សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានប្រទេសជាសមាជិកទាំង១០ និងប្រទេស ទីម័រខាងកើត ដែលគេដឹងថា នឹងក្លាយជាសមាជិកទី១១ កំពុងជួបប្រជុំគ្នានៅទីក្រុងហ្សាកាតា ក្នុងសប្តាហ៍នេះក្នុងកិច្ចប្រជុំកំពូលមួយដែលពោរពេញដោយការលំបាក និងភាពតានតឹង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣។

មេដឹកនាំទាំងអស់នឹងជួបប្រជុំគ្នា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា នៅរដ្ឋធានីហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី ដោយមានអនុប្រធានាធិបតីសហរដ្ឋអាមេរិក Kamala Harris នាយករដ្ឋមន្ត្រីចិន Li Qiang និងអ្នកនយោបាយលេចធ្លោផ្សេងទៀតចូលរួម។

ប៉ុន្ដែថា តើអាស៊ានអាចដោះស្រាយបញ្ហាមីយ៉ាន់ម៉ា និងស្ដារស្ថានការណ៍ឲ្យប្រសើរឡើងវិញឬទេ? ទាក់ទិននឹងបញ្ហានេះ អាស៊ាន ត្រូវតែដឹកនាំការស្វែងរកដំណោះស្រាយប្រកបដោយសន្ដិវិធី ស​ម្រាប់សហភាពមីយ៉ាន់ម៉ា។

ថ្លែងទៅកាន់រដ្ឋមន្រ្តីការបរទេសអាស៊ាន លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បាននិយាយថា «អាស៊ាន បានដឹងអំពីផលលំបាកជាច្រើននៅក្នុងតំបន់ រួមទាំងប្រទេសមីយ៉ាន់ម៉ាផងដែរ។ ទោះជាយ៉ាងណា យើងមិនត្រូវបណ្តោយឲ្យបញ្ហាទាំងអស់នេះ ប៉ះពាល់ដល់កិច្ចប្រឹងប្រែងបំពេញការងាររបស់យើងនោះទេនៅក្នុងកិច្ចប្រជុំកំពូល»។

លោកស្រី បាននិយាយនៅក្នុងការបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន(AMM) នៅថ្ងៃចន្ទ នេះ ក្នុងទីក្រុងហ្សាកាតា ថា ការសំឡឹងមើលរបស់ពលរដ្ឋរបស់យើងមកលើយើងដើម្បីបញ្ជាក់ថាអាស៊ាននៅតែសំខាន់ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងភាពរុងរឿងនៅក្នុងតំបន់។

ប្លុកនេះក៏ប្រឈមមុខនឹងបញ្ហាប្រឈមជាបន្ដបន្ទាប់ ជុំវិញសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះ ក៏ជាចំណុចដែលអាស៊ានត្រូវលើកយកមកពិភាក្សាដែរ។

ហ្វីលីពីន កាលពីខែមុន បានចោទប្រកាន់ចិនថា បានប្រើនាវាបាញ់ទឹក ដើម្បីវាយប្រហារនាវាសល់ពីសម័យសង្រ្គាមរបស់ហ្វីលីពីន នៅឯសមុទ្រ Second Thomas Shoal ហើយការបង្ហាញផែនទីថ្មីរបស់ចិន ក៏បានបង្ហាញពីការទាមទារដ៏ច្រើនលើសលប់របស់ខ្លួន និងបានបង្កឲ្យមានការខកចិត្តផងដែរ។

យ៉ាងណាម៉ិញ លោក Charles Santiago សមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី៣ ខែកញ្ញា ថា «បញ្ហាមួយក្នុងចំណោមបញ្ហាទាំងអស់ដែលចាំបាច់ត្រូវដោះស្រាយដោយអាស៊ាន គឺបញ្ហាចាក់ស្រេះរបស់សហភាពមីយ៉ាន់ម៉ា។ ភាពជាអ្នកដឹកនាំរបស់យើងកំពុងធ្វើការយ៉ាងខ្លាំងដើម្បីធ្វើឲ្យប្រសើរដំណោះស្រាយរួមគ្នា ជាមួយអាស៊ាន»។

នៅក្នុងតំបន់ដែលអាមេរិក និងចិន កំពុងប្រទាញប្រទង់គ្នាដណ្តើមឥទ្ធិពលគ្នា អាស៊ានកំពុងតស៊ូដើម្បីដោះស្រាយបញ្ហាដែលបែកបាក់គ្នា ដែលកំពុងធ្វើឱ្យខូចដល់ការទាមទាររបស់ខ្លួនក្នុងការបង្រួបបង្រួមតំបន់ និងដើរតួជាឧបសគ្គប្រឆាំងនឹងការប្រជែងអំណាចដ៏ធំ។

អាស៊ានអាចធ្វើការឆ្ពោះទៅមុខក្នុងល្បឿនពេញលេញប្រសិនបើយើងអាចធានាបាននូវដំណោះស្រាយប្រកបដោយសន្តិវិធី និងនិរន្តរភាពក្នុងសហភាពមីយ៉ាន់ម៉ា។ ខណៈកិច្ចប្រជុំជាច្រើនរបស់អាស៊ានកាលពីពេលមុន ធ្វើជាប្រធានដោយប្រទេសឥណ្ឌូនេស៊ី សហភាពមីយ៉ាន់ម៉ានៅតែគ្មានអ្នកតំណាងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស។ កៅអីសម្រាប់អ្នកតំណាងមីយ៉ាន់ម៉ា នៅក្នុងបន្ទប់កិច្ចប្រជុំនេះគឺពុំមាននោះទេ។

ប្រភព៖ Aljazeera

Share.