នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើសារពិសេសមួយជូនជនរួមជាតិ សភាពការណ៍នយោបាយ និងសាមគ្គីភាពផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីក្រុមប្រឆាំងបានលើកឡើងជាបន្តបន្ទាប់នូវព័ត៌មានមិនពិតអំពីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា។ សម្ដេចបញ្ជាក់ក្នុងន័យដើមខាងក្រោមនេះ។

សារផ្ញើជូនបងប្អូនជនរួមជាតិ ជាទីគោរព!

ក្រោយការបោះឆ្នោតជាសាកលជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ និងជាពិសេសក្រោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសារពិសេស បន្ទាប់ពីបានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រុមអ្នកនយោបាយ និងអ្នកវិភាគដែលមាននិន្នាការប្រឆាំង បានលើកឡើងជាបន្តបន្ទាប់ នូវរបស់ដែលហៅថា “មានការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ក្នុងរង្វង់គណបក្សប្រជាជនកម្ពុជា”។

ក្នុងន័យនេះ ក្នុងនាមខ្ញុំ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិខ្មែរទាំងអស់ ជាពិសេសប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ជ្រាបថា៖

ជ័យជម្នះ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងឆ្នោត ៨២,៣០% នៃអត្រាអ្នកបានទៅបោះឆ្នោត ៨៤,៥៩% បានស្តែងឲ្យឃើញនូវកម្លាំងសាមគ្គីជាប្រពៃណីដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងការបន្តគាំទ្រយ៉ាងទូលំទូលាយពីសំណាក់ប្រជាពលរដ្ឋ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ ប្រសិនបើមានការបែកបាក់ដូចការគិតស្មានរបស់ពួកគេមែននោះ ម្លេះសមគណបក្សប្រជាជនកម្ពុជា មិនមានភាពរឹងមាំ និងមិនទទួលបានការគាំទ្រពីសំណាក់ប្រជាជន កាន់តែច្រើនជាលំដាប់ ពីអាណត្តិមួយ ទៅអាណត្តិមួយនោះទេ។

ឧបាយកលបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា បានកើតឡើងតាំងពីអតីតកាល ពោលគឺកើតឡើងតាំងពីគណបក្សនយោបាយខ្លះ ពុំទាន់បានចាប់កំណើតផង រហូតដល់មានគណបក្សខ្លះបានត្រូវរលំរលាយបែកបាក់ខ្ចាត់ខ្ចាយ ក៏ពួកគេនៅតែធ្វើនយោបាយដ៏ឆោតល្ងង់ មានឧបាយកលទុច្ចរិត តែផ្ទុយទៅវិញ គណបក្សប្រជាជនកម្ពុជា នៅតែរក្សាបានការឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ ដើម្បីបន្តដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ននេះ គឺបានបង្ហាញច្បាស់ក្នុងប្រវត្តិសាស្រ្ត នៃបេសកម្មរបស់ខ្លួន គ្រប់កាលៈទេសៈ គឺសុទ្ធតែមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរទូទៅ ដូចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកបានមានប្រសាសន៍បញ្ជាក់រួចហើយ កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣ ម្សិលម៉ិញនេះ។

ជាថ្មីម្តងទៀត ខ្ញុំគូសបញ្ជាក់ជំហរដ៏មុតមាំរបស់ខ្ញុំជូនបងប្អូនជនរួមជាតិ ជ្រាបថា៖

-ខ្ញុំតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត។

-ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ខ្ញុំក៏នឹងគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន។

ក្នុងន័យនេះ ខ្ញុំនឹងបន្តគាំទ្រ និងជួយទំនុកបម្រុងឲ្យរដ្ឋាភិបាល អាណត្តិទី៧ ដែលមានឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានបំពេញភារកិច្ចរបស់ខ្លួន ឲ្យទទួលបានជោគជ័យតាមគោលការណ៍ទាំងឡាយដែលសម្រេចដោយសន្និបាតគណបក្សប្រជាជនកម្ពុជា។

សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើនក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ ៕

រាជធានីភ្នំពេញ ថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣

សម្តេចក្រឡាហោម ស ខេង

អនុប្រធានគណបក្សប្រជាជនកម្ពុជា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

សូមបញ្ជាក់ថាក្នុងឱកាសម្ពោធផ្លូវ ប្រារព្ធនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី៣ ខែសីហានេះសម្ដេចតេជោ បានមានប្រសាន៍ថា «អស់លោកកំពុងតែថាឥលូវហ្នឹង ជម្លោះផ្ទៃក្នុងកំពុងតែតានតឹងណាស់នៅទីក្រុងភ្នំពេញ រវាង ស ខេង ជាមួយនិង ហ៊ុន សែន អំពីការផ្ទេរអំណាច! អស់លោកវាយតម្លៃខុសឆ្ងាយពេកហើយ គ្រាន់តែ ស ខេង ឬក៏ ស សុខា មិនធ្វើការឆ្លើយតបតែប៉ុណ្ណោះ»។

បើតាមសម្ដេចតេជោ គណបក្សប្រជាជនកម្ពុជា គ្មានទំលាប់ទាស់គ្នានោះទេ ផ្ទុយទៅវិញគឺក្រុមអ្នកនយោបាយគណបក្សប្រឆាំងទៅវិញទេដែលតែងតែមានការទាស់ទែងខ្វែងគំនិតគ្នា និងថែមទាំងផ្ដល់ការវិភាគដោយមិនផ្អែកលើទិដ្ឋភាពជាក់ស្ដែង និងច្បាប់ ពិសេសរដ្ឋធម្មនុញ្ញ។ សម្ដេចបានថ្លែងអរគុណ ដែលក្រុមអ្នកប្រឆាំងតែងតែវាយតម្លៃខុសអំពីសម្ដេច រួមទាំងគណបក្សប្រជាជនកម្ពុជា ដូចពួកខ្មែរក្រហមដែលតែងតាំងវាយតម្លៃខុសដែរ។

ជុំវិញសាមគ្គីភាពផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជានេះដែរ កាលពីខែឧសភា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុកកំពង់ត្របែក ថា«សាមគ្គីភាព និងឯកភាពផ្ទៃក្នុងជាកត្តាដ៏មានសារៈសំខាន់មិនអាចខ្វះបាន!»។ នេះបើតាមកំណត់ត្រាក្នុងសៀវភៅទស្សនៈសម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២២»។

សម្ដេច ស ខេង បញ្ជាក់ថា«ថ្នាក់ដឹកនាំកំពូលនៃគណបក្សយើង បើទោះបីទទួលរងនូវការបំបែកបំបាក់ ការញុះញង់ពីមជ្ឈដ្ឋានខាងក្រៅ ឬពីមជ្ឈដ្ឋានបរទេសយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកដឹកនាំគណបក្សយើងរក្សាបានសាមគ្គីភាពផ្ទៃក្នុងយ៉ាងរឹងមាំ។ សាមគ្គីភាពនេះ គឺយើងផ្អែកទៅលើគោលការណ៍ គោលនយោបាយ ឬក៏បន្ទាត់នយោបាយ! នេះជាការសាមគ្គីភាពមួយ!»។

បើតាមសម្ដេចក្រឡាហោម សាមគ្គីភាពនេះ​ក៏ចំណុះទៅលើទំនាក់ទំនង សហប្រតិបត្តិការ មនោសញ្ចេតនាជាមួយគ្នាដែរ។ សម្ដេចបញ្ជាក់ថា«មិនមែនអ្នកនយោបាយអត់មានមនោសញ្ចេតនានោះទេ មិនមែនអត់ទេ! ប៉ុន្តែចង់និយាយថាប្រសិនបើអ្នកណាធ្វើខុស អ្នកហ្នុងទទួលខុសត្រូវ! ព្រោះអាហ្នុងជារឿងមួយផ្សេងទៀត។ អ៊ីចឹងហើយសាមគ្គីឯកភាព ជាបទពិសោធរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា»៕

Share.