ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានច្រានចោលសំណើរបស់ក្រុមអ្នកតវ៉ាថា ក្រសួងមិនអាចបំពានច្បាប់ ដែលសភាជាតិ និងព្រឹទ្ធសភាជាតិ បានអនុម័ត និងឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើប្រាស់ដោយ ព្រះមហាក្សត្រនោះឡើយ។ 

សូមចុចអាន៖ ក្រមអ្នកតវ៉ា យល់ព្រមរំសាយ ក្រោយមន្រ្តីក្រសួងសាធារណការ សន្យាយកសំណើដាក់ជូនថ្នាក់លើ

កាលពីថ្ងៃទី២០ ខែកក្កដា ម្សិលមិញនេះ ក្រុមអ្នកតវ៉ា ប្រមាណជា ៤០០នាក់ បានស្នើសុំឲ្យសមត្ថកិច្ចចាប់រថយន្ដផាកពិន័យ ប៉ុន្ដែកុំរក្សាទុករហូតដល់មួយឆ្នាំ ទន្ទឹមនឹងនេះ ក៏បានស្នើសុំឲ្យរថយន្ដធំៗ អាចដឹកលើសទម្ងន់ចំនួន ៥តាម តាមប្រភេទរថយន្ត ហើយក្រុមអ្នកតវ៉ា បានរំសាយចេញពីកន្លែងប្រមូលផ្ដុំ នៅ២ទីតាំង គឺនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ និងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលការរំសាយធ្វើឡើងថ្ងៃដដែល វេលាថ្ងៃត្រង់ បន្ទាប់ពីការតវ៉ា៥ម៉ោង។ ការយល់ព្រមរំសាយនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ បានព្រមយកសំណើពួកគេ ដាក់ជូនថ្នាក់លើ។

ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈ ក្រសួង សាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើប ហេរីថេក វ៉ក ខេត្តសៀមរាប បានស្នើសុំទៅក្រុមអ្នកតវ៉ា លើការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ឱ្យមានការយល់ចំពោះការអនុវត្តច្បាប់ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ពីព្រោះក្រសួងសាធារណការ និងដឹកជញ្ជូនគ្មានសិទ្ធិរំលោភច្បាប់ដែលសភាជាតិ និងព្រឹទ្ធសភាជាតិបាន អនុម័ត និងឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើដោយព្រះមហាក្សត្រនោះបានទេ៕ 

Share.