ក្រុមអ្នកតវ៉ា បានយល់ព្រមរំសាយការជួបជុំតវ៉ាស ក្រោយពីមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការសម្របសម្រួលយកសំណើអ្នកតវ៉ា ដាក់ជូនថ្នាក់លើ។ ក្រុមអ្នកតវ៉ា ដែលមានរថយន្ដធំៗ ដូចជារថយន្ដដឹកដី និងខ្សាច់ បានចំណាយពេល៥ម៉ោងដើម្បីធ្វើការតវ៉ា ដោយបានប្រមូលផ្ដុំគ្នា នៅចំណុចស្ថានីយថ្លឹងរថយន្ដ ស្ថិតនៅផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ កាលពីថ្ងៃទី២០ ខែកក្កដា ២០២១ ប៉ុន្ដែដោយមានកិច្ចសម្របសម្រួល យកសំណើពួកគេ ដាក់ជូនថ្នាក់លើក៏មានការរំសាយ នៃការតវ៉ា។

លោក ឡឹក មិនា តំណាងម្នាក់ក្នុងចំណោមតំណាងទាំង៥នាក់ របស់ក្រុមតៃកុងរថយន្តដឹកដី ដឹកខ្សាច់ រាប់រយគ្រឿង បានឲ្យដឹងថា ការតវ៉ានេះ គ្មានចេតនាណាមួយប្រឆាំងនឹងច្បាប់ ក៏ដូចជាចំណាត់ការរបស់មន្រ្តីជំនាញ និងសមត្ថកិច្ចនោះទេ។ អ្វីដែលធ្វើការតវ៉ានេះ គ្រាន់តែជាសំណូមពរ ឲ្យមានការបន្ធូរបន្ថយ ចំពោះរថយន្ដឃាត់ទុកកន្លងមក ដោយគ្រាន់តែធ្វើការពិន័យ កុំរក្សាទុករហូតដល់១ឆ្នាំ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ដំណើរការ រកស៊ី ព្រោះតែរថយន្ដដែលបានទិញយកមករកស៊ី គឺជាប់បុលធនាគារ។ 

ទន្ទឹមនឹងនេះ ក្រុមអ្នកតវ៉ា ក៏បានស្នើសុំ នៅចំណុចមួយចំនួនទៀត ដែលស្នើឲ្យមានការសម្រួល ដូចជា 

  • រថយន្តកង់៦ អាចដឹកទម្ងន់២៥តោន រថយន្តកង់១០ ដឹកទម្ងន់៣៥តោន 
  • រថយន្តកង់១២ អាចដឹកបាន៤៥តោន 
  • រថយន្តវ៉េអង ប្រភេទសណ្តោង អាចដឹកបាន៥៥តោន បូករួមទាំងសម្បករថយន្ត។ 

ឆ្លើយតបនឹងសំណូមពរ របស់ក្រុមអ្នកតវ៉ា ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលដឹកនាំមន្ត្រីចុះមកធ្វើការសម្របសម្រួល ក្នុងការតវ៉ានេះ បានមានប្រសាសន៍ថា យោងតាមច្បាប់ស្តីពីការដឹកជញ្ជូន ក្នុងមាត្រា២១ ជំពូកទី១០ បានចែងថា ទម្ងន់ដឹកជញ្ជូនអតិបរិមាលើផ្លូវថ្នល់មានដូចតទៅ លើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត រាជធានី និងជនបទត្រូវអនុវត្តដូចខាងក្រោម ៖

  • “ ក ” កម្រិតទម្ងន់អតិបរិមាសង្កត់លើផ្លូវ ៦តោនសម្រាប់ភ្លៅទោល ដែលមានកង់២ស្ថិតនៅផ្នែកចង្កូតរថយន្ត ១១តោនសម្រាប់ភ្លៅភ្លោះ ដែលមានកង់៤ ស្ថិតនៅផ្នែកចង្កូតរថយន្ត ១០តោនភ្លៅទោល ដែលមានកង់៤ និង១៩តោនសម្រាប់ភ្លៅភ្លោះ ដែលមានកង់៨ ហើយ២៤តោន សម្រាប់ភ្លៅភ្លោះ៣ជិតគ្នាដែលមានកង់១២។ ចំណុច ” ខ ” ការកំណត់ទម្ងន់សរុបអតិបរិមារបស់រថយន្តត្រូវកំណត់ត្រឹម១៦តោនសម្រាប់រថយន្តមានភ្លៅ២ គឺភ្លៅទោលផ្នែកខាងមុខ មានកង់២ និងភ្លៅទោលផ្នែកខាងក្រោយរថយន្តមានកង់៤ និង២៥តោនសម្រាប់សម្រាប់រថយន្តមានភ្លៅ៣ គឺភ្លៅទោលផ្នែកខាងមុខ ដែលមានកង់២ និងភ្លៅភ្លោះខាងក្រោយ ដែលមានកង់៨ ហើយ៣០តោន សម្រាប់រថយន្តដែលមានភ្លៅ៤ ភ្លៅភ្លោះរថយន្តផ្នែកខាងមុខដែលមានកង់៤ និងភ្លៅភ្លោះផ្នែកខាងក្រោយមានកង់៨ 
  • ” គ ” ការកំណត់ទម្ងន់អតិបរិមារបស់រថយន្តសណ្តោងរ៉ឺម៉ក ត្រូវកំណត់ត្រឹម៣៥តោន សម្រាប់រថយន្តសណ្តោងរ៉ឺម៉ក ដែលមានភ្លៅ៤ គឺភ្លៅទោលផ្នែកខាងមុខមានកង់២ ភ្លៅទោលផ្ នែកខាងក្រោយ ដែលមានកង់៤ និងភ្លៅទោលខាងក្រោយរ៉ឺម៉កដែលមានកង់៤  ហើយ៤០តោនសម្រាប់រថយន្តសណ្តោងរ៉ឺម៉កដែលមានភ្លៅចាប់ពី៥ឡើងទៅ ចំណុច ” ឃ ” ការកម្រិតទម្ងន់សរុបអនុញ្ញាតិអតិបរិមា មានរថយន្តសណ្តោងរ៉ឺម៉ក ត្រូវកំណត់ត្រឹម៣៥តោនសម្រាប់រថយន្តសណ្តោងរ៉ឺម៉កដែលមានភ្លៅ៤ និង៤០តោនសម្រាប់រថយន្តសណ្តោងរ៉ឺម៉កដែលមានភ្លៅ៥ ចំពោះរថយន្តដែលពុំបានចែងខាងលើត្រូវសុំលិខិតអនុញ្ញាតពិសេស ពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់។

ឯកឧត្តម រដ្ឋលេខាធិការ លើកឡើងទៀតថា ច្បាប់គឺជាច្បាប់ មិនអាចល្មើសបានទេ ប៉ុន្តែ ឯកឧត្តម និងនាំយកសំណើរបស់បងប្អូនទៅដាក់ជូនឯកឧត្តមទេសរដ្ឋមន្ត្រី បានលទ្ធផលយ៉ាងណានឹងផ្តល់ព័ត៌មានជូនវិញ ព្រោះច្បាប់អនុម័តហើយមិនអាចកែបានងាយៗទេ ទាល់តែធ្វើវិសោតនកម្ម។

យ៉ាងណាមិញក្រុមអ្នកតវ៉ា បានរំសាយការប្រមូលផ្ដុំគ្នា នៅវេលាម៉ោង ១២ និង៣០នាទី ថ្ងៃត្រង់ ទី២០ កក្កដា ដោយពួកគេបានយល់ព្រមរំសាយការជួបជុំ និងបើករថយន្ដចេញពីទីតាំងតវ៉ា ដោយរង់ចាំលទ្ធផល នៃការសម្រេចរបស់ថ្នាក់លើ៕

Share.