្រោះ ម្ចាស់រថយន្ដព្រូស គឺកញ្ញា ជួន ឆេងហួយ ជាបុគ្គលិកក្រុមហ៊ុនមួយនៅរាជធានីភ្នំពេញ។

សូមជម្រាបជូនថា ក្រោយកើតដែលបង្កឡើងដោយរថយន្ដដឹកកទឹកកក ធ្វើឱ្យប៉ះពាល់ដល់ម៉ូតូ រ៉ឺម៉កកង់បី និងរថយន្ដពីរគ្រឿងទៀតនោះ គឺតំណាងរោងចក្រទឹកកក បានចេញដោះស្រាយម៉ូតូ រ៉ម៉កកង់បីរួចហើយ។ ប៉ុន្ដែរថយន្ដពីរគ្រឿងបានយកមករក្សាទុកនៅអធិការស្រុកកំពង់ត្របែក ប៉ុន្ដែមួយគ្រឿងទៀត ដោយភាគីខាងឡានដឹកទឹកកកសងមិនសមរម្យ ហើយគេមានតម្រូវការចាំបាច់ក៏សុខចិត្តបញ្ចប់រឿងដកឡានយកទៅប្រើប្រាស់វិញ ឯឡានព្រូសខូចខាតធ្ងន់ គឺនៅបន្ដទាមទារសំណងជាង១ពាន់ដុល្លារជាថ្នូរនិងការជួសជុលនិងប្ដូរសម្ភារខ្លះនៃរថយន្ដ ទើបអាចប្រើប្រាស់បាន ប៉ុន្ដែភាគីខាងតំណាងឱ្យត្រឹមតែ ៧០០ដុល្លារប៉ុណ្ណោះ។

ប្រភពព័ត៌មានដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ២ម៉ោងក្រោយកើតហេតុការណ៍ មានតំណាងមកពីរោងចក្រទឹកកកកស្លៀកពាក់ឯកសណ្ឋានជាប៉ូលីសស័ក្តិ៤ ដែលស្គាល់ថាជា មេប៉ុស្តិ៍ពាមរ៍ បានចុះទៅដល់កន្លែងកើតហេតុ។ តំណាងរបស់រោងចក្រទឹកកករូបនេះ បានឲ្យជនរងគ្រោះចូលទៅដោះស្រាយនៅអធិការដ្ឋានស្រុកកំពង់ត្របែក ក្នុងនោះបានដោះស្រាយឲ្យតែម៉ូតូ និងរ៉ឺម៉កប៉ុណ្ណោះ ក្រៅពីនេះ មិនបានផ្តល់នូវសំណងសមស្របទៅនឹងការខូចខាតរបស់រថយន្តចំនួន ០២គ្រឿងនោះឡើយ។ ដោយពុំមានដំណោះស្រាយ ខាងប៉ូលីស នៃអធិការដ្ឋានស្រុកកំពង់ត្របែក បានយករថយន្តរបស់ជនរងគ្រោះទាំង០២គ្រឿងខាងលើ និងរថយន្តបង្កហេតុទៅរក្សាទុកនៅអធិការដ្ឋានស្រុកកំពង់ត្របែក។ គិតចាប់ពីថ្ងៃកើតហេតុមកដល់ពេលនេះ ប៉ូលីសនៃអធិការដ្ឋានស្រុកបានអញ្ជើញកោះហៅតំណាងរបស់រោងចក្រទឹកកកចំនួន ០២លើករួចមកហើយ ហៅលើកទី១ ខាងតំណាងថាជាប់រវល់នៅខេត្ត។ ហៅលើកទីពីរឲ្យចូលខ្លួនមកដោះស្រាយនៅថ្ងៃច័ន្ទទី២២ ខែមេសា ឆ្នាំ២០២៤នេះ ប៉ុន្តែមិនឃើញចូលមកដោះស្រាយ ហើយថែមទាំងនិយាយថា “បើដោះស្រាយមិនត្រូវគ្នាទៅធ្វើអី? នាំតែខាតពេល”។ ចំណែកខាងជនរងគ្រោះបានទៅរង់ចាំការសម្របសម្រួលនៅអធិការដ្ឋានស្រុករហូតដល់ជាង២ម៉ោង ហើយបានត្រឹមអង្គុយមើលរថយន្តរបស់ខ្លួន ចតនៅហាលក្តៅចោលនៅក្នុងបរិវេណអធិការដ្ឋានស្រុកកំពង់ត្របែកទាំងអស់សង្ឃឹម។ ដោយមើលទៅហាក់ដូចគ្មានសង្ឃឹមថាគេនឹងចូលមកដោះស្រាយ នៅថ្ងៃដដែលនេះ ម្ចាស់រថយន្តរងគ្រោះមួយគ្រឿងម៉ាក Highlander ដែលបានរងការខូចខាតដែរ បានសម្រេចចិត្តសុំយកឡានទៅជួសជុល ដោយឈប់បន្តរង់ចាំទាំងបង្ខំចិត្ត និងពុំបានទទួលយកយុត្តិធម៌ដែលរំពឹងថានឹងទទួលបានពីសមត្ថកិច្ច និងម្ចាស់រោងចក្រទឹកកក ឬតំណាង។ ដូច្នេះឥលូវនេះនៅសល់តែរថយន្ដព្រូស នៅមិនទាន់អស់ចិត្ត និងបន្ដទាមទារសំណងនៃការខូចខាតរថយន្ដដែលបង្កឡើងដោយរថយន្ដដឹកទឹកក។

ចំណុចមិនត្រូវគ្នា លោកវរសេនីយ៍ឯកសួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក បានប្រាប់សារព័ត៌មានត្រយងបន្ថែមថា «ការចរចាមិនត្រូវគ្នា ភាគីតំណាងបានឱ្យសំណង៧០០ដុល្លារ តែភាគីជនរងគ្រោះមិនទទួលយក។ អីចឹងរង់ចាំដោះស្រាយជាបន្ដទៀត ហើយខ្ញុំបានឱ្យលេខទៅខាងតំណាងរថយន្ដដឹកទឹកក និងភាគីរថយន្ដរងគ្រោះឱ្យដោះស្រាយគ្នា ។ តែខ្ញុំអត់ទាន់ទទួលព័ត៌មាននៅឡើយទេ»។ ត្រយងចង់សាកសួរបន្ដ ប៉ុន្ដែលោកវរសេនីយ៍ឯក សំអឿន បានស្នើសុំបញ្ចប់កិច្ចសម្ភាសន៍ព្រោះលោកកំពុងនៅក្នុងកម្មវិធីមួយ។

ទាក់ទងទៅនឹងការយឺតយ៉ាវនៅក្នុងការដោះស្រាយនេះ កញ្ញា ជួន ឆេងហួយ ដែលម្ចាស់រថយន្ដព្រូស បានសម្ដែងការខកចិត្ត ហើយថា ការយឺតយ៉ាវនេះធ្វើឱ្យកញ្ញាមិនអាចដករថយន្ដមកជួសជុល និងប្រើប្រាស់សម្រាប់តម្រូវការប្រចាំថ្ងៃ។ «ឥលូវអត់អីជិះ ខ្ញុំកង់បីទៅធ្វើការ ជិះទៅនេះទៅនោះ ក្នុង១ថ្ងៃអស់ ១០ដុល្លារទៅហើយ»។

ទន្ទឹមនឹងនេះ កញ្ញា បានសម្ដែងពីការព្រួយបារម្ភអំពីសុវត្ថិភាពរថយន្ដដែលទុកចោលនៅអធិការស្រុក ដែលហាលថ្ងៃក្ដៅ និងសុវត្ថិភាពផ្សេងៗ…ធ្វើឱ្យរថយន្ដកាន់តែខូចខាត។ មួយទៀតគឺខាតពេលវេលាចុះឡើង ដើម្បីចង់បានដំណោះស្រាយ តែភាគីតំណាងហាក់មិនឆ្លើយតបឱ្យបានសមរម្យដែលជនរងគ្រោះចង់បាន។

រថយន្ដរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក

ទាក់ទងទៅនឹងការបុករះ ហើយការយឺតយ៉ាវនៅក្នុងការដោះស្រាយនេះ ជនរងគ្រោះដែលជាម្ចាស់រថយន្ដក៏បានចោទជាសំណួរដែរថា តើម្ចាស់រោងចក្រទឹកកក ឬតំណាងនោះ មានចេតនាបែបណា បានជានគរបាល នៃអធិការដ្ឋានស្រុកហៅឲ្យចូលខ្លួនដោះស្រាយ តែបែរជាមិនមកបាន? តើម្ចាស់ ឬតំណាងជនបង្ករដែលគ្មានបណ្ណបើកបររថយន្តធន់ធ្ងន់ហ្វ្រាំងមិនស៊ីខាងលើនេះ ជានរណា បានជាមានសិទ្ធអំណាចដោះយកជនបង្ករគ្រោះថ្នាក់ជាតៃកុងឡាននោះចេញពីអធិការដ្ឋានស្រុកកំពង់ត្របែកយ៉ាងស្រួលបែបនេះ? បើតាមដឹងតៃកុងឡានបង្កនោះ ក៏មិនត្រូវបានពិនិត្យនូវសារធាតុញៀន ឬគ្រឿងស្រវឹងនោះឡើយ។ បើពន្យាពេលមិនចូលមកដោះស្រាយអញ្ចឹង តើម្ចាស់រោងចក្រទឹកកកឬតំណាងជនបង្ករគ្រោះថ្នាក់នោះ មានចេតនាបែបណា ឬចង់ឲ្យរថយន្តជនរងគ្រោះខូតខាតថែមទៀតដោយសារហាលថ្ងៃ ហាលភ្លៀង? តើយូរប៉ុណ្ណាទៅ ទើបជនរងគ្រោះទទួលបានយុត្តិធម៌?

ករណីនេះ ជនបង្កប្រើប្រាស់រថយន្តគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវគ្រប់គ្រាន់​ ហើយតៃកុងបើកបរទៀតសោត ពុំមានបណ្ណបើកបរប្រភេទធន់ធ្ងន់នេះ គឺពិតអាចមានហានិភ័យគ្រប់ពេលវេលានៅតាមដងផ្លូវ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជិវិតប្រជាពលរដ្ឋផងដែរ នេះវាពិតជាសំណាងល្អហើយដែលមិនបានប៉ះពាល់ដល់អាយុជិវិត ក៏ប៉ុន្តែវាបានធ្វើឲ្យខូតខាតដល់ទ្រព្យសម្បតិ្តប្រជាពលរដ្ឋដូចករណីខាងលើនេះ។ ទាំងនេះជាក្តីបារម្ភមួយ សម្រាប់អ្នកធ្វើដំណើរស្លូតត្រង់ ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដែលបង្ករដោយរថយន្តប្រភេទនេះ ពិសេសរថយន្តដឹកទឹកកកទៅចែកចាយនៅតាមដេប៉ូប្រចាំថ្ងៃនេះតែម្តង ពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយតៃកុងបើកបរគឺជាពុំចេះច្បាប់ចរាចណ៍ គឺចេះតៗគ្នា។

ក្នុងនាមជនរងគ្រោះ កញ្ញា ជួន ឆេងហួយ សូមសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះពិនិត្យលើរថយន្តប្រភេទនេះ ទាំងលក្ខណៈបច្ចេកទេស និងតៃកុងបើកបរទាំងអស់នេះផង ដែលពិតជាមានហានិភ័យដល់ប្រជាពលរដ្ឋ។ ជាពិសេស សូមលោកឧត្តមសេនីយ៍ទោ ស្នងការខេត្តព្រៃវែង ដែលជាលោកស្នងការគម្រូមួយរូប មេត្តាជួយដោះស្រាយរឿងនេះជូនដល់ជនរងគ្រោះដើម្បីទទួលបានយុត្តិធម៌ផងចុះ។

ជុំវិញករណីខាងលើនេះ សារព័ត៌មានត្រយង មិនអាចទាក់ទងភាគីតំណាងរថយន្ដដឹកទឹកកកដែលជារថយន្តបង្ករ ដើម្បីសាកសួរព័ត៌មានបានទេ ប្រសិនបើមានប្រតិកម្មអ្វី ខាងសារព័ត៌មានត្រយងនឹងចុះផ្សាយឬធ្វើបច្ចុប្បន្នភាពជាបន្ដជុំវិញករណីនេះ៕

Share.