បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពីប្រើហិង្សាទៅលើបុរសម្នាក់នៅក្នុងជម្លោះមួយដែលបានកើតឡើងនៅក្នុងវង់ផឹកស្រាថ្នាំ។ហេតុការណ៍នេះ កើតឡើង នៅថ្ងៃទី៣០ខែសីហាឆ្នាំ២០២៣នៅភូមិស្តុកឈូក ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆន ធី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញអេតចាយ មានទីលំនៅភូមិស្តុកឈូក ឃុំទំនប់ធំ ស្រុក ពញាឮ ខេត្តកណ្តាល។

ចំណែកឯកជនសង្ស័យមានឈ្មោះ ហួន វន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិស្តុកឈូក ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

យោងតាមកំណត់ហេតុពីសមត្ថកិច្ចបានឲ្យដឹងថា    នៅមុនកើតហេតុថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ ហួន វន និងជនរងគ្រោះឈ្មោះ ឆន ធី បានផឹកស៊ីជាមួយគ្នា ហើយពេលនោះជនសង្ស័យ និងជនរងគ្រោះ បាននិយាយបបួលគ្នាប្រណាំងម៉ូតូ ប៉ុន្តែអ្នកទាំង ០២នាក់ ពុំបានជិះម៉ូតូប្រណាំងជាមួយគ្នាទេ។

លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះ បានយកស្រាថ្នាំទៅផឹកនៅផ្ទះឈ្មោះ វន វ៉ាន់ ភេទប្រុស ជាមួយឈ្មោះ គីម វិន ភេទប្រុស និងជនសង្ស័យឈ្មោះ ហួន វន ខណៈពេលកំពុងផឹកស៊ីនោះ ជនសង្ស័យឈ្មោះ ហួន វន បាននិយាយទៅកាន់ជនរងគ្រោះឈ្មោះ ឆន ធី ថា៖ ម៉េចហើយរឿងបបួលគ្នាប្រណាំងម៉ូតូកាលពីម្សិលមិញ? នៅពេលនោះជនរងគ្រោះ ឆ្លើយថា៖ អញគ្មានបាននិយាយទេ រួចមកជនសង្ស័យបាននិយាយទៅកាន់ជនរងគ្រោះទៀតថា៖ បើមិនបាននិយាយស្បថមួយទៅ? បន្ទាប់មកជនសង្ស័យ និងជនរងគ្រោះ បានយកធូបមកអុជនិយាយស្បថជាមួយគ្នា ។ភ្លាមនោះដែរជនសង្ស័យបានជេរប្រមាថ ជនរងគ្រោះ និង ស្ទុះមកវាយជនរងគ្រោះ មួយដៃ ត្រូវភ្នែកខាងស្តាំ បណ្តាលឲ្យហើមជាំបន្ទាប់មកអ្នកផឹកស៊ីជាមួយបានចាប់ឃាត់បំបែកចេញពីគ្នាទៅ។ ចំណែកជនសង្ស័យ បានដើរទៅផ្ទះរបស់ខ្លួនវិញ បានបន្តិចក្រោយមក ស្រាប់តែជនសង្ស័យឈ្មោះ ហួន វន បានរត់ពីផ្ទះមកវាយប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះម្តងទៀត ហើយត្រូវអ្នកផឹកស៊ីជាមួយ បាននាំគ្នាចាប់ឃាត់បំបែកចេញពីគ្នា ក្នុងពេលនោះស្រាប់តែ ជនសង្ស័យបានរត់ទៅយកផ្លែកាំបិតផ្គាក់ពីក្រោមគ្រែក្នុងផ្ទះរបស់ឈ្មោះ ហូន វ៉ាន់ មកកាប់ជនរងគ្រោះ ត្រូវចំក្បាលផ្នែកខាងឆ្វេង ០១កាំបិត បណ្តាលឲ្យរងរបួសហូរឈាម ។ ភ្លាមនោះជនរងគ្រោះ ត្រូវបានសាច់ញាតិ  បញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក ពញាឮ និង បានរាយការណ៍ប្ដឹងទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ធំ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុស្រាវជ្រាវនាំខ្លួន ជនសង្ស័យនិងចាប់យកវត្ថុតាងខាងលើ បញ្ជូនមកអធិការរដ្ឋាននគរបាលស្រុក ពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.