ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេករំលែករឿងរ៉ាវសំខាន់ៗចំនួន៥ចំណុច ពាក់ព័ន្ធនឹងរាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំដោយឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងបរិបទនៃការបន្តវេននៅកម្ពុជា និងការប្រឈមជាសាកល។ ខាងក្រោមនេះគឺជាខ្លឹមសារដើមទាំងស្រុងរបស់ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បង្ហោះនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។

(ដោយ ហ្សង់ ហ្វ្រង់ស័រ តាន់, រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)

ជួយប្រជាជនដែលមានជីវភាពលំបាកជាងគេ គឺជាអាទិភាពរបស់ឯកឧត្តមបណ្ឌិត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

១.មានតិចណាស់ ប្រជាជនដែលចាប់អារម្មណ៍ទៅលើពាក្យ«យុទ្ធសាស្ត្រត្រីកោណ» «យុទ្ធសាស្ត្រចត្តុកោណ» និង ចាប់ពីពេលនេះតទៅ«យុទ្ធសាស្ត្របញ្ចកោណ»ដែលជាផែនទីចង្អុលផ្លូវរបស់រាជរដ្ឋាភិបាលថ្មីដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មី ឯកឧត្តម កត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។

២.ជាសង្ខេប គេអាចនិយាយបានថា សមិទ្ធផលធំៗបច្ចុប្បន្ន(កម្ពុជាអធិបតេយ្យនិងឯករាជ្យ, កម្ពុជាក្នុងសមាហរណកម្មតំបន់និងសកល, សុខសន្តិភាព, ការចាកផុតពីភាពក្រីក្រសម្រាប់ខ្មែររាប់លាននាក់បើប្រៀបធៀបទៅនឹងស្ថានភាពកាលពី២៥ឆ្នាំមុន…) សុទ្ធតែបានមកពីការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចត្តុកោណ ព្រម ទាំងការអនុវត្តនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន។ ក្នុងន័យនេះ, យុទ្ធសាស្ត្របញ្ចកោណ គឺជា«គម្ពី»ទី៣ ដែលតាមគោលការណ៍និងតាមទ្រឹស្តី ត្រូវនាំកម្ពុជាទៅកាន់ដំណាក់កាលថ្មី នៅក្នុងអភិក្រមនៃការកសាងជាតិ។

៣.រហូតដល់ឆ្នាំ២០៥០ យុទ្ធសាស្ត្របញ្ចកោណនេះ នឹងត្រូវឆ្លងកាត់ ៥ដំណាក់កាល។ គោលដៅចុងក្រោយសម្រាប់រយៈកាលវែង គឺ «លើកស្ទួយមោទនភាពជាតិឲ្យឈានកាន់តែខ្ពស់ឡើង (…)តាមរយៈការកសាងជាតិមួយឲ្យរឹងមាំ, រស់រវើក, រុងរឿង(…) ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០។»

៤.រីឯដំណាក់កាលទី១វិញ គឺជាអ្វីដែលរាជរដ្ឋាភិបាល«ជំនាន់ថ្មី ឈាមថ្មី និងថាមពលថ្មី» ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវអនុវត្ត ពីពេលនេះតទៅ និងសម្រាប់រយៈកាលខ្លី ពី៥ទៅ៧ឆ្នាំខាងមុខ។ នៅក្នុងចំណោម វិធានការគន្លឹះនៃយុទ្ធ សាស្ត្របញ្ចកោណដំណាក់កាលទី១នេះ, ការយកចិត្តទុកដាក់ទៅលើប្រជាជន«អ្នកលំបាក»ជាងគេ គឺជាអាទិភាពចំបង។ ជាក់ស្តែង ដូចដែលឯកឧត្តមបណ្ឌិត នាយករដ្ឋមន្ត្រី បានលើកឡើងនៅថ្ងៃទី២៤សីហាសប្តាហ៍មុន និងកាលពីម្សិលមិញថ្ងៃទី២៨សីហា រួចហើយថា រាជរដ្ឋាភិបាលនឹងប្រឹងប្រែងតាមរយ:គ្រប់មធ្យោបាយ និងគ្រប់លទ្ធភាព ដើម្បីពង្រឹងកំណើនសេដ្ឋកិច្ច, ពង្រឹងសន្ទុះនៃ
ការបង្កើតការងារឲ្យបានច្រើន, ពង្រឹងសមធម៌សង្គម, ពង្រឹង គុណភាពនៃវិស័យអប់រំនិងសុខភិបាល ពិសេសនៅតាមទីជនបទដាច់ស្រយាល…។ ទាំងនេះ ស្តែងឲ្យឃើញនូវនយោបាយដែលមានលក្ខណៈសង្គមខ្លាំង នៃរាជរដ្ឋាភិបាលរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ ទាំងនេះក៏ស្តែងឲ្យឃើញប្រកែកមិនបានដែរ នូវសន្តានចិត្តពិតជាល្អរបស់ប្រមុខរាជរដ្ឋាភិបាលថ្មីរូបនេះ ចំពោះ អ្នកដែលនៅក្នុងសង្គមយើង មានជីវភាពលំបាកជាងគេ រួមមានដូចជាកម្មករ-កម្មការនី និងបណ្តាអាជីវករនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

៥.ក្នុងគ្រាបច្ចុប្បន្ន នៅក្នុងស្ថានការណ៍មួយដុនដាបខ្លាំងនៃសេដ្ឋកិច្ចពិភពលោក តំបន់ និងជាតិ, រាជរដ្ឋាភិបាលដឹកនាំដោយ ឯកឧត្តម កត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅតែបន្តដាក់ចេញនូវ«គោលដៅកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង១០%» បង្រួមវិសមភាព សេដ្ឋកិច្ចនិងសង្គម, រក្សាកំណើនសេដ្ឋកិច្ច និងទន្ទឹមនេះ ពង្រឹង ប្រព័ន្ធសន្តិសុខសង្គម ដោយគិតគូរជាពិសេស ដល់អ្នកដែលមានជីវភាពលំបាកលំបិនជាងគេ។ ដើម្បីសម្រេចគោលដៅនេះ និងបន្តនាំមកនូវសមិទ្ធផលធំៗសម្រាប់ជាតិមាតុភូមិយើង, សុទិដ្ឋិនិយម ទំនុកចិត្ត និង ក្តីសង្ឃឹម របស់ពលរដ្ឋម្នាក់ៗ បូករួមនឹងឆន្ទៈមោះមុតនៃរាជរដ្ឋាភិបាលរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាការចាំបាច់បំផុត។

អតីតនាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ rif ជាខេមរភាសា ស្ថិតក្នុងចំណោមឥស្សរជនចំនួន២៩រូបដែលត្រូវបានព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។

ឯកឧត្តម តាន់ ហ្សង់ហ្រង់ស័រ បានប្រកាសលាឈប់ពីមុខតំណែងនាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ នាប៉ុន្មានសប្ដាហ៍បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។ ថ្មីៗនេះ ឯកឧត្តម ក៏បានបង្ហោះរូបភាពជួបជាមួយឥស្សរជនជាតិ និងអន្តរជាតិមួយចំនួន រួមទាំងជំនួបជាមួយសម្ដេចតេជោផងដែរ។

សូមបញ្ជាក់ថា អតីតនាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ rif ជាខេមរភាសា ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ ស្ថិតក្នុងចំណោមឥស្សរជនចំនួន២៩រូបដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។ ឯកឧត្តមត្រូវបាននាយករដ្ឋមន្រ្តីប្រគល់ភារកិច្ច ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕

Share.