ប៉ុន្មាននាទីក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ព្រះតេជគុណ ចាន់ សុជន រួមទាំងព្រះសង្ឃ និងកូនសិស្សចំនួន៥អង្គនាក់ទៀត ត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យហើយ។ នេះបើតាមរូបភាពដែលបង្ហោះលើទំព័រហ្វេសប៊ុក Wat Kchas tv – ទូរទស្សន៍ វត្តខ្ចាស់។ វត្តខ្ចាស់ គឺជាវត្តដែលព្រះតេជគុណ ធម្មាលង្ការោ ចាន់ សុជន គង់ជាព្រះចៅអធិការ និងបានដឹកនាំកសាងព្រះវិហារដ៏ល្បីដែលទើបបញ្ចប់ពិធីបុណ្យបញ្ចុះខណ្ឌសីមាកាលពីប៉ុន្មានខែមុន។

ផ្អែកលើការសន្និដ្ឋានបឋមលើរូបភាព ព្រះតេជគុណ ចាន់ សុជន និងកូនសិស្ស កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យឯកជន ។ ជាការកត់សម្គាល់ ព្រះតេជគុណ បានបង្ហាញព្រះសកម្មភាពយកចិត្តទុកដាក់ក្នុងការពិនិត្យមើលអាការៈកូនសិស្សទាំង៥អង្គនាក់ដែលកំពុងគង់ និងសំរាកលើគ្រែពេទ្យ ក្នុងស្ថានភាពរងបួស ក្នុងនោះកូនសិស្សដែលទំនងជាអ្នកបើករថយន្តមានស្នាមរបួសដៃ ខណៈព្រះសង្ឃអង្គផ្សេងទៀតកំពុងត្រូវបានគ្រូពេទ្យពិនិត្យព្រះកាយ។

សូមបញ្ជាក់ថាតាមរយៈទំព័រហ្វេសប៊ុក ព្រះតេជគុណ ចាន់ សុជន បានបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់របស់ព្រះតេជគុណដើម្បីបញ្ជាក់ដំណឹងដ៏រន្ធត់នេះ។ ដំណឹងនេះ បានធ្វើឱ្យមហាជន ជាពិសេសប្រជាពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស មានក្ដីរន្ធត់ជាពន់ពេក។ បើតាមប្រភពដដែលគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងក្នុងភូមុសាស្រ្តស្រុកថ្មពួក ខណៈពេលព្រះតេជគុណ និងកូនសិស្សចេញពីការដាំដេីមឈេី និងមេីលកិច្ចការនៅ​វត្តធម្មាលង្ការាមភ្នំព្រះ​៕

Share.