អង្គភាព​ Miss Universe បាន​សម្រេច​បញ្ចប់​អាជ្ញាប័ណ្ណ​សម្រាប់​ការ​​រៀបចំ​ប្រកួត​ Miss Universe នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ក្រោយ​ពេល​​មាន​បេក្ខនារី​ជា​ច្រើន​បាន​ចោទ​ប្រកាន់​ថា​រង​នូវ​ការ​បង្ខំ​ឱ្យ​ថត​រូប​ភាព​សិចស៊ី​នៅ​មុន​ពេល​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ស្វែង​រក​ម្ចាស់​មកុដ​ប្រចាំ​ឆ្នាំ​នៅ​ទីក្រុង​ ​ហ្សកាតា​។

បេក្ខនារី​បាន​លើក​ឡើង​ថា​បេក្ខនារី​ដែល​ជាប់​ឈ្មោះ​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ត្រូវ​បាន​បង្ខំ​ឱ្យ​ស្រាត​សម្លៀកបំពាក់​ដើម្បី​ពិនិត្យ​មើល​ស្នាមឬ​មាន​ជំងឺ​រលាក​ស្បែក​ឬអត់​ ដោយ​មាន​បេក្ខនារី​ខ្លះ​​បាន​និយាយ​ថា​ខ្លួន​ត្រូវ​គេ​ឱ្យ​ដោះ​អាវ​ដើម្បី​ថត​រូប​ថែម​ទៀត​ផង​។

អង្គភាព​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​ចេញ​មក​និយាយ​ថា​អ្នក​កាន់​ License នៅ​ប្រទេស​ឥណ្ឌូណេស៊ី​មិន​បាន​គោរព​ទៅ​តាម​ស្ដង់ដារ​ ​គោលការណ៍​សីលធម៌​​ និង​ក្ដី​រំពឹងរបស់​កម្មវិធី​នោះ​ឡើយ​។ ខណៈ​នេះ​មន្ត្រី​នគរបាល​ទីក្រុង​ហ្សាកាតា​ កំពុង​តែ​ស៊ើប​អង្កេត​ទៅ​លើ​ករណីនេះ​។ អង្គភាព​ប្រកួត​ដ៏​ធំ​នេះ​បាន​បន្ត​ទៀត​ថា​ឆ្នាំ​នេះ​អង្គភាព​ទើប​តែ​បាន​ដក​សិទ្ធិ​ចេញ​ពី​​ក្រុម​ PT Capella Swaskita Karya ​ដែល​ទទួល​បាន​សិទ្ធិ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ហើយ​ជា​ក្រុមហ៊ុន​តែ​មួយ​ដែល​ទទួល​បាន​សិទ្ធិ​គ្រប់​គ្រង​និង​រៀបចំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ អង្គភាព​ MUO បាន​ថ្លែង​អំណរចំពោះ​បេក្ខនារី​ទាំង​អស់​ដែល​ក្លាហាន​ហ៊ាន​ចេញ​មក​ទាមទារ​និង​ប្ដឹង​​ដើម្បី​ស្វែង​រក​ការពារ​ក៏​ដូច​ជា​ផ្ដល់​ជូន​ការ​គាំពារ​​និង​ទីតាំង​មាន​សុវត្ថិភាព​ជូន​ដល់​ស្ត្រី​ជា​អាទិភាព​។ អង្គភាព​នេះ​បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​ខ្លួន​មិនមាន​នយោបាយ​ដូច​ការ​លើក​ឡើង​ខាង​លើ​ថែម​ទាំង​មិន​មាន​តម្រូវ​ឱ្យ​​វាស់​ស្ទង់​ឬ​ពិនិត្យ​រាងកាយរបស់​បេក្ខនារី​ដែល​ចូលរួម​​នៅ​ទីតាំង​​ណា​នោះ​ឡើយ​។​​​​

ដោយ​ឡែក​នាយក​គ្រប់គ្រង​ដែល​កាន់​អាជ្ញាប័ណ្ណ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​លោក​ស្រី​ Poppy Capella បាន​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​ Instagram ថា​ លោក​ស្រី​មិន​បាន​ដឹង​ បញ្ជា ​សំណូម​ពរ​ ឬ​អនុញ្ញាត​ឱ្យ​បុគ្គលិក​ឬ​អ្នក​ពាក់ព័ន្ធ​ណា​ម្នាក់​ប្រព្រឹត្តិ​ហិង្សា​ឬ​ការ​បៀតបៀន​ផ្លូវ​ភេទ​តាម​រយៈ​ការ​ពិនិត្យ​រូប​រាង​កាយ​បេក្ខនារី​ចូលរួម​ប្រកួត​នោះ​ឡើយ​ ហើយ​លោក​ស្រី​ថែម​ទាំង​និយាយ​ទៀត​ថា​លោក​ស្រី​ប្រឆាំង​គ្រប់​ទំរង់​ហិង្សា​និង​ការ​បៀតបៀន​ផ្លូវ​ភេទ​។

នៅ​ក្នុង​ឆ្នាំ​២០២៣​​ នេះ​ កញ្ញា​ Fabienne Nicole Groeneveld ដែល​ជា​ម្ចាស់​មកុដ​នឹង​តំណាង​ឱ្យ​ប្រទេស​ឥណ្ឌូណេស៊ី​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​។​

សូម​ជម្រាប​ជូន​ថា​កម្មវិធី​ប្រកួត​ Miss Universe លើក​ទី​៧៣​ ​មាន​ការ​ពេញនិយម​ខ្លាំង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ជា​ពិសេស​ ឥណ្ឌូណេស៊ី​ ហ្វីលីពីន ​និង​ ថៃ​ ជា​​ប្រទេស​​កំណើត​របស់​មហាសេដ្ឋី​កែភេទ​ថៃ​​ Anne Jakrajutatip ម្ចាស់​ថ្មី​នៃ​អង្គ​ភាព​មួយ​នេះ​ ហើយ​ក៏​ជា​​អ្នក​ដែល​បាន​កែប្រែ​ល័ក្ខខណ្ឌ​ អនុញ្ញាត​ឱ្យ​ស្ត្រី​រៀបការ​ ស្ត្រី​កែ​ភេទ​ និង​អ្នក​ម្ដាយ​អាច​មាន​សិទ្ធិ​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ប្រជែង​ដណ្ដើម​មកុដ​បាន​៕​

ប្រភព៖ BBC

Share.