ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង​ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានចេញព្រះរាជក្រឹត្យ ផ្ដល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត។

យោងតាមព្រះរាជក្រឹត្យ២ទំព័រ លេខ ន.ស/រកត/០៨២៣/១៧៨០ ចេញផ្សាយនៅថ្ងៃទី៨ ខែសីងហានេះ ព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមឧត្តមបំផុត នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជា កិត្តិទេសាភិបាលបណ្ឌិត ជូនឯកឧត្តម ឯកឧត្តមបណ្ឌិត ហុន ម៉ាណែត តែមួយរូបគត់។

បើតាមព្រះរាជក្រឹត្យ ការត្រាស់បង្គាប់ផ្ដល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមនេះ ធ្វើឡើងដោយទ្រង់យល់សេក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជក្រឹត្យចំនួន១០ផ្សេងទៀត។

ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ទើបទទួលបានការត្រាស់បង្គាប់តែងតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា តាមសេចក្ដីក្រាបបង្គំទូលថ្វាយពីប្រធានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សមានសំឡេងច្រើនជាងគេនៅក្នុងរដ្ឋសភា។

ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត នឹងត្រូវដឹកនាំសមាសភាពរាជរដ្ឋាភិបាល ទៅសុំការអនុម័តផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋសភា។ រដ្ឋសភានឹកបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ នៅថ្ងៃទី២១ ហើយបន្តកិច្ចប្រជុំបោះឆ្នោតអនុម័តបង្កើតរចនាសម្ព័ន្ធរដ្ឋសភា និងផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលអាណត្តិថ្មី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣៕

Share.