«អស់លោកកំពុងតែថាឥលូវហ្នឹង ជម្លោះផ្ទៃក្នុងកំពុងតែតានតឹងណាស់នៅទីក្រុងភ្នំពេញ រវាង ស ខេង ជាមួយនិង ហ៊ុន សែន អំពីការផ្ទេរអំណាច! អស់លោកវាយតម្លៃខុសឆ្ងាយពេកហើយ គ្រាន់តែ ស ខេង ឬក៏ ស សុខា មិនធ្វើការឆ្លើយតបតែប៉ុណ្ណោះ»។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងឱកាសម្ពោធផ្លូវ ប្រារព្ធនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី៣ ខែសីហានេះ។

បើតាមសម្ដេចតេជោ គណបក្សប្រជាជនកម្ពុជា គ្មានទំលាប់ទាស់គ្នានោះទេ ផ្ទុយទៅវិញគឺក្រុមអ្នកនយោបាយគណបក្សប្រឆាំងទៅវិញទេដែលតែងតែមានការទាស់ទែងខ្វែងគំនិតគ្នា និងថែមទាំងផ្ដល់ការវិភាគដោយមិនផ្អែកលើទិដ្ឋភាពជាក់ស្ដែង និងច្បាប់ ពិសេសរដ្ឋធម្មនុញ្ញ។ សម្ដេចបានថ្លែងអរគុណ ដែលក្រុមអ្នកប្រឆាំងតែងតែវាយតម្លៃខុសអំពីសម្ដេច រួមទាំងគណបក្សប្រជាជនកម្ពុជា ដូចពួកខ្មែរក្រហមដែលតែងតាំងវាយតម្លៃខុសដែរ។

ជុំវិញសាមគ្គីភាពផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជានេះដែរ កាលពីខែឧសភា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុកកំពង់ត្របែក ថា«សាមគ្គីភាព និងឯកភាពផ្ទៃក្នុងជាកត្តាដ៏មានសារៈសំខាន់មិនអាចខ្វះបាន!»។ នេះបើតាមកំណត់ត្រាក្នុងសៀវភៅទស្សនៈសម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២២»។

សម្ដេច ស ខេង បញ្ជាក់ថា«ថ្នាក់ដឹកនាំកំពូលនៃគណបក្សយើង បើទោះបីទទួលរងនូវការបំបែកបំបាក់ ការញុះញង់ពីមជ្ឈដ្ឋានខាងក្រៅ ឬពីមជ្ឈដ្ឋានបរទេសយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកដឹកនាំគណបក្សយើងរក្សាបានសាមគ្គីភាពផ្ទៃក្នុងយ៉ាងរឹងមាំ។ សាមគ្គីភាពនេះ គឺយើងផ្អែកទៅលើគោលការណ៍ គោលនយោបាយ ឬក៏បន្ទាត់នយោបាយ! នេះជាការសាមគ្គីភាពមួយ!»។

បើតាមសម្ដេចក្រឡាហោម សាមគ្គីភាពនេះ​ក៏ចំណុះទៅលើទំនាក់ទំនង សហប្រតិបត្តិការ មនោសញ្ចេតនាជាមួយគ្នាដែរ។ សម្ដេចបញ្ជាក់ថា«មិនមែនអ្នកនយោបាយអត់មានមនោសញ្ចេតនានោះទេ មិនមែនអត់ទេ! ប៉ុន្តែចង់និយាយថាប្រសិនបើអ្នកណាធ្វើខុស អ្នកហ្នុងទទួលខុសត្រូវ! ព្រោះអាហ្នុងជារឿងមួយផ្សេងទៀត។ អ៊ីចឹងហើយសាមគ្គីឯកភាព ជាបទពិសោធរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា»៕

Share.