លោក ឱក សេរីសោភក្ដិ៍ អ្នកជំនាញអភិបាលកិច្ចនៅកម្ពុជា កំពុងតាមដានដោយយកចិត្តទុកដាក់នូវរបត់នៃការបន្តវេននៅកម្ពុជា។ ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ អ្នកវិភាគជើងចាស់រូបនេះ បានបន្តចែករំលែកទស្សនៈលើបណ្ដាញសង្គម ពាក់ព័ន្ធនឹងបរិបទនយោបាយ និងអភិបាលកិច្ចនៅកម្ពុជា។

លើកនេះ លោកចាប់អារម្មណ៍អំពីការវិវត្តន៍ចុងក្រោយផ្នែកនយោបាយ ពិសេសបន្ទាប់ពីសមាសភាពគណៈរដ្ឋមន្រ្តីបន្តវេននៃគណបក្សប្រជាជនកម្ពុជា ត្រៀមដឹកនាំរាជរដ្ឋាភិបាលនៅដើមនៅតិកាលទី៧។ ខាងក្រោម ជាខ្លឹមសារដើមទាំងស្រុងនៃទស្សនៈចែករំលែករបស់លោក ឱក សេរីសោភក្ដិ៍ ដែលសារព័ត៌មានត្រយង សូមស្រង់យកមកចុះផ្សាយ។

ឆ្នាំ​ ២០២៣ ជាឆ្នាំប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់កម្ពុជា ពុំធ្លាប់មានទេពីមុនមក។​ ជាការបន្តអំណាច និងផ្ទេរជំនាន់ដឹកនាំ ពីឪពុកទៅកូន​ នៅក្នុងគណបក្សកាន់អំណាចតែមួយ។ ជាការបន្ត​ និងផ្ទេរ ពីជំនាន់ចេញពីការតស៊ូក្នុងព្រៃ ទៅជំនាន់ដែលចេញពីកៅអីសាលារៀន ​(ហើយភាគច្រើនចេញពីសាលាប្រទេសខាងលិច)។

នៅក្នុងសាកលលោកទាំងមូល ពុំដែលមានម៉ូដែលឬគំរូនៃការផ្ទេរអំណាចណា ដែលមានលក្ខណ:ជាប្រព័ន្ធដូច្នេះទេ។​ ក្រៅតែពីតាមរយ:សន្លឹកឆ្នោត ប្រជាពលរដ្ឋគឺជាអ្នកទស្សនាសុទ្ធសាធ ព្រោះដឹងមិនដល់ ឆ្ងល់ក៏មិនកើត។​ ម្ល៉ោះហើយ អនាគតពោរពេញទៅដោយសញ្ញាសួរ ហើយចំឡើយយ៉ាងណានោះ នឹងលេចចេញជាដំណាក់ៗ និងទៅតាមសំណុំរឿងជាក់ស្តែងនិមួយៗ។

មុនជំនាន់ថ្មីមកបន្តវេន ជំនាន់មុនបានឆ្កាគ្រាប់មីនស្អាតអស់ហើយ ឆ្អឹងដែលឆ្លាក់ក្នុងបំពុងក ក៏យកចេញអស់ដែរហើយៗក៏បន្តជួយពង្រឹងផ្នែកខ្លះដែលនៅរសើប​ និងមានហានីភ័យខ្ពស់។

ដូចដែលបង្ហាញដោយរូបភាពខាងក្រោមនេះ សម្រាប់គណបក្សកាន់អំណាច ទាល់តែមានសន្តិភាពផ្ទៃក្នុងបក្ស ទើបមានសន្តិភាពក្នុងផ្ទៃប្រទេស។ ហើយក៏ជា សន្តិភាពដែលត្រូវថែរក្សា ជួសជល់ និងកែលំអជាប្រចាំ។​ ប្រវត្តិសាស្ត្រប្រទេសយើង និងប្រវត្តិសាស្ត្រសាកលលោកបង្ហាញឲ្យយើងឃើញច្បាស់ហើយថា សង្គ្រាមងាយកើត តែសន្តិភាពងាយស្លាប់។

ភារ:កិច្ចជាអាទិភាពរបស់រាជរដ្ឋាភិបាលថ្មី គឺកសាងឡើងវិញនូវទំនុកចិត្តជាមួយ ប្រជាពលរដ្ឋ សង្គមស៊ីវិលដ៏ទូលំទូលាយ និងជាមួយសហគមអន្តរជាតិ។​ នេះជាមាតានៃការអភិវឌ្ឍមួយដ៏រឹងប៉ឹង។

ខែកញ្ញាខាងមុខនេះ ជាខែនយោបាយមួយដ៏សំខាន់សម្រាប់នាយករដ្ឋមន្ត្រីវ័យក្មេងរបស់កម្ពុជា។​ ព្រោះមានប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាកាតានៅសប្តាហ៍ទីមួយ និងនៅមហាសន្និបាតអង្ការសហប្រជាជាតិនៅបូរ៉ីនូវយក​នាចុងខែ។​ ភ្នែកជាតិ និងភ្នែកអន្តរជាតិរាប់លានគូនឹងសម្លឹងមើលមកតួអង្គកម្ពុជាមួយនេះ ដោយការចង់ដឹង ដោយឆ្ងល់ និងដោយការយកចិត្តទុកដាក់។

ពូសូមជូនពរជ័យដល់ក្មួយម៉ាណែត ក្មួយសុខា និងក្មួយៗឯទៀតក្នុងបេសកកម្មដ៏ឧត្តុងឧត្តម ក្នុងការបម្រើប្រទេសជាតិមាតុភូមិ និងប្រជាពលរដ្ឋរបស់យើង។

ជាមួយក្តីស្រឡាញ់ និងគោរពដោយស្មោះ។

សូមបញ្ជាក់ថាសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ គណបក្សប្រជាជនកម្ពុជា បានប្រកាសតាំងពីដើមទីមកម្លេះ ថាខ្លួនមានបេក្ខជននាយករដ្ឋមន្រ្តីដល់ទៅ២រូប ដោយទីមួយគឺសម្ដេចតេជោ ហ៊ុន សែន និងលំដាប់ទីពីរជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត គឺឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត។

ការបោះឆ្នោតដែលមានគណបក្សនយោបាយចូលរួមចំនួន១៨ បានបង្ហាញពីកំណើននៃពលរដ្ឋអញ្ជើញទៅបោះឆ្នោត ក្នុងអត្រាច្រើនជាង៦អាណត្តិកន្លងមកទៅ។ ទន្ទឹមគ្នានោះដែរ គណបក្សប្រជាជនកម្ពុជា ក៏ទទួលបានសំឡេងឆ្នោតគាំទ្រក្នុងអត្រាច្រើនជាងអាណត្តិណាៗទាំងអស់ដែរ ទាំងការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតតំណាងរាស្រ្ត។

លទ្ធផលផ្លូវការត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសថាគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ១២០ ហើយគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈចំនួន៥។ ការបោះឆ្នោតនេះ ត្រូវបានមជ្ឈដ្ឋានខ្លះរិះគន់ចំពោះអវត្តមានគណបក្សប្រឆាំង។ យ៉ាងណាក៏ដោយ សំឡេងរិះគន់ក្រោយការបោះឆ្នោត មិនមែនជារឿងថ្មីទេ។

អគ្គលេខាធិការដ្ឋានរដ្ឋសភា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានប្រកាសបើកស័យប្រជុំដំបូង ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ នៅថ្ងៃទី២២ ខែសីហា រដ្ឋសភានឹងបន្តកិច្ចប្រជុំដើម្បីបោះឆ្នោតបង្កើតរចនាសម្ព័ន្ធដឹកនាំរដ្ឋសភា និងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលថ្មី៕

Share.