ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃចំនួន២គ្រឿងពីស្ត្រីម្នាក់ កំពុងជិះម៉ូតូតាមផ្លូវឧកញ៉ា ម៉ុង រិទ្ធី ភូមិត្រពាំងស្វាយ ផ្អើលកម្លាំងសមត្ថកិច្ច២ខណ្ឌ ប្រដេញតាមចាប់បានម្នាក់ នៅផ្លូវជាតិលេខ៤ មុខសាលារៀនអូរដឹម ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកបក្ខពួកម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់ ។

ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចចាប់ខ្លួនបានមានឈ្មោះ រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចកំពុងតាមចាប់ ព្រមទាំងបានដកហូតម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរី២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JX-3401 ដែលជនសង្ស័យជិះធ្វើសកម្មភាព។

តាមប្រភពបានឲ្យដឹងថា នៅវេលាម៉ោង៥និង០៥នាទីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ មានជនសង្ស័យ ២នាក់ ជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ I Phone ២គ្រឿង ពីស្ត្រីម្នាក់ដែលដាក់ក្នុងឃ្លុបម៉ូតូខាងមុខ ភ្លាមៗជនរងគ្រោះបានស្រែកឆោឡោ ផ្អើលកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ សហការជាមួយកម្លាំងខណ្ឌពោធិ៍សែនជ័យ ប្រដេញស្ទាក់ចាប់បានម្នាក់។ ចំណែកបក្ខពួកម្នាក់ទៀតយកទូរស័ព្ទគេចខ្លួនបាត់។

ក្រោយចាប់ខ្លួនជនសង្ស័យបានម្នាក់ សមត្ថកិច្ចបាននាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌសែនសុខ ដើម្បីសាកសួររកបក្សពួក្ខដែលរត់គេចខ្លួន និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.