សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលចាំផ្ទះ នឹងអញ្ជើញជួបសំណេះសំណាល ព្រមទាំងពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងមហាផ្ទៃប្រមាណ៤ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ពោលគឺបន្ទាប់ពីបញ្ចប់ការប្រារព្ធពិធីក្រុងពាលី អគារថ្មីទីស្ដីការក្រសួងមហាផ្ទៃ។

នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធីការ ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំ និងបានផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការរៀបចំពិធីទាំងពីរ និងដើម្បីបែងចែកតួនាទីភារកិច្ចទទួលខុសត្រូវប្រគល់ជូនសមាសភាពនៃគណៈកម្មការ ដើម្បីត្រៀមរៀបចំកម្មវិធីដ៏សំខាន់ទាំងពីរខាងលើ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពរលូន និងអធិអធម។

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ នៃគណៈកម្មការ ថ្លែងថាពិធីក្រុងពាលីនឹងត្រូវរៀបចំនៅពេលព្រឹកដោយមានអ្នកចូលរួមប្រមាណ៨០០នាក់ ដោយគិតចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានឡើង ហើយកម្មវិធីជួបសំណេះសំណាល នឹងត្រូវរៀបចំនៅពេលរសៀលដោយគិតចាប់ពីថ្នាក់ប្រធាន-នាយការិយាល័យឡើង។

សម្ដេចក្រឡាហោម ស ខេង មិនបន្តកាន់មុខតំណែងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅអាណត្តិទី៧ឡើយ។ សម្ដេចបានកាន់មុខតំណែងនេះតាំងពីឆ្នាំ១៩៨២ ជំនួសសម្ដេច ជា ស៊ីម ដែលចេញទៅដឹកនាំសភាប្រជាជន។ ក្រោយការបោះឆ្នោត១៩៩៣ សម្ដេចបានបន្តធ្វើជាសហរដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាមួយឯកឧត្តម យូ ហុគ្រី និងបន្តកាន់តំណែងនេះរហូតដល់ចុងនីតិកាលទី៦ ឆ្នាំ២០២៣៕

Share.