នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រារព្ធពិធីផ្ទេរតំណែងរដ្ឋមន្រ្តី។ ឯកឧត្តម សុខ ចិន្តាសោភា អតីតប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឡើងមកកាន់មុខតំណែងជារដ្ឋមន្រ្តីជំនួសឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន។ ក្នុងសុន្ទរកថាថ្លែងនាឱកាសផ្ទេរមុខតំណែងនោះ អតីតប្រមុខការទូតចុងក្រោយរបស់កម្ពុជារូបនេះ បានបង្ហាញការរំជួលចិត្ត។ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងទៅកាន់អតីតមន្រ្តីរបស់ខ្លួន នៅចំពោះមុខរដ្ឋមន្រ្តីការបរទេសថ្មីក្នុងន័យដើមថា«ពិធីផ្ទេរតំណែងនាថ្ងៃនេះ ត្រូវបានរំពឹង និងប្រុងប្រៀបទុកជាមុនច្រើនខែមកហើយ ដោយសារតែការផ្លាស់ប្ដូរអំណាចថ្នាក់កំពូលត្រូវបានគិតគូរៀបចំផ្គូផ្គងយ៉ាងម៉ត់ចត់យូក្រែលដែរ»។ ឯកឧត្តមក៏បានបន្តតំណាលពីរឿងរ៉ាវមិត្តភក្ដិម្នាក់ ដើម្បីយកមកធៀបនឹងស្ថានភាពរបស់ឯកឧត្តមក្នុងពេលនេះ។

ឯកឧត្តមបានមានប្រសសាន៍ក្នុងន័យដើមដែលបានស្រង់ចេញពីសុន្ទកថាផ្លូវការថា«ប្រមាណជា១៥ឆ្នាំមុន មិត្តដ៏ជិតស្និទ្ធបំផុតរបស់ខ្ញុំម្នាក់បានពោលប្រាប់ខ្ញុំពេលដែលឪពុកជាទីស្រលាញ់របស់គាត់បានចាកផុតទៅ ក្រោយមានជំងឺជាយូរមកហើយថា ខ្ញុំបានត្រៀមចិត្តយូរហើយ ប៉ុន្តែលុះដល់ពេលវេលាមកដល់ ខ្ញុំពិបាកធ្វើអារម្មណ៍ឱ្យស្ងប់ណាស់! ថ្ងៃនេះយើងមិនបាត់បង់នរណាម្នាក់ទេ ប៉ុន្តែខ្ញុំក៏ត្រូវទទួលស្គាល់ដែរថា ដូចក្នុងករណីរបស់មិត្តខ្ញុំដែរ នេះជាពេលវេលាដ៏រំជួលចិត្តមួយសម្រាប់ខ្ញុំផ្ទាល់ ក្នុងរយៈពេលជាង៤៤ឆ្នាំដែលខ្ញុំធ្វើការជូនរដ្ឋ និងក្រោយ៧ឆ្នាំជារដ្ឋមន្រ្តីការបរទេស»។ ប្រយោគនេះ បានធ្វើឱ្យអង្គពិធីស្ដាប់សុន្ទរកថាឯកឧត្តម ប្រាក់ សុខុន កាន់តែស្លុងចិត្ត ដ្បិតជាប្រយោគសុន្ទរកថាប្រកបដោយអត្ថន័យមិនលាក់លៀមតាមច្បាប់ធម្មជាតិនៃអារម្មណ៍របស់មនុស្សម្នាក់ៗ។

គួររម្លឹកបន្តិចថា ឯកឧត្តម ប្រាក់ សុខុន បានឡើងមកកាន់មុខតំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសឯកឧត្តម ហោ ណាំហុង កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦។ កាលណោះ ឯកឧត្តម បានសន្យាជូនសម្ដេចតេជោ អតីតនាយករដ្ឋមន្រ្តីថា«ខ្ញុំនឹងខិតខំធានានិរន្តរភាពក្នុងការអនុវត្តនយោបាយការបរទេស និងការពារផលប្រយោជន៍គោលរបស់ជាតិ និងប្រជាជនយើង និងជំរុញកំណែទម្រង់នានាទៅតាមការចាំបាច់ និងស្របតាមការប្រែប្រួលយុទ្ធសាស្រ្ត និងភូមិសាស្រ្តនយោបាយក្នុងតំបន់ និងពិភពលោក»។

មុនចាកចេញពីតំណែងនៅថ្ងៃនេះដដែល ឯកឧត្តម ក៏បានផ្ដល់អនុសាសន៍មួយចំនួនទៅកាន់អតីតសហការីនៅក្រសួងការបរទេស និងថ្លែងប្រកបដោយមនោសញ្ចេតនាមិត្តភាពបំផុតទៅកាន់ឯកឧត្តមរដ្ឋមន្រ្តីថ្មីផងដែរ។ បើតាមអតីតប្រមុខការទូតកម្ពុជា ការធ្វើដំណើររួមគ្នានៅក្រសួងការបរទេសសម្រាប់ឯកឧត្តមបានដល់ទីបញ្ចប់ ក៏ប៉ុន្តែសម្រាប់មន្រ្តីទាំងអស់ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីការទូត ដំណើរបេសកកម្មនេះនៅបន្តទៅមុខលើផ្លូវដ៏លំបាកតែថ្លៃថ្នូរបំផុត។ ឯកឧត្តមក៏បានលើកឡើងអំពីរដ្ឋមន្រ្តីថ្មីក្នុងន័យដើមទៀតថា« បេសកកម្មរបស់អ្នកទាំងអស់នឹងត្រូវដឹកនាំដោយមេថ្មី, my successor and my friend! ខ្ញុំសូមអបអរជាថ្មីម្ដងទៀតដល់ឯកឧត្តម សុខ ចិន្តាសោភា ដែលត្រូវបានទទួលទំនុកចិត្តដ៏ខ្ពង់ខ្ពស់មកកាន់តំណែងនេះ និងសូមជូនពរឯកឧត្តម សូមទទួលបានជោគជ័យមហាប្រសើរបំផុតក្នុងបេសកកម្មដ៏ថ្លៃថ្នូរនេះ…»៕

Share.