ភ្នំពេញ៖ បុរសម្នាក់ដែលគូសខ្វែងលើសន្លឹកឆ្នោត រួចយកទូរស័ព្ទថត ត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅការិយាល័យបោះឆ្នោត ០៨០៤ នៅសាលាបឋមសិក្សាស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បុរសដែលឃាត់ខ្លួនឈ្មោះ សាត អូន អាយុ៣៥ឆ្នាំ រស់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីមន្ត្រី គ.ជ.ប បានឲ្យដឹងថា ជនសង្ស័យបានចូលទៅបោះឆ្នោតនៅក្នុងការិយាល័យ ០៨០៤ ក្នុងបន្ទប់សម្ងាត់ ហើយបានថតសន្លឹកឆ្នោតក្នុងទូរស័ព្ទដៃ នៅវេលាម៉ោង០៩៖៣០នាទី។ ពេលនោះប្រធានការិយាល័យ០៨០៤ មានការសង្ស័យ បានសុំឆែកមើលទូរស័ព្ទដៃដែលរូបគេថតក្នុងបន្ទប់សម្ងាត់នោះ ក៏បានឃើញរូបភាពសន្លឹកឆ្នោតមានគូសខ្វែង នៅក្នុងទូរស័ព្ទដៃ ហើយបានឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី២ ដើម្បីបន្តនីតិវិធី៕

Share.