សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាដែលជិតផុតអាណត្តិ បានថ្លែងថា ការប្រគល់តួនាទីឱ្យក្រុមយុវជននៅពេលនេះ ជាពេលវេលាដ៏ស័ក្តិសមសម្រាប់ការធានាបានសុខសន្តិភាព និងការអភិវឌ្ឍ។

ការថ្លែងរបស់សម្តេចយ៉ាងដូច្នេះបានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្លូវក្រវាត់ក្រុងទី៣ នៅព្រឹកថ្ងៃទី៣ខែសីហាឆ្នាំ២០២៣នេះ។

ក្នុងពិធីនោះដែរ សម្តេចបានបញ្ជាក់អំពីការបង្កើតរាជរដ្ឋាភិបាលនៅនីតិកាលទី៧នៃរដ្ឋសភាដែលកើតក្រោយការបោះឆ្នោតកាលពីថ្ងៃទី២៣ខែកក្កដាឆ្នាំ ២០២៣ថា ការបង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មីមានសេនារីយោចំនួនពីរ។ក្នុងនោះ ទី១ គឺឱ្យអ្នកចាស់ដឹកនាំមួយឆ្នាំ ទៅពីរឆ្នាំសិន និងសេនារីយោទី២ គឺឱ្យអ្នកថ្មីដឹកនាំចាប់ពីដើមអាណត្តិតែម្តង។ ចុងក្រោយ គឺសម្រេចយកសេនារីយោទី២។

ក្នុងនោះសម្តេចបានថ្លែងថា អ្នកបន្តវេនបានរៀបចំខ្លួនបានយ៉ាងល្អ សម្រាប់ទទួលអម្រែកបន្តពីអ្នកចាស់ដោយសារ រាជរដ្ឋាភិបាលអាណត្តិថ្មី មានថ្នាក់បណ្ឌិតជាងពាក់កណ្តាល។ម្យ៉ាងទៀតក្រុមអ្នកដឹកនាំវ័យក្មេងក្នុងជួររាជរដ្ឋាភិបាលថ្មីខ្លះត្រូវបានដាក់បញ្ចូលក្នុងជួរឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីជាយូរមកហើយ ដូចជា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងបរិស្ថាននិងក្រសួងកសិកម្មជាដើម។

តាមគម្រោង រាជរដ្ឋាភិបាលអាណត្តិថ្មីដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាណែតហើយដែលមានសមាភាពភាគច្រើនជាយុវជននោះនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២២ខែសីហាខាងមុខនេះ។សម្រាប់សម្តេចហ៊ុន សែននិងឥស្សរជនមួយចំនួនទៀតក្នុងគណៈរដ្ឋមន្ត្រីផុតអាណត្តិនឹងត្រូវទៅកាន់តំណែងក្នុងឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សមាជិករដ្ឋសភា និងព្រឹទ្ធសភាផងដែរ។សម្តេចហ៊ុន សែនក៏នឹងត្រូវកាន់តំណែងជាប្រធានព្រឹទ្ធសភានៅខែកុម្ភៈឆ្នាំ ២០២៤ ជំនួសឯកឧត្តម សាយ ឈុំដែលនឹងត្រូវដកខ្លួនមកផ្តោតទៅលើការងាររបស់គណបក្ស៕

Share.