យោងតាមបញ្ជីបេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ត នីតិកាលទី៧ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចេញផ្សាយជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៥ ខែកក្កដានេះ តំណាងរាស្រ្តចាស់ជាងគេបំផុត គឺសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន។

សម្ដេចអគ្គមហាពញាចក្រី មានអាយុ៩០ឆ្នាំហើយ។ យោងតាមបញ្ជី គ.ជ.ប សម្ដេចកើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៣៤។ សម្ដេចគឺ​ជាកូនកសិករនៅ​ក្នុងភូមិ​អន្លង់​ក្រេះ ឃុំ​កក់ ស្រុក​ពញាក្រែក។ សម្ដេច​មាន​ភរិយា​ឈ្មោះ សៅ ទី និងទទួលបានគោរមងារជាសម្ដេចធម្មវិសុទ្ធវង្សា។ សម្ដេចទាំងទ្វេ ​មានកូនចំនួន៤នាក់។

សម្ដេច​សិក្សា​នៅ​សាលា​ពុទ្ធិកបឋមសិក្សាខេត្តកំពង់ចាម​នា​អំឡុង​ឆ្នាំ១៩៥៤ និង​​រៀន​វគ្គ​នយោបាយ​ជាន់ខ្ពស់​នៅ​វៀតណាមទៀតផង។ ឆ្នាំ១៩៦៩ សម្ដេចជា​ប្រធាន​កងអនុសេនាតូច ចលនា​ប្រដាប់អាវុធ តំបន់២០ ភូមិភាគបូព៌ា ក្រោយមកជា​ប្រធាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុ​ជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា។

នៅ​ឆ្នាំ១៩៨១ សម្ដេច​ជា​អគ្គលេខាធិការ​មជ្ឈិមបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា (ក្រោយ​មកជា​រដ្ឋ​កម្ពុជា) ហើយ​ចាប់ពី​ឆ្នាំ១៩៩១ សម្ដេចក៏ក្លាយជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជារហូតដល់បច្ចុប្បន្ន។ សម្ដេច​កាន់តំណែង​ជា​ប្រធានរដ្ឋសភាជាតិ​ចាប់ពី​ឆ្នាំ២០០៦មក។

ងាកទៅមើលតំណាងរាស្រ្តជាប់ឆ្នោតក្មេងជាងគេបំផុតវិញ បើតាមបញ្ជី គ.ជ.ប ដដែល គឺឯកឧត្តម ញឿន រ៉ាដែន។ ឯកឧត្តម ញឿន រ៉ាដែន មានអាយុ៣៧ឆ្នាំ ជាតំណាងរាស្រ្តម្នាក់ ក្នុងចំណោម៥អង្គនាក់មកពីគណបក្សហ៊្វុនស៊ិនប៉ិច។ បក្សរាជានិយមមួយនេះឈ្នះបាន៥អាសនៈ ខណៈបក្សប្រជាជនកម្ពុជាឈ្នះបាន១២០អាសនៈ។

ក្នុងបទសម្ភាសន៍កម្មវិធី «តុកញ្ចក់» របស់សារព័ត៌មានត្រយង ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ឯកឧត្តម ញឿន រ៉ាដែន ដែលជាប់ឆ្នោតនៅមណ្ឌលខេត្តកំពង់ចាម បានឱ្យដឹងថាឯកឧត្តម មានស្រុកកំណើតនៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។ បើតាមឯកឧត្តម នៅទីនោះមានពលរដ្ឋស្គាល់ និងស្រលាញ់ច្រើន។

ឯកឧត្តមមានប្រសាសន៍ថា«ប្រជារាស្រ្តលោកគាំទ្រខ្ញុំ ហើយជាពិសេសលោកគាំទ្រព្រះអង្គ[ម្ចាស់ នរោត្តម ចក្រាវុធ]ណាស់! ខ្ញុំឧស្សាហ៍យាងព្រះអង្គទៅខេត្តកំពង់ចាមដែរ ព្រោះជំនាន់សម្ដេចក្រុមព្រះ លោកឈរជាអ្នកតំណាងរាស្រ្តនោះ លោកឈរនៅខេត្តកំពង់ចាម ព្រោះអ្នកកំពង់ចាមជាអ្នករាជានិយមច្រើន…»។

តំណាងរាស្រ្តក្មេងជាងគេបំផុតរូបនេះ មានប្រវត្តស្នាក់នៅវត្តចិនដំដែករាជធានីភ្នំពេញ និងចូលគាំទ្រគណបក្សហ្វ៊ុនស៊ិនប៉ិចតាំងពីនៅជាយុវជន ដោយសារតែឪពុកម្ដាយ និងក្រុមគ្រួសារ ជាអ្នកគាំទ្ររាជានិយមដ៏ស្មោះស្ម័គ្រ។ ឯកឧត្តមបានទទួលជ័យលាភីយុវជនឆ្នើមរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចក្នុងកម្មវិធីរៀបចំដោយអង្គការIRI។

ទន្ទឹមនឹងឈរឈ្មោះលំដាប់ទី១នៃគណបក្សហ្វ៊ុនស៊ិនប៉ិចសម្រាប់ការបោះឆ្នោតនៅមណ្ឌលខេត្តកំពង់ចាម ក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតនីតិកាលទី៧នោះដែរ ឯកឧត្តម ញឿន រ៉ាដែន ត្រូវបានគណបក្ស ជាពិសេសព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជាអ្នកនាំពាក្យគណបក្សហ្វ៊ុនសប៉ិចទៀតផង។

សូមបញ្ជាក់ថាឥស្សរជនតំណាងរាស្រ្តអាយុច្រើនជាងគេបំផុតបន្ទាប់មានដូចជា សម្ដេច គង់ សំអុល, ឯកឧត្តម ម៉ុម សាផុន, ឯកឧត្តម ពេជ្រ ប៊ុនធិន និងសម្ដេច ទៀ បាញ់។ ចំណែកតំណាងរាស្រ្តក្មេងជាងគេបំផុតបន្ទាប់ មានដូចជាឯកឧត្តម នាង ចាន់ណាក់, ឯកឧត្តម ហ៊ុន ម៉ានី, ឯកឧត្តម នង វាសនា និងឯកឧត្តម ស សុខា៕

Share.