សិល្បៈ​ជាតិ​៖ តារា​សម្ដែង​ភាពយន្ត​ជើង​ចាស់​អ្នក​នាង​ អម្ពរ ទេវី ​កំពុង​តែ​ជួប​ទុក្ខ​ធ្ងន់​នៅ​ឯ​នាយ​សមុទ្រ​ ដោយ​សារ​តែ​អ្នក​ម្ដាយ​ជា​ទី​គោរព​ស្រលាញ់​បាន​លាចាក​លោក​នេះ​កាល​ពី​​ពេល​ថ្មីៗ​នេះ​។

អ្នក​ម្ដាយរបស់​​អ្នក​នាង​ អម្ពរ ទេវី ​លោក​យាយ​ ហោ សុខា បាន​ទទួល​​​អនិច្ច​កម្ម​​ កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​កក្កដា ឆ្នាំ​២០២៣ ​នៅ​សហរដ្ឋ​អាមេរិក​ ក្នុង​ជន្មាយុ​ ៨៣​ ឆ្នាំ​ (​១៩៤០-២០២៣) ដោយ​ជរាពាធ​។​​

តារា​សម្ដែង​ភាពយន្ត​ដ៏​ល្បីល្បាញ​នា​ទស្សវត្សរ៍​ទី​៩០ ​អ្នក​នាង​ អម្ពរ​ ទេវី​បាន​ឃ្លាត​ឆ្ងាយ​ពី​រង្វង់​សិល្បៈ​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ហើយ​យូរ​ម្ដងៗ​អ្នក​នាង​បាន​ត្រលប់​មក​ស្រុក​កំណើត​ ដែល​ជា​ឱកាស​ឱ្យ​ផលិតករ​ដែល​នៅ​តែ​ស្ដាយ​សមត្ថភាព​អ្នក​នាង​មាន​ឱកាស​ទាញ​អ្នក​នាង​មក​ចូលរួម​សម្ដែង​ដើម្បី​បម្រើ​ឱ្យ​អារម្មណ៍​អ្នក​ទស្សនា​ ដូច​ជា​ភាពយន្ត​ «ទឹកចិត្ត​អ្នក​ម្ដាយ​សម័យ​ថ្មី» ដែល​ជា​រឿង​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទឹក​ចិត្ត​ម្ដាយ​ដែល​រស់​នៅ​ឋានៈ ​និង​ជីវភាព​ខុស​គ្នា​ ប៉ុន្តែ​ក្ដី​ស្រលាញ់​ និង​ទំហំ​ទឹក​ចិត្ត​ជា​ម្ដាយ​ធំធេង​ជាង​មហាសមុទ្រ​ដូច​គ្នា​៕

Share.