សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះថារាជរដ្ឋាភិបាលថ្មីនឹងបន្តអនុវត្តនូវគោលនយោបាយ នូវយុទ្ធសាស្រ្តសំខាន់ៗដែលរាជរដ្ឋាភិបាលចាស់ នីតិកាលទី៦ បានអនុវត្ត និងមិនទាន់បានអនុវត្តចប់សព្វគ្រប់ ឬបញ្ហាខ្លះដែលរាជរដ្ឋាភិបាលបានអនុវត្តហើយក៏ពិតមែន ប៉ុន្តែនៅតែបន្តអនុវត្ត ដូចជាការពង្រឹងសុខសន្តិភាព និងស្ថិរភាពនយោបាយជាដើម។

រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងត្រូវដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តមជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧រួចហើយ និងត្រាស់បង្គាប់ឱ្យរៀបចំផ្គូផ្គងសមាសភាពសមាជិករាជរដ្ឋាភិបាល ដើម្បីសុំសេចក្ដីទុកចិត្តពីរដ្ឋសភា នាកិច្ចប្រជុំថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា«បើទោះបីថាខ្ញុំក្ដី អ្នកមួយចំនួនទៀតក្ដី ចាស់ៗ មិនបានបន្តក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មី ប៉ុន្តែក៏នៅតែមានតួនាទីដើម្បីបន្តបំពេញបេសកកម្មដើម្បីជាតិ ដើម្បីប្រជាពលរដ្ឋតទៅទៀត»។ ពីវេទិកាអធិបតីនៃពិធីសម្ពោធសមិទ្ធផលនៅស្រុកកំចាយមារដដែល សម្ដេចបន្ថែមថាព្រោះហេតុដូច្នេះហើយបានជាសម្ដេចសន្យារជួយសាងសង់មត្តេយ្យសិក្សា និងសមិទ្ធផលផ្សេងទៀត។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ គេដឹងរួចជាស្រេចថាទន្ទឹមនឹងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កាន់មុខតំណែងនាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន ត្រៀមទៅកាន់មុខតំណែងប្រធានព្រឹទ្ធសភានាដើមឆ្នាំ២០២៤ ខណៈតំណែងប្រធានរដ្ឋសភាជំនួសសម្ដេច ហេង សំរិន ក្នុងនីតិកាលទី៧ ត្រូវប្រគល់ជូនលោកជំទាវ ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី២រដ្ឋសភា៕

Share.