អង្គការស្រាវជ្រាវទីអវកាសឥណ្ឌា (ISRO) បាននិយាយកាលពីថ្ងៃអង្គារថា បេសកកម្ម Chandrayaan-3 របស់ឥណ្ឌា បានរកឃើញសញ្ញានៃវត្តមានអុកស៊ីហ្សែន និងសារធាតុរ៉ែជាច្រើននៅលើផ្ទៃព្រះច័ន្ទ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។

វត្តមានសារធាតុរ៉ែ រួមមានដូចជា ជាតិដែក ទីតាញ៉ូម ម៉ង់ហ្គាណែស ស៊ីលីកុន ក្រូមីញ៉ូម កាល់ស្យូម អាលុយមីញ៉ូម និងស្ពាន់ធ័រ នៅលើផ្ទៃព្រះច័ន្ទ ត្រូវបានរកឃើញដោយឧបករណ៍ Laser-Induced Breakdown Spectroscope (LIBS) នៃយានអវកាស Pragyan rover ដែលជាស្នាដៃនៃបេសកកម្ម Chandrayaan-3 របស់ឥណ្ឌា ប៉ុន្ដែការស្រាវជ្រាវកំពុងតែបន្ដទៀត ដើម្បីស្វែងរក អ៉ីដ្រូសែន។

ភ្នាក់ងារ ISRO បានបញ្ជាក់ថា បេសកកម្ម Chandrayaan-3 កំពុងតែវិភាគលើសមាសភាពវត្ថុនានា ដែលកកើតនៅក្នុងឋានព្រះច័ន្ទតាមរយៈការប្រើប្រាស់ឧបករណ៍កាំរស្មើ Laser-Induced Breakdown Spectroscope (LIBS) ដែលមានថាមពលខ្ពស់ ដែលអាចកំណត់សមាសភាពនៃធាតុផ្សំនានា ដូចជា ថ្ម និងដី ជាដើម។

សូមជម្រាបថា យានអវកាសរុករកឋានព្រះច័ន្ទ ខ្នាតតូចមួយរបស់ឥណ្ឌានេះ បានធ្វើដំណើរ និងចុះចតនៅលើប៉ូលខាងត្បូងរបស់ព្រះច័ន្ទ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដែលបានធ្វើឲ្យប្រទេសឥណ្ឌា ក្លាយជាប្រទេសទី៤ បន្ទាប់ពីអាមេរិក រុស្ស៊ី និងចិន ដែលអាចចុះចតលើឋានព្រះច័ន្ទបានដោយជោគជ័យ៕

ប្រភព៖ Xinhua

Share.