សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ច្បាស់នៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ ថាគណបក្សប្រជាជនកម្ពុជា បានព្រមព្រៀម និងរៀបចំរួចស្រេចតាំងពីឆ្នាំ២០២១មកម្លេះអំពីបេក្ខជនប្រធានរដ្ឋសភា គឺលោកជំទាវ ឃួន សុដារី។

លោកជំទាវ ឃួន សុដារី បច្ចុប្បន្នជាអនុប្រធានទី២រដ្ឋសភា និងជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា​ដែលជាក្បាលម៉ាស៊ីនដឹកនាំខ្ពស់បំផុតរបស់បក្ស។ លោកជំទាវ ជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល។ លោកជំទាវធ្លាប់បាត់ដំណែង អនុប្រធានទី២រដ្ឋសភាមួយរយៈក្នុងនីតិកាលទី៥ ដោយសារកិច្ចព្រមព្រៀងនយោបាយជាមួយអតីតគណបក្សសង្គ្រោះជាតិ។

កិច្ចព្រមព្រៀងនយោបាយ បានប្រគល់មុខតំណែងអនុប្រធានទី១រដ្ឋសភាឱ្យទៅកូតាអតីតគណបក្សសង្គ្រោះជាតិ។ ឯកឧត្តម កឹម សុខា បានកាន់តំណែងអនុប្រធានទី១ ហើយឯកឧត្តម ងួន ញ៉ិល អតីតអនុប្រធានទី១ បានចុះមកកាន់តំណែងអនុប្រធានទី២ ដោយរុញបន្តឱ្យលោកជំទាវ ឃួន សុដារី ធ្វើជាសមាជិកសភាធម្មតា។

បើតាមសម្ដេចតេជោ អាណត្តិថ្មីនេះ តំណែងអនុរដ្ឋទី១រដ្ឋសភា​ត្រូវរក្សាជូនឯកឧត្តម ជាម យៀប ដដែល ចំណែកតំណែងអនុប្រធានទី២របស់លោកជំទាវ ឃួន សុដារី នឹងត្រូវផ្ដល់ជូនឯកឧត្តម វង សូត្រ។ ឯកឧត្តម វង សូត្រ បច្ចប្បន្ន កំពុងកាន់មុខតំណែងរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងជាកូនប្រសារសម្ដេច ហេង សំរិន៕

Share.