អតីតនាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ rif ជាខេមរភាសា ស្ថិតក្នុងចំណោមឥស្សរជនចំនួន២៩រូបដែលត្រូវបានព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។

ឯកឧត្តម តាន់ ហ្សង់ហ្រង់ស័រ បានប្រកាសលាឈប់ពីមុខតំណែងនាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ នាប៉ុន្មានសប្ដាហ៍បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។ ថ្មីៗនេះ ឯកឧត្តម ក៏បានបង្ហោះរូបភាពជួបជាមួយឥស្សរជនជាតិ និងអន្តរជាតិមួយចំនួន រួមទាំងជំនួបជាមួយសម្ដេចតេជោផងដែរ។

ជាការកត់សម្គាល់ មុនបង្ហោះខ្លឹមសារ ភ្ជាប់ដោយរូបភាពជួបសម្ដេចតេជោ នាយករដ្ឋមន្រ្តី ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានបង្ហោះរូបភាពមួយសន្លឹកដោយភ្ជាប់នឹងខ្លឹមសារក្នុងន័យដើមថា«ប្តូរ, ប្តូរដើម្បីចុះសម្រុងនឹងខ្លួនឯង, យឺតៗប្រសើរជាងអន្ទះអន្ទែង, ទិសដៅសំខាន់ជាងល្បឿន…»។

ការទទួលបានមុខតំណែងរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីរបស់អតីតអ្នកវិភាគជំនាញភូមិសាស្រ្តនយោបាយរូបនេះ ជារឿងដ៏គួរឱ្យចាប់អារម្មណ៍មួយហើយ ក៏ប៉ុន្តែសម្រាប់អ្នកតាមដានរបត់នៃការបន្តវេននៅកម្ពុជានោះ រឿងកាន់តែពិសេស គឺថាតើឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងប្រគល់ភារកិច្ចអ្វីឱ្យឥស្សរជនរូបនេះ?

លោក​ តាន់​ ហ្សង់-ហ្រ្វង់ស័រ​ ​កើត​នៅ​​ស្រុក​មោង​ឫស្សី​ខេត្ត​បាត់​ដំបង​ ក្នុង​ឆ្នាំ​១៩៦៦ ​មាន​ឪពុក​ជាថៅ​កែ​​ម៉ាស៊ីន​កិន​ស្រូវ​ និង​ម្ដាយ​ជា​ស្ត្រី​មេផ្ទះ។ លោកធ្លាប់ផ្ដល់ទស្សនាទានថា«មនុស្ស​ម្នាក់​ៗត្រូវ​យល់​ដឹង​ពី​​សភាព​ការ​ណ៍នៃ​ប្រទេស ​តំបន់​ ​និង​ពិភពលោក ​ឱ្យបានច្បាស់ ​លាស់ ​​​ដើម្បី​កុំ​ឲ្យ​​ចាញ់​បោក​ភាព​ច្រំ​​ ដែល​នៃ​ប្រវត្តិសាស្រ្ត»៕

Share.