ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ទៅកាន់ឥស្សរជនដែលជាប់ឆ្នោតជាអ្នកតំណាងរាស្រ្ត ក្នុងមណ្ឌលនីមួយៗ អញ្ជើញទៅចូលរួមក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ នៅថ្ងៃទីចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៨ និង៣០នាទី។

ព្រះរាជក្រឹត្យដែលត្រូវបានចែកផ្សាយជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានបង្ហាញថាព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានចេញព្រះរាជក្រឹត្យដោយឡែកៗទៅកាន់បេក្ខជនជាប់ឆ្នោតនីមួយៗ។ ជាក់ស្ដែងព្រះរាជក្រឹត្យត្រាស់បង្គាប់ឯកឧត្តម ខៀវ កាញារីទ្ធ ដែលជាបេក្ខជនជាប់ឆ្នោតមណ្ឌលខេត្តកំពង់ចាម។

គួរកត់សម្គាល់ថា កាលពីថ្ងៃទី៧ ខែសីហា​ ឆ្នាំ២០២៣ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង បានត្រាស់បង្គាប់តែងតាំងឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងត្រាស់បង្គាប់ឱ្យដឹកនាំសមាសភាពរាជរដ្ឋាភិបាលទៅសុំសេចក្ដីអនុម័តទុកចិត្តពីរដ្ឋសភា។

ប្រសិនបើគ្មានការប្រែប្រួលទេនោះ នៅថ្ងៃទី១០​ ខែសីហា ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយសមាជិករាជរដ្ឋាភិបាលនីតិកាលទីចាស់ ឬនីតិកាលទី៦ និងសមាជិករាជរដ្ឋាភិបាលនីតិកាលថ្មី ឬនីតិកាលទី៧ នៅវិមាន៧មករា គ.៨៥។

អ្នកតាមដានការវិវត្តន៍នយោបាយនៅកម្ពុជា ផ្ដល់ការអត្ថាធិប្បាយប្រហាក់ប្រហែលគ្នាថាតាមរយៈជំនួបរវាងថ្នាក់ដឹកនាំចាស់ និងអ្នកបន្តវេន នាថ្ងៃទី១០ ខែសីហាខាងមុខនោះ ប្រមុខបក្សកាន់អំណាច អាចនឹងបង្ហាញជាចំហរក្នុងកម្រិតជំនួបនោះ ឬអាចនឹងបញ្ចេញជាសាធារណៈតែម្ដង នូវសមាសភាពអ្នកបន្តវេននីតិកាលថ្មី។

គួរកត់សម្គាល់ដែរថាបន្ទាប់ពីបើកសម័យប្រជុំក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ រដ្ឋសភានឹងបន្តកិច្ចប្រជុំដើម្បីអនុម័តបទបញ្ជាផ្ទៃក្នុងរដ្ឋសភា​ ក្រោមធិបតីភាពព្រឹទ្ធសមាជិក។ ព្រឹទ្ធសមាជិក សំដៅលើបេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតមានអាយុច្រើនជាងគេ ហើយដែលបច្ចុប្បន្នគឺសម្ដេចពញាចក្រី ហេង សំរិន ដែលមានអាយុ៩០ឆ្នាំ។

នៅរសៀលថ្ងៃទី២១ ខែសីហាដដែលនោះ សមាជិកសភា នឹងទៅសច្ចប្រណិធាននៅព្រះរាជបរមរាជវាំងដែលជាកិច្ចចុងក្រោយមុនចូលកាន់តំណែង។ បន្ទាប់មក គឺនៅព្រឹកថ្ងៃទី២២ ខែសីហា រដ្ឋសភានឹងបន្តបើកកិច្ចប្រជុំ ដើម្បីបោះឆ្នោតបង្កើតរចនាសម្ព័ន្ធរដ្ឋសភា និងផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាល។

ការបោះឆ្នោតបង្កើតរចនាសម្ព័ន្ធរដ្ឋសភា និងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាល អាចធ្វើឡើងដាច់ដោយឡែក និងក៏អាចធ្វើងឡើងជាកញ្ចប់ ពោលគឺរបៀបវារៈទាំង២នេះ ត្រូវរៀបចំការបោះឆ្នោតអនុម័តតែមួយលើកជាមួយគ្នាតែម្ដងក៏បាន។ ការបោះឆ្នោតនេះនឹងត្រូវធ្វើឡើងក្រោមសំឡេង៥០ភាគបូក១។

ជាកិច្ចចុងក្រោយនោះ គឺបន្ទាប់ពីទទួលបានការបោះឆ្នោតអនុម័តផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋសភារួចហើយ នៅរសៀលថ្ងៃទី២២ ខែសីហាដដែល សមាសភាពរាជរដ្ឋាភិបាលដឹកនាំដោយឯកឧត្តម បណ្ឌិត​ ហ៊ុន ម៉ាណែត នឹងត្រូវចូលព្រះបរមរាជវាំង ដើម្បីប្រារព្ធពិធីសច្ចាប្រណិធានស្បថចូលកាន់មុខតំណែងជាផ្លូវការ។

សូមបញ្ជាក់ថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ប្រកាសលទ្ធផលជាផ្លូវការហើយ។​ លទ្ធផលប្រកាសថាគណបក្សប្រជាជនកម្ពុជា ឈ្នះបានអាសៈចំនួន១២០ គណបក្សហ្វ៊ុនស៊ិនប៉ិចឈ្នះបាន៥អាសនៈ៕

Share.