នៅក្នុងអាណ្ណត្តិទី៧ នៃរាជរដ្ឋាភិបាលថ្មី លោកជំទាវ ជា ស៊ុនដាណែត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន។ តើលោកជំទាវ មានសវតា និងស្នាដៃអ្វីខ្លះក្នុងការងារអ្នកសារព័ត៌មាន និងសង្គម?

លោកស្រី ជា ស៊ុនដាណែត កើតនៅឆ្នាំ១៩៥៨ អតីតនាយិកាមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC) ហើយក៏ជាសហស្ថាបនិកម្នាក់ ក្នុងចំណោម ៥នាក់ បង្កើតមណ្ឌលព័ត៌មានស្រ្តីកម្ពុជានៅអំឡុងឆ្នាំ ១៩៩៥។ ឯវិទ្យុស្រ្តី FM១០២ លោកស្រី ជា ស៊ុនដាណែត គឺជាស្ថាបនិកតែម្នាក់ឯង នឹងបានកាន់តំណែងជានាយិកាវិទ្យុស្រ្តី FM102។

ចន្លោះឆ្នាំ១៩៧៩ និង ១៩៨១ អ្នកស្រី ជា ស៊ុនដាណែត គឺជាមន្ត្រីរៀបចំពិធីការ សម្រាប់កាសែតកម្ពុជា និងត្រូវបានតែងតាំងជាអ្នកនិពន្ធ ជាប្រធានការិយាល័យនិពន្ធ អង្គការមហាជនបក្ស និងរដ្ឋ។ លោកស្រីធ្លាប់ឆ្លងកាត់ការបណ្តុះបណ្តាល ពីអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយអន្តជាតិ កាលពីពេលធ្វើជាមន្ត្រីរដ្ឋាភិបាល។ 

នៅចន្លោះឆ្នាំ ១៩៨១-១៩៩៣ លោកស្រី ជា ស៊ុនដាណែត បានទទួលការបណ្ដុះបណ្ដាលពីកាសែតងិនហ្សិនមកពីវៀតណាម ដែលគ្រូមកឧទ្ទេសនាមជាអ្នកកាសែតជើងចាស់ ក្រោយមកបានរៀនជាមួយគ្រូអូស្ដ្រាលីជាច្រើនលើក គ្រូមកពីអាល្លឺម៉ង់ និង Nederland ជាដើម។

នៅអំឡុងអ៊ុនតាក់ចូលមកដល់ លោកស្រីបានចាប់យកអាជីពជាមន្ត្រីកម្មវិធីឲ្យវិទ្យុអ៊ុនតាក់ ដែលត្រូវបានចាត់ទុកជាស្ថានីយវិទ្យុអព្យាក្រឹត្យដំបូងនៅកម្ពុជា ក្រោយការដួលរលំនៃរបបខ្មែរក្រហម។

នៅអំឡុងពេលនោះ លោកស្រីបានធ្វើការផ្លាស់ប្ដូរបទពិសោធន៍លើជំនាញវិទ្យុជាមួយគ្រប់ជាតិសាសផង និងទទួលការបណ្ដុះបណ្ដាលបន្ថែមទៀតលើជំនាញសារព័ត៌មាន ដែលគ្រូមកពី ដាណឺម៉ាក និងហូឡង់។ ដោយទទួលបានជំនាញលើវិស័យសារព័ត៌មាន និងការយល់ដឹងកាន់តែច្បាស់ពីប្រព័ន្ធផ្សព្វផ្សាយ លោកស្រីបានបង្កើតស្ថានីយវិទ្យុស្រ្តី ដោយទទួលបានការជ្រោមជ្រែងពីលោក រ៉យ ហែដ។ គាត់បានចាប់ផ្តើមធ្វើការលើគំនិតនេះ ក្នុងឆ្នាំ១៩៩៥ ដោយធ្វើការជាមួយទីប្រឹក្សាជនជាតិអាមេរិក២នាក់។ 

នៅអំឡុងគ្រប់គ្រងវិទ្យុស្រ្តី មណ្ឌលព័ត៌មានស្ដ្រីកម្ពុជា លោកស្រី បានទទួលការផ្លាស់ប្ដូរបទពិសោធន៍ នៅវិទ្យុអូស្ដា្រលីចំនួន២ដង និងបានទៅរៀនវគ្គគ្រប់គ្រងវិទ្យុនៅ សហរដ្ឋអាមេរិក…។

ក្រុមការងារត្រូវបានពង្រីក ដើម្បីឲ្យកាន់តែមានជំនាញបន្ថែមលើផ្នែកទូរទស្សន៍ ការបង្កើតបណ្តាញ ការធ្វើយុទ្ធនាការ ព្រមទាំង ការផលិតមាតិកាដោយប្រើសំឡេង និងរូបភាព។ ដោយរួមគ្នាជាមួយស្ត្រីខ្មែរ ៤នាក់ផ្សេងទៀត អ្នកស្រី ស៊ុនដាណែត បានបង្កើតវិទ្យុ WMC នៅក្នុងឆ្នាំដដែល។ គាត់បានធ្វើការ ក្នុងនាមជានាយិកាកម្មវិធីវិទ្យុ។ វិទ្យុនេះបានទទួលអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន ក្នុងឆ្នាំ១៩៩៩។ 

យ៉ាងណាមិញ នៅអំឡុងឆ្នាំ២០១៨ លោកស្រីបានលាលែងតំណែងជានាយិកាប្រតិបត្តិមណ្ឌលព័ត៌មានស្រ្តីកម្ពុជា WMC ហើយបានបង្កើតវិទ្យុឯកជនខ្លួនឯង និងបានចូលបម្រើការងាររដ្ឋនៅក្រសួងព័ត៌មានពេញ១អណ្ណត្តិទី៦។ អាណ្ណត្តិថ្មី លោកជំទាវ ជា ស៊ុនដាណែត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន នៅអាណ្ណត្តិទី៧ ឆ្នាំ២០២៣នេះ។

***ស្នាដៃលេចធ្លោរបស់លោកស្រី ជា ស៊ុនដាណែត

-១៩៩២៖ អ្នកឈ្នះនៅអូរតាប៉ោង (អត្ថបទបែបពិពណ៌នា ដែលនិយាយអំពីសេនាជនដ៏អង់អាចម្នាក់នៅខេត្តពោធិ៍សាត់។
-១៩៩៣៖ ជីវិតស្ត្រីមេម៉ាយ ក្រោយសា្វមីជាប់ពន្ធនាគារ។
-១៩៩៥-២០១២៖ ផលិតរឿងអប់រំ និងស្តី្រ ដូចជា៖ រឿងភាគ តើស្ត្រីបានចូលរួមធ្វើកិច្ចអ្វីខ្លះ? , រឿងជញ្ជីងគ្មានស្រមោល, បង្គងវល្លិមាស និងម្ចាស់កាំបិតត្នោត ជាដើម…។
-ផលិតព័ត៌មានឯកសារក្រោមជំនួយ USAIS៖ ឥទ្ធិពលគ្រាប់មីនមកលើស្ត្រីកម្ពុជា។

***ចែករំលែកបទពិសោធន៍ការងារ និងបណ្តុះបណ្តាល
-១៩៩៥-២០១២៖ បណ្តុះបណ្តាលដល់យុវជន ជាពិសេសស្ត្រីក្នុងការចុះយកព័ត៌មាន, សរសេរអត្ថបទ, ផលិតករ និងជំនាញកាត់តវីដេអូ…ជាដើម។ WMC ជាថ្នាលបណ្តុះគ្រាប់ពូជមួយកន្លែងក្នុងវិស័យសារព័ត៌មានដល់ស្ត្រី

Share.