សិល្បៈជាតិ​៖ ថ្មីៗ​នេះ​តារា​ចម្រៀង​ចាស់​វស្សា​នៃ​ផលិតកម្ម​ Town Production គឺ​លោក​ សុគន្ធ ថេរ៉ាយុ បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​ ដើម្បី​ជា​ចំណង​ដៃ​សម្រាប់​អ្នក​គាំទ្រ​ដែល​នៅ​តែ​ស្រលាញ់​និង​ពេញចិត្ត​រូប​លោក​។ ប៉ុន្តែ​ក្នុង​ចំណោម​អ្នក​ដែល​ចូល​មក​បញ្ចេញ​មតិ​យោបល់​ចំពោះ​បទ​ចម្រៀង​ថ្មី​នេះ​មាន​​ម្នាក់​បាន​លើក​​ជា​មតិ​ឡើង​​ដែល​ធ្វើ​ឱ្យ​តារា​ចម្រៀង​រូប​នេះ​ផ្ទុះ​កំហឹង។

បទ​ចម្រៀង​ «100K» គឺជា​បទ​ចម្រៀង​និពន្ធ​ថ្មី​ ដែល​បាន​បង្ហោះ​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៣។ បទ​ចម្រៀង​ថ្មី​នេះ​ទទួល​បាន​ការ​សរសើរ​និង​សាទរ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ដែល​គាំទ្រ​លោក​ ដោយ​ម្នាក់​ៗ​បាន​បញ្ចេញ​មតិ​ដូចៗ​គ្នា​ថា​ ពីរោះ​ណាស់​ អាយ​ដល​។ យ៉ាង​ណា​មិញ​ក្នុង​ចំណោម​អ្នក​សរសើរ​ទាំង​អស់​នោះ​គេ​សង្កេត​ឃើញ​មាន​ម្នាក់​បាន​បញ្ចេញ​ ​មតិ​​ដែល​ធ្វើ​ឱ្យ​ម្ចាស់​បទ​ «​មហារីក​បេះដូង​» ខឹង​ឆេះដុំ​យ៉ាង​ខ្លាំង​។ «សំឡេង​កែ​មិន​ឡើង​។ ទុក​ឱកាស​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ទៅ​ប្អូន​»។

ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​ខាង​លើ​នេះ​ សុគន្ធ ថេរ៉ាយុ បាន​រៀបរាប់​នៅ​លើ​បណ្ដាញ​សង្គម​វិញ​ថា​៖ «អរគុណ​ណាស់​បង​ដែល​បាន​ចូល​ comments ​ក្នុង​បទ​ចម្រៀង​របស់​ខ្ញុំ​ ខ្ញុំ​អត់​ចង់​ច្រៀង​ដើម្បី​ចង់​ឈ្នះ​ចាញ់​ប្អូនៗ​ជំនាន់​ក្រោយ​នោះ​ទេ​​ ហើយ​ក៏​អត់​គិត​ថា​ខ្លួន​ឯង​ត្រូវ​តែ​ល្បីល្បាញ​ជាង​អ្នកណា​ៗ​ដែរ​​ កាល​ដែល​ខ្ញុំ​ចូល​មក​ច្រៀង​វិញ​ពេលនេះ​ខ្ញុំ​គ្រាន់​តែ​បំពេញ​បំណង​អ្នក​ដែល​គាំទ្រ​ខ្ញុំ​មួយ​ចំនួន​តូច​ដែល​គាត់​បាត់​មុខ​ខ្ញុំ​យូរ​​ ព្រោះ​ពួក​គាត់​មិន​ដែល​ឃើញ​ខ្ញុំ​ចេញ​ចម្រៀង​​ដូច​មុន​យូរ​ហើយ​ ទោះ​អ្នក​គាំទ្រ​ខ្ញុំ​មាន​តែ​មួយ​រយ​នាក់​ក៏​ដោយ​ក៏​ខ្ញុំ​សប្បាយ​ចិត្ដ​ដែរ​​ ព្រោះ​វា​ជា​ការ​ស្រលាញ់​ចេញ​ពី​ចិត្ត​ពី​បេះដូង​ពិត​របស់​ពួក​គាត់​ ខ្ញុំ​ចង់​បញ្ជាក់​ប្រាប់​បង​បន្តិច​ថា​​ ខ្ញុំ​មក​ច្រៀង​វិញ​នេះ​ព្រោះ​ទីមួយ​ខ្ញុំ​ចង់​បំពេញ​បំណង​អ្នក​គាំទ្រ​ខ្ញុំ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ​​ មួយ​ទៀត​ខ្ញុំ​គ្រាន់​តែ​ចង់​បំពេញ​បំណង​ការ​ស្រលាញ់​សិល្បៈ​របស់​ខ្ញុំ​តាំង​ពី​ក្មេង​មក​ខ្ញុំ​មិន​ចង់​បោះបង់​វា​»​ ហើយ​មួយ​ទៀត​ខ្ញុំ​គ្រាន់​តែ​ច្រៀង​ឬ​ថត​ដើម្បី​អោយ​ខ្លួន​ឯង​សប្បាយ​ចិត្ត​ឬ​រវល់​តែ​ប៉ុណ្ណោះ​ដើម្បី​កុំ​អោយ​គិត​ច្រើន​មិន​បាន​ចង់​ឈ្នះ​ចង់​ប្រជែង​ជាមួយ​អ្នកណា​ម្នាក់​ឡើយ​ក្នុង​ពិភពសិល្បៈ​នេះ​ បង​អាច​មិន​ស្គាល់​ខ្ញុំ​ច្បាស់​តែ​បង​អាច​ស៊ើបសួរ​​អ្នក​នៅ​ក្នុង​រង្វង់​សិល្បៈ​បាន​ថា​តើ​ខ្ញុំ​ជាមួយ​មនុស្ស​បែប​ណា​?​ ឈ្នានីស​ច្រណែន​ខ្លាច​ប្អូន​ជំនាន់​ក្រោយ​ល្បី​ជាង​ឬ​យ៉ាងណា​?​ ជា​មនុស្ស​ចង់​មាន​មុខមាត់​ខ្ពស់​ជាង​គេ​ជាង​ឯង​ឬ​យ៉ាងណា​ ​ខ្ញុំ​មាន​តែ​អោយ​តំលៃ​ប្អូន​ជំនាន់​ក្រោយ​​ ជួប​ពួកគាត់​មាន​តែ​រាក់ទាក់​ណែនាំ​និយាយ​លេង​ពីនេះពីនោះ​​ ​មិន​ដែល​គិត​ថា​គាត់​ល្បី​លើស​ខ្ញុំ​​ ខ្ញុំ​ត្រូវ​តែ​ច្រណែន​ពួក​គាត់​ទេ​ ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ណាស់​ក្នុង​វិស័យ​នេះ​ពិត​ណាស់​រលក​ក្រោយ​ត្រូវ​តែ​ច្រាន​រលក​មុខ​​ តែ​ខ្ញុំ​សុំ​អោយ​បង​និយាយ​រិះគន់​​អី​សូម​បង​យក​ខួរ​របស់​បង​មក​គិត​សិន​ចាំ​និយាយ​ចេញ​មក​​ព្រោះ​ការ​និយាយ​របស់​បង​អាច​ធ្វើ​ខ្ញុំ​ឬ​អ្នក​សិល្បៈ​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត​​ ព្រោះ​សម្ដី​ដែល​មិន​បាន​ឆ្លង​កាត់​ខួរក្បាល​របស់​បង​​ ចុង​ក្រោយ​អរគុណ​ដែល​ចំណាយ​ពេល​តាមដាន​ជីវិត​ផ្ទាល់​ខ្លួន​ខ្ញុំ​នឹង​រិះគន់​សំឡេង​របស់​ខ្ញុំ​​ ​។»

ពាក្យរិះគន់​បែបនេះ​ មែនទែន​ទៅ​ មិន​មែន​ទើប​តែ​កើត​ឡើង​ចំពោះ​ សុគន្ធ ថេរ៉ាយុ នោះ​ឡើយ​ រាល់​តារា​ដែល​ជា​មនុស្ស​សាធារណៈ រមែងនូវ​ការ​រិះគន់ ជា​រឿយៗ​ ទាំង​ទៅ​លើ​សមត្ថភាព​ សំឡេង ការ​សម្ដែង​ ការតុបតែង​ ឬ ​រូប​សម្រស់​ជា​ដើម។

បន្ទាប់​ពី​តារា​ចម្រៀង​រូប​នេះ​​​បាន​ឆ្លើយ​តប​រួច​គេមើល​ឃើញ​ថា​មាន​អ្នក​​គាំទ្រ​ជា​ច្រើន​របស់​តារា​ចម្រៀង​រូប​នេះ​បាន​ចូល​មក​លើក​ទឹក​ចិត្ត​ព្រម​ទាំង​អះអាង​ថា​ពួកគេ​នៅ​តែ​បន្ត​លោក​ជា​និច្ច​ ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​បាន​ផ្ដល់​យោបល់​ឱ្យ​តារា​ចម្រៀង​រូប​នេះ​កុំ​ចាយ​ពេលវេលា​ជាមួយ​នឹង​រឿង​ឥត​ប្រយោជន៍​បែបនេះ​ ព្រោះ​​ពួក​គេ​ចាត់​ទុក​សុគន្ធ ​ថេរ៉ាយុ​គឺ​ជា​អាយដល​ខ្លួន​ជា​និច្ច​៕

Share.