រដ្ឋមន្រ្តីការបរទេសចិន ឯកឧត្តម វ៉ាង យី បានជម្រាបជូន សម្ដេចតេជោនាយករដ្ឋមន្រ្តីជិតផុងអាណត្តិ ថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់នាពេលនេះគឺដើម្បីបញ្ជាក់ថាចិនគាំទ្រកម្ពុជា។ បញ្ជាក់របស់ប្រមុខការទូតចិន បានធ្វើឡើងនាឱកាសឯកឧត្តម ដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារជាមួយសម្ដេចតេជោ នៅវិមានសន្តិភាព នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ។

ជាការកត់សម្គាល់ក្នុងជំនួបនោះ មានការអញ្ជើញចូលរួមពីឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាសម្រាប់នីតិកាលទី៧ខាងមុខ និងឯកឧត្តម សុខ ចិន្តាសោភា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងដែលត្រូវបានគេដឹងលឺថានឹងកាន់មុខតំណែងរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រិបត្តិការអន្តរជាតិជំនួសឯកឧត្តម ប្រាក់ សុខុនផងដែរ។

ក្នុងជំនួបនោះ ឯកឧត្តម វ៉ាង យី បានបង្ហាញជំនឿថាក្រោមការដឹកនាំរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន និងរីកចម្រើនឡើងកាន់តែធំធាត់ថែមទៀត ហើយជាពិសេស កម្ពុជា និងកាន់តែមានភាពរុងរឿងឡើងថែមទៀត។

ឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ ឯកឧត្តម ក៏បានជម្រាបនូវសេចផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង, ឯកឧត្តម នាយករដ្ឋមន្ត្រីចិន លី ជាំង និងថ្នាក់ដឹកនាំចិនមួយចំនួនទៀត ជូនសម្ដេចតេជោផងដែរ។

ឯកឧត្តម វ៉ាង យី បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម មកកាន់កម្ពុជា ជាច្រើនដង ហើយជារៀងរាល់ដងពេលមកដល់កម្ពុជា បានឃើញកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការផ្លាស់ប្ដូរយ៉ាងរស់រវើក ហើយពេលនេះ ជាសក្ខីភាព ទីក្រុងភ្នំពេញ បានក្លាយទៅជាទីក្រុងពាណិជ្ជកម្មយ៉ាងទំនើប។ ឯកឧត្តមក៏បានអបអរសាទរជ័យជំនះគណបក្សប្រជាជនកម្ពុជា និងភាពជោគជ័យនៃការបោះឆ្នោតផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វ៉ាង យី ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខអំពីប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង, នាយករដ្ឋមន្ត្រីចិន ឯកឧត្តម លី ជាំង និងថ្នាក់ដឹកនាំចិនដទៃទៀត។សម្ដេចក៏បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏ល្អ និងជាពិសេសការគាំទ្ររបស់មិត្តចិន៕

Share.