សិល្បៈ​ជាតិ​៖ កាន់​តែ​ជិត​ដល់​ថ្ងៃ​ផ្ទេរ​មកុដនិង​រក​ឃើញ​​ម្ចាស់​ជ័យលាភី​ថ្មី​​មែនទែន​ហើយ​ សម្រាប់​កម្មវិធី Miss Grand Cambodia ឆ្នាំ​២០២៣ ​ជាមួយ​គ្នា​នោះ​កញ្ញា​ សោម សារ៉ាពេជ្រ ដែល​ជា​នាយក​រង​គ្រប់​គ្រង​កម្មវិធីនេះ​ ​បាន​ចេញ​មក​បង្ហោះ​សារ​ក្រើន​រំលឹក​ក៏​ដូច​ជា​ដាស់​តឿន​ដល់​បេក្ខនារី​ទាំង​អស់​ យក​ទៅ​ត្រិះរិះ​ពិចារណា​ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន ​ធ្វើ​យ៉ាង​ណា​អាច​ឈ្នះ​ក្លាយ​ជា​ម្ចាស់​មកុដ​ថ្មី​​នៃ​កម្មវិធីប្រកួត​សម្រស់​កម្រិត​អន្តរជាតិ​មួយ​នេះ​​។

នៅ​សល់​ត្រឹម​៣​វគ្គ​ ឬ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ កម្មវិធី​ Miss Grand Cambodia 2023 នឹង​រក​ឃើញ​ម្ចាស់​មកុដ​ ដែល​នឹង​ត្រូវ​មក​ទទួល​តំណែង​ ក៏​ដូច​ជា​បេសកកម្ម​បន្ត​ពី​កញ្ញា​ ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្ចាស់​តំណែងឆ្នាំ​ចាស់​ ទៅ​ប្រកួត​ប្រជែង​ដណ្ដើម​មកុដ​កម្រិត​ពិភពលោក​នៅ​ប្រទេស​វៀត​ណាម​នា​ចុង​ខែ​​តុលា​ឆ្នាំ​២០២៣ ខាង​មុខ​នេះ។ ជាមួយ​នឹង​ភាព​ល្បី​ល្បាញ​ និង​សន្ទុះ​គាំទ្រ​ដ៏​ច្រើន​លើសលប់​ដែល​បេក្ខនារីនីមួយៗ​​បាន​ទទួល​តាម​រយៈ​ការ​ Vote ក្ដី​ តាម​រយៈ​ការ​ចែក​រំលែក​លើ​បណ្ដាញ​សង្គម Facebook Instagram ឬ​ Tiktok ក្ដី​ មិន​បាន​សបញ្ជាក់​ថា​បេក្ខនារី​រូប​នោះ​នឹង​អាច​មាន​សង្ឃឹម​ជា​ម្ចាស់​មកុដ​១០០​ភាគ​រយ​នោះ​​ឡើយ​។ បើ​យោង​តាម​អ្វី​ដែល​នាយក​រង​គ្រប់​គ្រង​កម្មវិធី​ខាង​លើ​ បាន​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពីពេល​ថ្មីៗ​នេះ​ កញ្ញា​ សោម សារ៉ា​ពេជ្រ បាន​បញ្ចេញ​សារ​យ៉ាង​ខ្លី​ថា​៖ «កុំ​ទាន់​អួត​លើ​ភាព​ល្បីល្បាញ​ អំនួត​មាន​ការ​គាំទ្រ​ពី​នរណាម្នាក់​ ហើយ​អ្នក​ជឿ​ជាក់​ថា​អ្នក​អាច​ឈ្នះ​។ បើ​អ្នក​ចង់​ឈ្នះ​ គឺ​អ្នក​ជា​មនុស្សងាយ​ស្រួល​បំផុត ត្រៀមខ្លួន​ល្អបំផុត ប្អូនៗចង់​ឈ្នះ​គួរ​យល់​ វាជា​ការ​ទាមទារដ៏​ជាក់លាក់ពិត​ប្រាកដ​មិន​ថាកម្មវិធី​អ្វី​ឡើយ​»

ក្រោយ​ពេល​ឃើញ​ Vice President រូប​នេះ ​បង្ហោះ​សារ​បែប​នេះ​ធ្វើ​ឱ្យ​មតិ​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍​​ ហើយ​ជជែក​វែកញែក​គ្នា​ថា​តើ​កញ្ញា​ចង់​សំដៅ​លើ​បេក្ខនារី​​រូប​ណា​ទេដឹង​? យ៉ាង​ណា​មិញ ​កញ្ញា សារ៉ាពេជ្រ​ បាន​បញ្ជាក់​​បន្ថែម​ថាអ្វី​ដែល​ខ្លួន​បាន​លើក​ឡើង​នោះ​មិន​បាន​សំដៅ​ដល់​បេក្ខនារី​មួយ​រូប​ណា​​នោះ​ឡើយ​ ប៉ុន្តែ​កញ្ញា​ចង់ដាស់​តឿន​​​ឱ្យ​អនាគត​ម្ចាស់​មកុដ​ ប្រព្រឹត្តិខ្លួន​បាន​ល្អ​ពេល​ទទួល​បាន​តំណែង​ជា Miss Grand Cambodia 2023។ «បងផុស​ចង់​ដាស់តឿន មិន​សំដៅ​នរណា​ទេ​ ចង់​ឱ្យ​ពេល​នរណា​ជាប់​ទៅ​ធ្វើ​ខ្លួន​បាន​ល្អ​»។

សូម​ជម្រាបជូន​ថា​ កម្មវិធី​ Miss Grand Cambodia 2023 នៅ​សល់ត្រឹម​​៣​វគ្គ​ប្រកួត​ទៀតប៉ុណ្ណោះ​​​ គឺ​ ​នៅ​ថ្ងៃ​ពុធ ទី​១៦ ខែសីហា នឹង​ប្រកួត​ឈុត​តំណាង​ជាតិ​ នៅ​ថ្ងៃ​សុក្រ ទី​១៨ ខែសីហា ប្រកួត​វគ្គ​បឋម​ និង​នៅ​ថ្ងៃ​ទី​១៩ ​ខែ​សីហា ត្រូវ​នឹង​ថ្ងៃ​សៅរ៍​ នឹង​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​។ ការ​ប្រកួត​ទាំង​៣​វគ្គ​នេះ​នឹង​ ​ប្រារព្ធ​ឡើង​នា​​សាល​មហោស្រព​កោះ​ពេជ្រ ហើយ​ផ្សាយ​ផ្ទាល់​លើ​ផេក​ Miss Grand Cambodia និង ស្ថានីយ​ទូរទស្សន៍ PNN៕

Share.