ភ្នំពេញ ៖ ជនសង្ស័យមានប្រុសមានស្រីសរុបជាង១០នាក់ ជិះម៉ូតូចំនួន៥គ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់កំពុងជិះម៉ូតូតាមផ្លូវ ត្រូវសមត្ថកិច្ចស្ទាក់ឃាត់ខ្លួនបានបក្ខពួកម្នាក់នៅខាងមុខផ្សារបឹងបៃតង ចំណុចភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ចំណែកបក្ខពួកច្រើននាក់ទៀតគេចខ្លួនបាត់អស់។

បើតាមស្ត្រីរងគ្រោះបានឲ្យដឹងថា គ្រាដែលគាត់កំពុងជិះម៉ូតូតាមបណ្តោយផ្លូវកប់ស្រូវ ដល់ចំណុចផ្លូវដែក ក៏ទាញទូរស័ព្ទOPPO មកនិយាយជាមួយគ្រួសារ ស្រាប់តែមានជនសង្ស័យមួយក្រុមគ្នាជាង១០នាក់ មានប្រុស ស្រី ជិះម៉ូតូ៥គ្រឿង មកឆក់យកទូរស័ព្ទរបស់គាត់យកទៅ ហើយនាំគ្នាជិះរត់គេច ភ្លាមៗផ្អើលអ្នកដំណើររួមផ្លូវជួយដេញតាម រហូតដល់មុខផ្សារបឹងបៃតង ក៏មានមានកម្លាំងសមត្ថកិច្ចកំពុងឈរកណ្តាលផ្លូវសម្រួលចរាចរណ៍ ជួយស្ទាក់ឃាត់បានបក្ខពួកម្នាក់ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KF-2188 រីឯជនសង្ស័យច្រើននាក់ទៀត បានគេចខ្លួនបាត់អស់យកទាំងទូរស័ព្ទដែលឆក់បានទៅផង។

ក្រោយឃាត់ខ្លួនបានហើយ​ជនសង្ស័យបានប្រកែកដដែលៗថា ខ្លួនអត់ដឹងអ្វីទេ ឃើញគេរត់ ក៏រត់តាមគេដែរ។ ប៉ុនែតែស្ត្រីរងគ្រោះក៏បានអះអាងថា ជនម្នាក់នេះក៏ជាបក្ខពួករបស់ជនសង្ស័យដែរ ព្រោះអំឡុងពេលធ្វើសកម្មភាពជនសង្ស័យរូបនេះជាអ្នកជិះបិទពីក្រោយ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន ហើយសមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍សំរោងក្រោម និងឲ្យស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ផងដែរ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.