សារព័ត៌មានល្បីៗជាច្រើនស្ថាប័នដូចជា Reuters, BBC, The Guardian, Xinhua News, CNA, Aljazeera, The Hindu និងស្ថាប័នសារព័ត៌មានល្បីៗផ្សេងៗទៀត បាននិងកំពុងចុះផ្សាយព្រោងព្រាតអំពីជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ធៀបនឹងគណបក្សផ្សេងៗទៀតគិតត្រឹមម៉ោងប្រមាណជាជាង ៨យប់ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។

សារព័ត៌មាន CNA ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានរៀបរាប់ថា គណបក្សប្រជាជនកម្ពុជា (CPP) ត្រូវបានគេរំពឹងនឹងរក្សាអាសនៈទាំង១២៥ នៅក្នុងសភាជាន់ទាប(រដ្ឋសភា) ដោយអូសបន្លាយការកាន់អំណាច និងត្រួសត្រាយផ្លូវសម្រាប់ការបន្តវេន។

សារព័ត៌មានបរទេសទាំងនោះ ក៏បានស្រង់ប្រសាសន៍ឯកឧត្តមសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលនិយាយថា«យើងបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ប៉ុន្ដែយើងមិនទាន់អាចគណនាចំនួនអាសនៈនៅឡើយទេ»។

ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយបរទេសក៏ចាប់អារម្មណ៍ប្រសាសន៍ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំពោះលទ្ធផលបឋមនៃអ្នកបោះឆ្នោតទូទាំងប្រទេសនាយប់ថ្ងៃអាទិត្យនេះ ដែលបើតាមប្រមុខ គ.ជ.ប អត្រាអ្នកបោះឆ្នោតមាន៨៤.៥៨ភាគរយ ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសរុបជិត១០លាននាក់។

សូមជម្រាបថា ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត នឹងប្រកាសលទ្ធផលជាផ្លូវការតាមប្រតិទិន គ.ជ.ប នៅថ្ងៃទី៩ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ ឆ្នាំ២០២៣ មានប្រជាជនជាង ៩,៧លាននាក់ បានចុះឈ្មោះដើម្បីបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ ចាប់តាំងពីអង្គការសហប្រជាជាតិបានបើកការស្ទាប់ស្ទង់មតិលើកដំបូងក្នុងឆ្នាំ១៩៩៣៕

Share.