យ៉ាងហោចណាស់មានមានមន្រ្តីជាន់ខ្ពស់ធ្លាប់កាន់មុខតំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានចំនួន៤ ចំណុះក្រសួងមហាផ្ទៃ ត្រូវបានបញ្ចប់តំណែង និងឡើងជារដ្ឋលេខាធិការ។ យោងតាមព្រះរាជក្រឹត្យ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃមានរដ្ឋលេខាធិការ៤០រូប និងអនុរដ្ឋលេខាធិការ៦២រូប។

អគ្គនាយកទាំង៤រូបនោះ រួមមាន ឯកឧត្តម កង សាខន អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, ឯកឧត្តម គៀត ច័ន្ទថារិទ្ធ អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, ឯកឧត្តម ឆែម សាវុធ អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ និងឯកឧត្តម ប្រាក់ សំអឿន អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល។

សូមបញ្ជាក់ថាក្រៅពីមន្រ្តីជាន់ខ្ពស់ជាអតីតអគ្គនាយក ក៏មានដែរ មន្រ្តីជាន់ខ្ពស់ជាអតីតអគ្គនាយករង នៃអគ្គនាយកដ្ឋាននានា អគ្គស្នងការរងនគរបាលជាតិ ព្រមទាំងអនុប្រធានអង្គភាពប្រហាក់ប្រហែលមួយចំនួនទៀតដែលបានឡើងមុខតំណែងជារដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕

Share.