ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតជូនឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេស ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីការបរទេស អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅកម្ពុជា។

សូមបញ្ជាក់ថាក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម វ៉ាង យី បានចូលជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជិតផុតអាណត្តិ នៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំង។ ឯកឧត្តមបានអះអាងថាទស្សនកិច្ចនេះ គឺដើម្បីបង្ហាញថាចិនគាំទ្រកម្ពុជា៕

Share.